en     km
en     km

សម្តេចហ៊ុន សែន៖ អ្នកសារព័ត៌មានគួរតែនិយាយអ្វីជាការពិត កុំធ្វើជាអាជ្ញាកណ្តាល

Share

ក្រុងភ្នំពេញ៖  សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងថា អ្នកសារព័ត៌មានក្នុងស្រុកគួរតែរៀននិយាយអ្វីដែលជាការពិត ដោយមិននិយាយអ្វីដែលបំបែកបំបាក់ និង ធ្វើឲ្យប៉ះពាល់ដល់បុគ្គលឬស្ថាប័នណាមួយដោយធ្វើខ្លួនជាចៅក្រម ឬ អាជ្ញាកណ្តាលកាត់សេចក្តី។ សម្រាប់អ្នកជំនាញសារព័ត៌មាន ហាក់យល់ស្របខ្លះដែរ។

នៅក្នុងឱកាសសំណេះសំណាល រវាង សម្តេចនាយករដ្ឋមន្រ្តី និង អ្នកសារព័ត៌មានក្នុងស្រុក នៅឯមជ្ឈមណ្ឌលសន្និបាត និង ពិពរណ៌កោះពេជ្រ កាលពីថ្ងៃទី២១មករា សម្តេច ហ៊ុន​ សែនបានលើកឡើងពី បញ្ហាមួយចំនួន របស់អ្នកសារព័ត៌មានដែលចុះផ្សាយរឿងខ្លះហាក់ដូចជាវាយប្រហារដល់បុគ្គលឬស្ថាប័នណាមួយ។

សម្តេច ហ៊ុន សែន បានលើកឡើងបន្តថា អ្នកសារព័ត៌មានក្នុងស្រុកគួរតែគោរពតួនាទីការងារឲ្យត្រូវវិជ្ជាជិវះ អ្វីដែលអ្នកសារព័ត៌មានក្នុងស្រុកគួរធ្វើ គឺគួរតែនិយាយអ្វីជាការពិត កុំដើរតួជាអាជ្ញាកណ្តាល ឬ ចៅក្រមកាត់សេចក្តី ណាមួយ ដែលវាអាចធ្វើឲ្យប៉ះពាល់ដល់កិត្តយសរបស់បុគ្គលនិងស្ថាប័នផងដែរ។

សំឡេង សម្តេច ហ៊ុន សែន៖

យ៉ាងណា ក៏ដោយសម្តេច បានលើកសរសើរ ពីអ្នកសារព័ត៌មានមួយចំនួនថា បានបំពេញការងាររបស់ខ្លួនបានយ៉ាងល្អដែលសម្ដេចថា បើពុំមានអ្នកសារព័ត៌មាន រិះគន់ដើម្បីស្ថាបនាទេ ក៏គ្មានការអភិវឌ្ឍដែរ។

សាស្រ្ដាចារ្យផ្នែកសារព័ត៌មាននៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោក មឿន ឈានណារិទ្ធ បានយល់ស្របនឹងអ្វីដែល សម្តេចបានលើកឡើង។ លោក ថាការដែល និយាយការពិត បង្ហាញអ្វីពីការពិតគឺអាចជះផលវិជ្ជមាន ទៅដល់សង្គម ដែល លោកថា អ្នកសារព័ត៌មានប្រៀបដូចជាថ្នាំពេទ្យ ដែលអាចព្យាបាលជម្ញឺសង្គម។

សំឡេង លោក មឿន ឈានណារិទ្ធ៖

ស្របពេលនេះដែរ អ្នកវិភាគបញ្ហាសង្គម លោក បណ្ឌិត មាសនី ក៏យល់ស្របនឹងអ្វីដែលសម្តេចហ៊ុនសែនបានលើកឡើងផងដែរ តែលោកថា វាបានត្រឹមតែជាទ្រឹស្តីប៉ុណ្ណោះ។ លោក ពន្យល់ថា អ្នកសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា ចែកចេញជាបីប្រភេទ។ លោកថា ពេលខ្លះការនិយាយការពិត គឺរដ្ឋាភិបាលហាក់ដូចជាមិនទាន់ត្រៀមខ្លួនដើម្បីទទួលស្គាល់អ្វីទេហើយមិនតែប៉ុណ្ណោះសារព័ត៌មាននោះត្រូងរងការ ដាក់ទោសទណ្ឌទៅ ទៅវិញ ដោយចោទថាជាសារព័ត៌មានដែលលម្អៀងទៅកាន់បក្សប្រឆាំង។

សំឡេង លោក មាសនី៖

កាលពីថ្មីនេះ ក្រុមប្រឹក្សាសារព័ត៌មានអន្តរជាតិមួយចុះផ្សាយថារសេរីភាព សារព័ត៌មាននៅកម្ពុជា បានថតចុះ បន្ទាប់ពីរដ្ឋាភិបាល បិទកាសែតCambodia Daily និងបិទ ស្ថានីយវិទ្យុមួយចំនួន ដែលជួលម៉ោង ការផ្សាយរបស់ ​VOD  VOA វិទ្យុអាស៊ីអាស៊ី និងវិទ្យុបក្សប្រឆាំង។

បែបនេះក្ដី ក្រសួងព័ត៌មាន បដិសេធដោយចោទថា គេបិទម្ចាស់សា្ថនីយណា ដែលបំពាន់ច្បាប់តែប៉ុណ្ណោះ។

សូមបញ្ជាក់ថា សារព័ត៌មាននៅក្នុងស្រុកទាំងអស់មានជាង ១០០០ អង្គភាព ដែលក្នុងនោះ មានអង្គភាពទស្សនាវដ្តី និង ព្រឹត្តិបត្តិជាង ៨០០ អង្គភាព សា្ថនីយ៍វិទ្យុមាន ២២១ អង្គភាព ស្ថានីយ៏ទូទស្សន៍ ២១ អង្គភាព និង សារព័ត៌មានអនឡាញ សរុបទាំង ទូរទស្សន៍ និង តាមអ៊ីនធើណេតមានជាង ១៧០ អង្គភាព៕

Share

Image
Image
Image