en     km
en     km

ពលរដ្ឋក្រីក្រដាក់ញត្តិស្នើសុំដីសម្បទានសង្គមកិច្ចខណៈអាជ្ញាធរខេត្តកោះកុងសិក្សាដោះស្រាយ

Share

ភ្នំពេញ៖ ប្រជាពលរដ្ឋក្នុងសហគមន៍ ៩៥៥គ្រួសារ ដែលអះអាងថាខ្លួនជាកសិករក្រីក្របានប្រមូលផ្តុំគ្នានៅមុខសាលាខេត្តកោះកុងកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ដើម្បីសុំកិច្ចអន្តរាគមន៍ពន្លឿនដោះស្រាយដីសម្បទានសង្គមកិច្ចឱ្យពួកគេបានបង្កបង្កើនផលទ្រទ្រង់ជីវភាពល្អប្រសើរជាងមុន។ ជុំវិញរឿងនេះ មន្រ្តីរដ្ឋបាលខេត្តកោះកុងបញ្ជាក់ ខាងខេត្តបានទទួលញត្តិរបស់ពលរដ្ឋរួចហើយ ដោយកំពុងកំណត់ពេលប្រជុំសិក្សាជាមួយមន្រ្តីពាក់ព័ន្ធរកដំណោះស្រាយជូនពលរដ្ឋ។

លោក កែវ សុខា ជូនសេចក្តីរាយការណ៍

យ៉ាងហោចណាស់មានប្រជាពលរដ្ឋចំនួន ៦០នាក់តំណាងឱ្យសហគមន៍មានបញ្ហាដីធ្លីចំនួន ៤ សហគមន៍ បានប្រមូលផ្តុំគ្នាលើកបដានិងដាក់ញត្តិមកកាន់សាលាខេត្តកោះកុងឱ្យជួយអន្តរាគមន៍ពន្លឿនដោះស្រាយដីសម្បទានសង្គមកិច្ចជូនកសិករក្រីក្រ និងស្នើឱ្យទម្លាក់ចោលបទចោទលើតំណាងពួកគេដែលមានរឿងក្តីជាមួយក្រុមហ៊ុននានាពេលកន្លងមក។

សកម្មភាពដាក់ញត្តិរបស់ប្រជាសហគមន៍នៅមុខសាលាខេត្តកោះកុង។រូបភាពពីហ្វេសប៊ុកCCFC។

លោក ហាន់ ទៀត តំណាងពលរដ្ឋសហគមន៍៩៥៥គ្រួសារ ប្រាប់ថា សហគមន៍របស់លោកមានសរុបជាង១០ភូមិ ដោយមានគ្រួសារក្រីក្រប្រមាណជិតមួយពាន់គ្រួសារ។ លោកថា ពលរដ្ឋក្រីក្រក្នុងសហគមន៍ពុំសូវមានដីកសិកម្មជាកម្មសិទ្ធិផ្ទាល់ខ្លួននោះទេ ដោយភាគច្រើនជាអ្នកស៊ីឈ្នួលធ្វើស្រែចម្ការឱ្យគេតែប៉ុណ្ណោះ។ លោកថា ការស្នើសុំនេះក្នុងគោលបំណងឱ្យអាជ្ញាធរផ្តល់ផ្ទៃដីសម្រាប់សង់ផ្ទះរស់នៅ និងអាស្រ័យផលកសិកម្ម ជំរុញលទ្ធភាពដល់កសិករអាចបង្កបង្កើនផលចិញ្ចឹមជីវិត និងអាចផ្តត់ផ្គង់ការសិក្សារបស់កូនៗ។

លោក ហាន់ ទៀត៖«ជួនកាលអាខ្លះសុំផ្ទះគេនៅ ខ្លះនៅចាំចម្ការឱ្យគេ ដោយអ្នកខ្លះមករស់នៅយកប្រពន្ធនៅនេះ ខ្លះជាអ្នករស់នៅយូរហើយតែដល់មានកូនច្រើន អត់មានដី ផ្ទះចែកឱ្យកូន និយាយទៅអត់មានផ្ទះនៅតែម្តង»។

សកម្មភាពដាក់ញត្តិរបស់ប្រជាសហគមន៍នៅមុខសាលាខេត្តកោះកុង។រូបភាពពីហ្វេសប៊ុកCCFC។

ជុំវិញរឿងនេះ លោក ឈិត រតនៈ អ្នកនាំពាក្យសាលាខេត្តកោះកុងប្រាប់វិទ្យុស្រ្តីនៅទី២៣ ខែមករានេះថា មន្រ្តីខេត្តបានទទួលញត្តិពីប្រជាសហគមន៍រួចរាល់កាលពីថ្ងៃទី២១ ខែមករា ដោយមន្រ្តីខេត្តកំពុងរកពេលវេលាកោះប្រជុំករណីនេះជាមួយលោកស្រីអភិបាលខេត្តនាពេលឆាប់ៗនេះ។

លោក ឈិត រតនៈ៖«ចាំមើលយើងពិនិត្យមើលតិចសិន យើងទទួលញត្តិហើយ ប៉ុន្តែយើងចាំឆ្លងទៅលោកជំទាវអភិបាលខេត្តដឹកនាំអង្គប្រជុំយ៉ាងម៉េចទៀត។ចឹងរឿងនេះស្ថិតក្នុងដៃរដ្ឋបាលខេត្តហើយខេត្តនឹងពិនិត្យមើល»។

ថ្ងៃដាក់ញត្តិនោះ មន្រ្តីរដ្ឋបាលខេត្តកោះកុងបានចេញមកទទួលនិងជជែកជាមួយតំណាងសហគមន៍។រូបភាពពីហ្វេសប៊ុកCCFC។

ទាក់ទងក្នុងរឿងនេះអ្នកស្រី ស៊ឹម សុឃឿន ពលរដ្ឋមួយរូបទៀតឱ្យដឹងថា សព្វថ្ងៃនេះក្រុមគ្រួសារអ្នកស្រីប្រឈមមុខការខ្វះខាតផ្នែកជីវភាពយ៉ាងខ្លាំង ព្រោះអ្នកស្រីជាអ្នកប្រកបរបរស៊ីឈ្នួលធ្វើការតាមផ្ទះ។ អ្នកស្រីបញ្ជាក់ថា បច្ចុប្បន្នអ្នកស្រីរស់នៅក្នុងផ្ទះខ្ទមមានកូនចំនួន ៦នាក់ ហើយដីបង្កបង្កើនផលវិញមានតិចតួចមិនគ្រប់គ្រាន់អាចជាប្រភពចំណូលសម្រាប់គ្រួសារនោះទេ។ ហេតុដូច្នេះហើយទើបអ្នកស្រីចុះឈ្មោះក្នុងសហគមន៍ស្នើសុំដីសម្បទានសង្គមកិច្ចបន្ថែមដោយរំពឹងថា បានទទួលដីដើម្បីបង្កបង្កើនផលកសិកម្មអាចទទួលបានចំណូលដោះស្រាយជីវភាព។

អ្នកស្រី ស៊ឹម សុឃឿន៖«ខ្ញុំសូមឱ្យមន្រ្តីខេត្តហ្នឹងជួយពន្លឿនការដោះស្រាយផ្តល់ដីសម្បទានសង្គមកិច្ចដល់ប្រជាពលរដ្ឋក្រីក្រឱ្យបានឆាប់មក ព្រោះថាអ្នកខ្លះអត់អត់មែនទែនដល់ថ្នាក់អត់បាយហូប ហើយមានអ្នកខ្លះឈឺដល់ថ្នាក់ស្លាប់»។

ទិដ្ឋភាពប្រជាសហគមន៍មកដាក់ញត្តិជូនអភិបាលខេត្តកោះកុងជួយពន្លឿនការដោះស្រាយដីសម្បទានសង្គមកិច្ច។រូបភាពពីហ្វេសប៊ុកCCFC។

តាមការឱ្យដឹងពីលោក ហាន់ ទៀត បញ្ជាក់ថា ការស្នើសុំនេះធ្វើឡើងតាំងពីឆ្នាំ២០២៣ ដោយកាលណ្ណោះមន្រ្តីខេត្តក៏បានផ្តល់ដីទំហំប្រមាណ ១០០ហិកតា ជូនសហគមន៍ផងដែរ តែសហគមន៍មិនទាន់ទទួលយក។ ការមិនព្រមទទួលយក ដ្បិតសហគមន៍លើកឡើងថា ការផ្តល់ជូននេះមិនចំទីតាំងដែលពលរដ្ឋចង់បាន ហើយកាលណ្ណោះតួលេខចំនួនគ្រួសារបានប៉ោងរហូតដល់ជិតពីរពាន់គ្រួសារ។ ប្រការហេតុនេះ ទើប ពលរដ្ឋបដិសេធបណ្តុះអាសន្ន។ ដោយពលរដ្ឋក្នុងសហគមន៍មិនព្រមទទួលយក ទើបខាងខេត្តចាត់ឱ្យមន្រ្តីឱ្យស្រុកស្រង់សិត្ថិពលរដ្ឋក្រីក្រនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ម្តងទៀត ទើបទទួលបានតួលេខគ្រួសារក្រីក្រពិតប្រាដកមានចំនួន ៩៤៧គ្រួសារ។ នេះបើតាមការបញ្ជាក់ពីលោក ហាន់ ទៀត។

តាមការឱ្យដឹងពីពលរដ្ឋកន្លងទៅមានគ្រួសារក្រីក្រខ្លះត្រូវបាត់បង់ជីវិតដោយសារខ្វះខាតគ្មានលទ្ធភាពទៅពេទ្យព្យាបាលជំងឺ និងខ្លះគ្មានអាហារទទួលទានគ្រប់គ្រាន់៕

Share

ព័ត៌មានទាក់ទង