en     km
en     km

សម្តេចហ៊ុនសែន៖ក្រុមហ៊ុនគេយកធនធានមនុស្សគេមកព្រោះធនធានមនុស្សកម្ពុជានៅមានកម្រិត

Share

ក្រុងភ្នំពេញ៖  សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកកម្ពុជាបានលើកឡើងថា ក្រុមហ៊ុនវិនិយោគមកពីក្រៅប្រទេសជាច្រើន បង្ខំចិត្តត្រូវយកបុគ្គលិកមកពីខាងក្រៅ ព្រោះតែធនធានបញ្ញា ចំណេះដឹង ចំណេះធ្វើ របស់បុគ្គលិកកម្ពុជានៅមានកម្រិត។ តែអ្នកស្រាវជ្រាវម្នាក់ ថាមកពី វិស័យអប់រំកម្ពុជានៅមានកម្រិត។

ស្តាប់សំឡេង លោក សេរី វឌ្ឍនៈ ៖

នៅក្នុងឱកាសប្រគល់សញ្ញាប័ត្រ ជូនដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា នៅសាលសន្និបាត និង ពិព័ណ៌កោះពេជ្រ នៅព្រឹកថ្ងៃទី ០៣ ខែមេសា ឆ្នាំ​២០១៨ នេះ សម្តេច ហ៊ុន សែន បានសរសើរដល់ការខិតខំប្រឹងប្រែងរបស់និស្សិត ដែលបន្តអភិវឌ្ឍន៍សមត្ថភាព រហូតមកដល់ការបញ្ចប់ការសិក្សា។

នៅចំពោះមុខ និស្សិតស្រីប្រុស ជាង ២ពាន់នាក់ សម្តេច ហ៊ុន​​ សែន បានថ្លែងទទួលស្គាល់ថា កម្រិតសមត្ថភាព ចំណេះដឹង ចំណេះធ្វើ និង ធនធានបញ្ញា បុគ្គលិកកម្ពុជានៅមានកម្រិត។ សម្តេច បន្ថែមថា មានពេលខ្លះ ក្រុមហ៊ុនវិនិយោគរបស់បរទេស បានបង្ខំចិត្តយកបុគ្គលិកពីក្រៅប្រទេសព្រោះតែធនធានមនុស្សរបស់កម្ពុជានៅទាបនៅឡើយ។

សំឡេង សម្តេច​ ហ៊ុន សែន៖

យ៉ាងណាក៏ដោយ សម្តេច បន្ថែមថា កម្ពុជាគួរតែពង្រឹងទៅលើវិស័យអប់រំ ឲ្យបានខ្លាំងជាងនេះ ដើម្បីប្រកួតប្រជែងជាមួយធនធានមនុស្សពីប្រទេសដទៃ។

ខណៈនេះដែរ លោក ឆាំ ប៊ុនថេត អ្នកស្រាវជ្រាវបញ្ហាសង្គមយល់ស្របនឹងការលើកឡើងរបស់សម្តេចហ៊ុនសែន។ លោកថា​មានកត្តា២​ យ៉ាងដែលធ្វើឲ្យកម្ពុជាមានការខ្វះខាតធនធានមនុស្សគឺ៖

ទី ១ ជនជាតិខ្មែរចូលចិត្តធ្វើការច្រើន ដូចជាគ្រូបង្រៀន មន្រ្តី ឬ ធ្វើការក្នុងការិយាល័យជាជាងធ្វើជំនួញ ឬ រៀនបច្ចេកទេស ផ្សេង។ លោក បង្ហាញថា អាចមកពីកត្តា ចរិករបស់ជនជាតិខ្មែរ ដែលពុំសូវចូលចិត្តរៀនជំនាញណាដែលលំបាក។

ទី ២ គឺបណ្តាលមកពីវិស័យអប់រំរបស់កម្ពុជានៅមានកម្រិត។ លោកបន្ថែម គ្រប់វិស័យដែលពាក់ព័ន្ធ ទៅនិង វិស័យអប់រំ ហាក់ដូចជាធ្វើការនៅមិនទាន់អស់ពីសមត្ថភាព ដែល លោកថានេះ គឺជាកត្តាចំបងដែលកម្ពុជាពុំទាន់មានធនធានមនុស្ស បច្ចេកទេសគ្រប់គ្រាន់ដើម្បីធ្វើការផ្គត់ផ្គង់ នៅក្នុងវិស័យការងារនៅកម្ពុជា។

សំឡេង លោក ឆាំ​ ប៊ុនថេត៖

យ៉ាងណា លោកក៏បានសរសើរដល់ សិស្ស និស្សិត ជំនាន់ថ្មីថា មានគំនិត ចង់ចេះ ចង់រៀន នូវមុខវិជ្ជាបច្ចេកទេស និង ជំនួញ ដែល លោកថា កម្ពុជា នៅថ្ងៃអនាគត នឹងអាចធ្វើការប្រកួតប្រជែងលើឆាកអន្តរជាតិ ប្រសិនបើកម្ពុជាពង្រឹងទៅលើវិស័អប់រំឲ្យបានខ្លាំង។​

គួររំលឹកថា ស្របពេលដែលការលើកឡើងរបស់ប្រមុខរដ្ឋាភិបាលនេះ កម្ពុជាក៏មានពលករពលការិនីមានបច្ចេកទេសច្រើន ដែលភាគច្រើនកំពុងធ្វើការនៅប្រទេសកូរ៉េខាងត្បូង។

តាមរបាយការណ៍របស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជិវៈ កម្ពុជាគឺជាប្រទេសដែលជាប់ចំណាត់ថ្នាក់លេខ១ លើគុណភាពពលករដែលធ្វើការនៅក្រៅប្រទេស ក្នុងនោះប្រទេសកូរ៉េខាងត្បូង ពលករពលការិនីខ្មែរមានចំណួន ៦៥០០០ នាក់ ដែលភាគច្រើនសុទ្ធសឹងតែជាអ្នកជំនាញផ្នែកបច្ចេកទេស៕

 

Share

Image
Image
Image