ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥នេះ មន្រ្តីរដ្ឋបាលខេត្តព្រះវិហារបានដឹកនាំក្រុមការងារចុះជួបប្រជាពលរដ្ឋដែលបាន ប៉ះទង្គិចគ្នាដោយហិង្សាជាមួយបក្ខពួករបស់ឧញ៉ាម្នាក់កាលពីពេលកន្លងទៅថ្មីៗនេះ។ជាលទ្ធផលនៃកិច្ចសម្របសម្រួលព្រឹកមិញ ពលរដ្ឋបានសុ្រះស្រួលយល់ព្រមឱ្យភាគីរបស់ឧញ៉ាជួសជុលការខូចខាតម៉ូតូ និងតម្រូវឱ្យធ្វើការចុះវាស់វែងកំណត់ទីតាំងព្រំដីឱ្យច្បាស់លាស់ ជៀសវាងមានការឈូសឆាយបំពានចូលដីរបស់ប្រជាពលរដ្ឋបន្តទៀត។ ភ្លាប់ជាមួយករណីនេះអ្នកនាំពាក្យសាលាខេត្តព្រះវិហារអំពាវនាវដល់ពលរដ្ឋមកបង្ហាញឯកសារដើម្បីឈានទៅកំណត់កម្មសិទ្ធិច្បាស់លាស់ ជៀសវាងកើតជម្លោះជាមួយខាងក្រុមឧញ៉ា។
លោក កែវ សុខា ជូនសេចក្តីរាយការណ៍
សំណើរបស់ប្រជាពលរដ្ឋតម្រូវឱ្យភាគីក្រុមរបស់ឧញ៉ាសងសំណងនៃការខូចខាតម៉ូតូមួយគ្រឿង ត្រូវបានក្រុមការងារមន្រ្តីខេត្តព្រះ វិហារយល់ព្រម ក៏ប៉ុន្តែអ្នករងរបួសក្នុងការប៉ះទង្គិចគ្នាពុំត្រូវបានលើកមកនិយាយនោះទេកាលពីព្រឹកមិញ ក្នុងកិច្ចសម្របសម្រួលរបស់មន្រ្តីក្នុងជំនួបជាមួយពលរដ្ឋ។
ចំណែកបញ្ហារសើបដែលតែងកើតមានជម្លោះជារឿយៗរវាងពលរដ្ឋ និងក្រុមបក្ខពួករបស់ឧញ៉ាគឺដែនព្រំដីកម្មសិទ្ធិ ក៏ត្រូវបានចុះពិនិត្យកំណត់ឱ្យបានច្បាស់លាស់ផងដែរនៅល្ងាចថ្ងៃដដែរនេះ។នេះបើតាមការបញ្ជាក់របស់ពលរដ្ឋដែលបានចូលរួមក្នុងកិច្ចប្រជុំកាលពីព្រឹកមិញ។
សូមរំលឹកជូនបន្តិចថា កាលពីថ្ងៃទី២៨ ខែមករាឆ្នាំ២០២៥ មានការប៉ះទង្គិចគ្នាមួយបានកើតឡើងរវាងក្រុមប្រជាពលរដ្ឋភូមិដងផ្លិត និងភូមិណារ៉ុង ស្ថិតក្នុងឃុំឆែប២ ស្រុកឆែប ខេត្តព្រះវិហារ ជាមួយក្រុមបក្ខពួករបស់ឧញ៉ាម្នាកដោយផ្ទុះហិង្សាដាក់គ្នាទៅវិញទៅមក។ ក្នុងហេតុការណ៍ពលរដ្ឋរាយការណ៍ថា ខាងក្រុមរបស់ឧញ៉ាបានបើកត្រាក់ទ័រសម្រុកមកបុកសម្លាប់ពលរដ្ឋទាំងកំរោល តែពុំបានបង្កគ្រឿងថ្នាក់ដល់អាយុជីវិតនោះទេ។ ប៉ុន្តែមានពលរដ្ឋត្រូវរងរបួលមុតផ្លែដាវចំភ្លៅខាងស្តាំដែលក្រុមបក្ខពួករបស់ឧញ៉ាដេញកាប់ពលរដ្ឋ។ ក្នុងវីដេអូនៃហេតុការណ៍នោះ គេឃើញប្រជាពលរដ្ឋក៏ទាញដំបងនិងរើសដុំដីគប់លើក្រុមរបស់ឧញ៉ាដែលបើកត្រាក់ទ័រនោះដែរ។
សកម្មភាពប៉ះទង្គិចគ្នារវាងពលរដ្ឋនិងក្រុមបក្ខពួកឧញ៉ា។រូបភាពពីពលរដ្ឋ។
មូលហេតុដែលនាំឱ្យកើតមានហេតុការណ៍ទង្គិចគ្នានេះ ផ្អែកតាមពលរដ្ឋ ដោយសារតែកាលពីថ្ងៃទី២៨ ខែមករា ប្រជាពលរដ្ឋបានចូលទៅរារាំងសកម្មភាពរបស់ក្រុមពួកឧញ៉ាដែលធ្វើសកម្មភាពឈូសឆាយដីកសិកម្មរបស់ពួកនៅទីនោះ ហើយឃាត់បានត្រាក់ទ័រមួយគ្រឿងរបស់ពួកឧញ៉ា។ នៅថ្ងៃដដែលនោះ ប្រជាពលរដ្ឋប្រមាណ២០០នាក់ក៏នាំគ្នានាំយកត្រាក់ទ័រនោះមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលឃុំ ដើម្បីរង់ចាំការដោះស្រាយ ក៏ស្រាប់តែបក្ខពួកក្រុមរបស់ឧញ៉ាបាននាំគ្នាជិត១០នាក់ បើត្រាក់៨គ្រឿង មកបើកសម្រុក បុកពលរដ្ឋបំណងរំដោះយកត្រាក់ទ័រមកវិញ ទើបបណ្តាលឱ្យផ្ទុះហិង្សាដាក់គ្នា។
បើតាមការបញ្ជាក់ពីពលរដ្ឋដែលបានចូលប្រជុំកាលពីព្រឹកមិញដោយសុំមិនបញ្ចូលឈ្មោះបានឱ្យដឹងថា ពលរដ្ឋគ្មានចង់បានអ្វីនោះទេ ពោលគឺចង់ឱ្យភាគីឧញ៉ាកុំមកឈូសឆាយបំពានមកលើដីរបស់ប្រជាពលរដ្ឋបន្តទៀត ព្រោះដីសហគមន៍នេះ ពលរដ្ឋអាស្រ័យផលជាយូរណាស់មកហើយ និងជាទីតាំងសម្រាប់បង្កបង្កើនផលចិញ្ចឹមជីវិតរបស់ពលរដ្ឋ។
ពលរដ្ឋ៖«សំណុំពរឱ្យផ្អាកធ្វើ ទុកដីហ្នឹងឱ្យប្រជាពលរដ្ឋធ្វើស្រែចម្ការដោយគាត់ធ្លាប់ធ្វើម៉េចឱ្យគាត់ធ្វើចឹងវិលទៅ ព្រោះដីក្នុងតំបន់មិនធ្វើអីបានក្រៅពីស្រែចម្ការដំឡូមី និងធ្វើស្រែ ហើយចូលព្រៃដកផ្សិត បេះស្លឹកព្រិចលក់ជាដើម»។
ជុំវិញរឿងនេះ លោក ណុប វុធ្ធី អ្នកនាំពាក្យសាលាខេត្តព្រះវិហារប្រាប់វិទ្យុស្រ្តីថា ដីដែលកំពុងមានបញ្ហាទំនាស់នេះ ដើមឡើយជាដីដែនជម្រកសត្វព្រៃព្រះរកាឆែបជាដែនសមត្ថកិច្ចរបស់ក្រសួងបរិស្ថាន។ ប៉ុន្តែក្រោយមករដ្ឋាភិបាលក៏សម្រេចចេញអនុក្រឹត្យលេខ ២៤៥ រំកិលព្រំដីខាងលើផ្តល់កម្មសិទ្ធិដល់ពលរដ្ឋអាស្រ័យផល។ លោកបញ្ជាក់ទៀតថា ពលរដ្ឋដែលមានកម្មសិទ្ធិលើដីនោះក៏បានលក់ឱ្យបុគ្គលឯកជនធ្វើការឈូសឆាយអភិវឌ្ឍនៅទីនោះ។ អ្នកនាំពាក្យអះអាងថា ការឈូសឆាយដីរបស់ភាគីបុគ្គលឯកជននោះមិនបាន ប៉ះពាល់ដីរបស់ពលរដ្ឋដែលតែងតែអះអាងថាជាដីរបស់ប្រជាសហគមន៍អ្វីនោះទេ ពោលគឺការឈូសឆាយធ្វើតាមព្រំកម្មសិទ្ធិដែលបានទិញលក់រវាងម្ចាស់ដីនិងអ្នកទិញច្បាស់លាស់។
យ៉ាងណាដើម្បីអាចបញ្ចប់រឿងរ៉ាវនេះ លោក ណុប វុធ្ធី សូមអំពាវនាវដល់ពលរដ្ឋមកបង្ហាញឯកសារបញ្ជាក់កម្មសិទ្ធិអាស្រ័យផង ដើម្បី ឱ្យខាងមន្រ្តីចេញប្លង់កម្មសិទ្ធិច្បាស់លាស់ជូនពលរដ្ឋឈានទៅបញ្ចប់ការប៉ះទង្គិចណាមួយនាថ្ងៃខាងមុខ។
លោក ណុប វុធ្ធី៖«ខ្ញុំសូមផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ បើសិនពលរដ្ឋថាដីនេះពិតជាដីរបស់ប្អូនមែនសុំបងប្អូនពលរដ្ឋមេត្តាបង្ហាញឯកសារ យកមកមន្រ្តីជំនាញមកមន្រ្តីជំនាញនឹងធ្វើប្លង់ជូនហើយ។ សូមបងប្អូនកុំធ្វើអ្វីតាមការញុះញង់របស់គេ។សូមបងប្អូនយកឯកសារលិខិតបញ្ជាក់មក អាជ្ញាធរដែនដី នោះមន្រ្តីសូរិយោដីនឹងធ្វើជូនហើយបាទ សុំបងប្អូនកុំធ្វើអ្វីដែលខុសច្បាប់បាទ»។
លោក ណុប វុធ្ធី អ្នកនាំពាក្យសាលាខេត្តព្រះវិហារ។រូបភាពពីបណ្តាញសង្គម។
សម្រាប់មន្រ្តីអ្នកនាំពាក្យសាលាខេត្តព្រះវិហារ ជម្លោះនេះគឺមិនលំបាកដោះស្រាយនោះទេ តែបញ្ហាកើតឡើងកន្លងមក គឺមកពីមានអ្នកញុះញង់នៅពីក្រោយរឿងនេះ ទើបធ្វើឱ្យពលរដ្ឋពិបាកសម្របខ្លួនដោះស្រាយតាមសន្តិវិធី៕