en     km
en     km

វិនិយោគិន និងអ្នកទេសចរបរទេសមកកម្ពុជាហើយរងគ្រោះមានការកើនឡើង

Share

ភ្នំពេញ៖ វិនិយោគិន និងអ្នកទេសចរបរទេសដែលមកប្រទេសកម្ពុជាហើយរងគ្រោះភាគច្រើនដោយអំពើចោរកម្ម លួច-ឆក់។

យោងតាមរបាយការណ៍ប្រចាំត្រីមាសទី២ ឆ្នាំ២០១៨ ស្តីពីលទ្ធផលប្រតិបត្តិការរបស់ក្រុមព័ត៌មានទាន់ហេតុការណ៍ដែលអគ្គស្នងការនគរបាលជាតិ  សហការជាមួយបណ្ដាទូតបរទេសនៅកម្ពុជា រកឃើញថា វិនិយោគិន និងអ្នកទេសចរបរទេសដែលមកប្រទេសកម្ពុជាហើយបានទទួលរងគ្រោះមានចំនួន ១៧៨ករណី ដែលភាគច្រើនជាអំពើចោរកម្ម។ ចំនួននេះ បើប្រៀបធៀបនិងត្រីមាសទី១ មានកើនឡើង ៣៧ករណី។

របាយការណ៍ដែលក្រសួងមហាផ្ទៃចុះផ្សាយកាលពីថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០១៨នេះ ឱ្យដឹងបន្ថែមថា អំពើចោរកម្ម (លួច- ឆក់ ) ដែលបានកើតឡើងទៅលើជនបរទេសថ្មីៗនេះ មានចំនួន ៧៧ករណី ស្មើនឹង ៤៣,២៥% ហើយជនបរទេស ៣៧សញ្ជាតិ បានរងគ្រោះចំពោះករណីនេះ។ ក្នុងនោះ ជនបរទេសដែលរងគ្រោះច្រើនជាងគេ ជនជាតិចិន (៦១នាក់), វៀតណាម (២២នាក់), បារាំង (១៤នាក់), អង់គ្លេស (១៣នាក់),  ​អូស្ត្រាលី (១១នាក់ ) ហើយភូមិសាស្ត្រដែលកើតមានញឹកញប់ជាងគេ គឺនៅក្នុងរាជធានីភ្នំពេញ។

តាមគេហទំព័រដដែលនេះ ក្រៅពីជនបរទេសរងគ្រោះ ក៏នៅមានជនបរទេសប្រព្រឹត្តបទល្មើសមានចំនួន ៨៨ករណី ឃាត់ខ្លួន ៣៧៨ នាក់ មាន ២៥សញ្ជាតិ ។ ករណីនេះ បើប្រៀបធៀបជាមួយត្រីមាសទី១ មាន៥៥ករណីនេះ កើនឡើង ៣៣ករណី  ហើយភាគច្រើនជាបទល្មើសប្រើប្រាស់ និងជួញ ដូរគ្រឿងញៀន (មាន១៧ករណី ស្មើនឹង ១៩,៣១% នៃចំនួនសរុប ៨៨ករណី ) ក្នុងនោះ ជនបរទេសប្រព្រឹត្តបទល្មើសច្រើនជាងគេ ជាជនជាតិ ចិន (២៥៧នាក់), នីហ្ស៊េរីយ៉ា( ៣៧នាក់), វៀតណាម (១៥នាក់), ថៃ (១២នាក់), កូរ៉េខាងត្បូង (០៨នាក់) ហើយភូមិសាស្ត្រដែលកើតមានញឹកញប់ជាងគេគឺនៅរាជធានីភ្នំពេញផងដែរ។

បញ្ជាក់ផងដែរថា សម្រាប់ត្រីមាសទី២ ឆ្នាំ ២០១៨នេះដែរ ក្រុមព័ត៌មានទាន់ហេតុការណ៍ (HOTLINE) បានទទួលពាក្យបណ្តឹងពីជនបរទេស និងស្ថានទូតចំនួន ០៨ ករណី ហើយបានដោះស្រាយបញ្ចប់ ០២ករណី និងមិនទាន់ដោះស្រាយចប់ ០៦ករណី ។ ក្រុមការងារព័ត៌មានទាន់ហេតុការណ៍នៃអគ្គស្នងការនគរបាលជាតិបញ្ជាក់ថា ករណីដែលមិនទាន់បានដោះស្រាយនេះ ដោយសារកំពុងស្ថិតក្នុងការសិក្សាស្រាវជ្រាវស៊ើបអង្កេត និងមួយចំនួនទៀតជនល្មើសរត់គេចខ្លួន៕

Share

Image
Image
Image