ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចកម្ពុជាបានធ្វើការឃាត់ខ្លួនទៅលើជនជាតិចិនចំនួន ០៥នាក់ (ស្រី០៣នាក់) ដែលគ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន ក្នុងប្រតិបត្តិការចុះពិនិត្យលើការកាន់កាប់លិខិតឆ្លងដែនជនបរទេសចំនួន ១៧នាក់។ នេះបើតាមឱ្យដឹងនៅលើគេហទំព័ររបស់អគ្គស្នងការរដ្ឋាននគរបាលជាតិចុះនៅថ្ងៃទី ៤ ខែធ្នូ ឆ្នាំ២០១៨។
តាមគេហទំព័រដដែលនេះ ជនជាតិចិនដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនខាងលើនេះ ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់។
ក្នុងប្រតិបត្តិការខាងលើ កម្លាំងសមត្ថកិច្ចកម្ពុជាបានធ្វើការពិនិត្យទៅលើជនបរទេស សរុបចំនួន ១៧នាក់(ស្រី០៣នាក់) ដែលមាន ០៣សញ្ជាតិរួមមាន៖ ជនជាតិម៉ាឡេស៊ី ចំនួន ០១នាក់ ប្រើប្រាស់Visa EG, ជនជាតិវៀតណាម ចំនួន ០១នាក់ ប្រើប្រាស់Visa ET ជនជាតិចិន ចំនួន១៥នាក់ (ស្រី០៣នាក់) មានលិខិតឆ្លងដែន១០ក្បាល និងបណ្ណ័ការងារ ០៥ក្បាល។
បញ្ជាក់ផងដែរថា កម្លាំងសមត្ថកិច្ចដែលរួមមាន លោកវរសេនីយ៍ទោ ជា ចិត្រា នាយការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងកម្លាំងសមត្ថកិច្ចមូលដ្ឋានប៉ុស្ដិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ ខណ្ឌចំការមន សម្របសម្រួលផ្លូវច្បាបដោយលោក ប្លង់ សុផល ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នឹងលោក គឹម ឆេងប៊ុន ក្រឡាបញ្ជី ចុះត្រួតពិនិត្យ និងឃាត់ខ្លួន ជនជាតិបរទេស ស្ថិតនៅផ្ទះលេខE9-E10 ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃអង្គារ ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨៕