ភ្នំពេញ៖ មុខសញ្ញាក្មេងទំនើងល្បីល្បាញខាងប្រើអាវុធបង្កអសន្តិសុខអុកឡុកក្នុងសហគមន៍ពិសេសនៅតំបន់ជាប់ព្រំប្រទល់ប្រទេសកម្ពុជា-ថៃ ស្ថិតក្នុងភូមិសាស្រ្តខេត្តព្រះវិហារ ត្រូវបានកម្លាំងសមត្ថកិច្ចចុះប្រតិបត្តិការបង្ក្រាបឈានទៅឃាត់ខ្លួនមនុស្ស ៨ នាក់និងវត្ថុតាងមួយចំនួន។
តាមប្រភពប្រជាពលរដ្ឋដែលសុំមិនបញ្ចេញឈ្មោះប្រាប់សិក្ខាកាមវិទ្យុស្រ្តីប្រចាំខេត្តព្រះវិហារថា កន្លងមកក្រុមក្មេងទំនើងតែងជួបជុំប្រមូលផ្តុំគ្នា និងបង្កការអុកឡុកក្នុងភូមិឃុំមួយចំនួនជាប់ព្រំដែនប្រទេសកម្ពុជានិងថៃស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ប្រជាពលរដ្ឋខាងលើបន្ថែមថា សកម្មភាពពាលាអាវាសែរបស់ក្រុមក្មេងទំនើងតែងតែដើរអុកឡុកបង្ហោះម៉ូតូ ដើរស្រែឡូឡាតាមផ្លូវ បង្កភាពអនាធិបតេយ្យពេលមានពិធីបុណ្យទានក្នុងភូមិ និងតាមវត្ត ពិសេសឈានដល់ការដេញវាយតបគ្នា និងខ្លះប្រើអាវុធមានដូចជាដំបង ដាវ កាំបិតប៉័ងតោ កាំបិទផ្គាក់ ចម្ពាមកៅស៊ូ ដេញបាញ់ដេញកាប់គ្នាដូចក្នុងរឿងភាគចិន ហុងកុង។
ភស្តុតាងជាអាវុធដែលសមត្ថកិច្ចឃាត់បានពីក្រុមក្មេងទំនើង។រូបភាពពី មាន សុវណ្ណារិទ្ធ។
ប្រជាពលរដ្ឋបញ្ជាក់ទៀតថា នៅពេលក្នុងភូមិស្រុកដែលខ្លួនរស់នៅមានបញ្ហាអសន្តិសុខបែបនេះ ធ្វើឱ្យប្រជាជនមានទឹកចិត្តភ័យខ្លាច គ្មានសន្តិសុខក្នុងចិត្តនិងកើតមានបញ្ហាបាក់ស្បាតផងដែរ ដ្បិតគ្រាន់តែសម្លឹងមើលមុខក្រុមក្មេងទំនើងក៏ពួកក្មេងៗទាំងនោះមករករឿងផងដែរ។
យ៉ាងណា ក្រោយសមត្ថកិច្ចអន្តរាគមន៍ចុះបង្ក្រាបករណីក្មេងទំនើងនេះ ប្រជាជនក្នុងឃុំកន្ទួត ស្រុកជាំក្សន្ត បានបង្ហាញការសាទរ និងថ្លែងអំណរគុណដល់សមត្ថកិច្ចដែលបានធ្វើសកម្មភាពបំពេញតួនាទីក្នុងនាមជាកងកម្លាំងចុះស្រាវជ្រាវបង្ក្រាបក្រុមក្មេងទំនើងបែបនេះ។ ក៏ប៉ុន្តែ ប្រជាពលរដ្ឋស្នើឱ្យសមត្ថកិច្ចបន្តសកម្មភាពបង្ក្រាបក្រុមក្មេងទំនើងបន្ថែមទៀត ព្រោះពុំមែនមានតែក្មេងចំនួន ៨ខាងលើនោះទេ គឺនៅមានច្រើនទៀតក្នុងស្រុកជាំក្សាន្ត។ អ្វីសំខាន់ជាងនេះ គឺបញ្ហាចរាចរថ្នាំញៀនក្នុងសហគមន៍គឺនៅមានរូបភាពលេចឡើងជារឿយៗពីសំណាក់ក្រុមក្មេងទំនើងទាំងនោះ។
ក្រុមក្មេងទំនើងទាំង៨រូបដែលសមត្ថកិច្ចឃាត់ខ្លួនបាន។រូបភាព ពីមាន សុវណ្ណារិទ្ធ។
តាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារបានឲ្យដឹងថា កាលពីថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ២០២៤ នៅភូមិចារ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មានក្រុមក្មេងទំនើង ចំនួន ០២ ក្រុម បានផ្ញើសារឆ្លើយឆ្លងគ្នាទៅមកបង្កជាទំនាស់ពាក្យសម្តី។ ក្រោយមកក្រុមក្មេងទំនើងភាគីម្ខាងក៏ប្រមូលគ្នាប្រមាណ ០៦ នាក់ ជិះម៉ូតូ ចំនួន ០២គ្រឿង កាន់កាំបិតប៉័ងតោ ចំនួន ០១ ទៅផ្ទះភាគីម្ខាងទៀត ហើយបានស្រែកហៅឱ្យចេញមកក្រៅដើម្បីកាប់គ្នា។ តែគ្រានោះ ភាគីម្ខាងទៀតមិនព្រមចេញ ពួកគេក៏យកដំថ្ម ដុំដីគប់ទៅលើជញ្ជាំង និង ដំបូលផ្ទះ របស់គូទំនាស់។
នៅខណៈកំពុងធ្វើសកម្មភាពគប់ផ្ទះគូទំនាស់ ប្រជាពលរដ្ឋ និង ប្រជាការពាររស់នៅក្បែទីនោះ បានធ្វើការឃាត់ និងចាប់ក្មេងទំនើងខាងលើបានចំនួន ០២ នាក់ យកមកប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកន្ទួតតែម្តង។
ក្រោយទទួលបានព័ត៌មានសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបានចុះការស្រាវជ្រាវ ឈានទៅឃាត់ខ្លួនក្មេងទំនើងផ្សេងទៀតសរុបទាំងអស់ចំនួន ០៨នាក់។ សម្រាប់ករណីនេះ សមត្ថកិច្ចជំនាញបានរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត កាលពីថ្ងៃទី០៩ ខែកក្ដដាកន្លងទៅថ្មីៗនេះ៕
អត្ថបទខ្លីសរសេរដោយ មាន សុវណ្ណារិទ្ធ សិក្ខាកាមក្នុងវគ្គបណ្ដុះបណ្ដាល ស្ដីពីមូលដ្ឋានគ្រឹះនៃការសរសេរព័ត៌មាន និងការថតរូប រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា(WMC)។