loader

សម្តេចហ៊ុនសែនអះអាងថាការប្រើប្រាស់ជំនួយជប៉ុន គ្មានអំពើរពុករលួយ

ក្រុងភ្នំពេញ៖ នាយករដ្ឋមន្ត្រីសម្តេចហ៊ុន សែន បានថ្លែងនៅចំពោះមុខ ឯកអគ្គរដ្ឋទូតជប៉ុន មន្ត្រីរាជការថា ការប្រើប្រាស់ជំនួយកសាងកំណាត់ផ្លូវនានារបស់គម្រោងរដ្ឋាភិបាលជប៉ុន គឺប្រកបទៅដោយតម្លាភាព គ្មានអំពើរពុករលូយ។សម្តេចបញ្ជាក់ថា សម្តេចមានតួនាទីត្រឹមជាអ្នកកាត់ខ្សែបូរប៉ុណ្ណោះ ។ចំណែកថវិកាគឺរដ្ឋាភិបាលជប៉ុនជាអ្នកគ្រប់គ្រងផ្ទាល់។ តែអ្នកវិភាគឯករាជ្យម្នាក់បង្ហាញទស្សនៈថា រដ្ឋាភិបាលកម្ពុជាគួរតែប្រើជំនួយឬកម្ចីពីប្រទេសផ្សេងៗ ឲ្យមានតម្លាភាពដូចជំនួយជប៉ុន។

ព័ត៌មាននេះរាយការណ៍ដោយ លោក សេរីវឌ្ឍនៈ៖

ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុនសែន នៅព្រឹកថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០១៨ នេះ បានអញ្ជើញ សម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ១ ដំណាក់កាលទី៤ មានប្រវែងសរុប ៤គីឡូម៉ែត្រគត់គិតចាប់ពីទីប្រជុំជន ត្រង់ចំណុចគល់ស្ពានព្រះមុនីវង្ស ។

នៅក្នុងពិធីសម្ពោធនោះ សម្តេចហ៊ុន សែន មានប្រសាសន៍នៅចំពោះមុខ ឯកអគ្គរដ្ឋទូតជប៉ុន មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សនុសិស្ស ដោយអះអាងពីភាពស្អាតស្អំរបស់រដ្ឋាភិបាលកម្ពុជា ទៅលើគម្រោងជំនួយជប៉ុនក្នុងការកសាងហេដ្ឋរចនាសម្ព័ន្ធនានា នៅកម្ពុជា។

សម្តេចមានប្រសាសន៍ថា មិនថាក្នុងគម្រោងជំនួយកសាងកំណាត់ផ្លូវជាតិលេខ១នេះ ឬ ជំនួយណាពីជប៉ុននោះទេ គឺ សម្តេច ហ៊ុន សែនមានតួនាទីត្រឹមតែជាអ្នកកាត់ខ្សែបូរប៉ុណ្ណោះ ព្រោះថវិកាជំនួយផ្សេងគឺរដ្ឋាភិបាលជប៉ុនខ្លួនឯងផ្ទាល់ជាអ្នកគ្រប់គ្រងជំនួយ ដោយសម្តេចថា មានតែក្រុមហ៊ុនរបស់ជប៉ុនប៉ុណ្ណោះមានសិទ្ធិក្នុងការដេញថ្លៃក្នុងការកសាងកំណាត់ផ្លូវ ឬ គម្រោងជំនួយផ្សេងៗ។

សំឡេង សម្តេច ហ៊ុន សែន៖ ក៏សុំបញ្ជាក់ថាថ្ងៃនេះ ខ្ញុំមានសិទ្ធិត្រឹមមកកាត់ខ្សែបូរតែប៉ុណ្ណោះ ចំពោះសម្រាប់ជំនួយរបស់ជប៉ុន ចាយអស់លុយប៉ុន្មានអីប៉ុន្មានរឿងរបស់ជប៉ុនទេ សុំនិយាយទល់មកគ្នាឲ្យច្បាស់ គេថារបបហ៊ុនសែន ស៊ីជំនួយ ស៊ីកម្ចីអីរបស់បរទេស ប៉ុន្តែសុំបញ្ជាក់ជូនជនរួមជាតិឲ្យបានដឹងច្បាស់ ជំនួយរបស់ជប៉ុនមានតែក្រុមហ៊ុនរបស់ជប៉ុនទេ ដែលមានសិទ្ធិដេញថ្លៃ ហើយដេញថ្លៃដេញនៅឯតូក្យូឯណោះ យើងបានត្រឹមតែសង្កេតការណ៍ប៉ុណ្ណោះ ហើយភារកិច្ចរបស់ខ្ញុំបានត្រឹមជាអ្នកបើកការដ្ឋាន ហើយជាអ្នកកាត់ខ្សែបូរតែប៉ុណ្ណោះ ធ្វើយ៉ាងណាអីយ៉ាងណាគឺជប៉ុនអ្នកទទួល។

ប្រសាសន៍របស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ទំនងជាការឆ្លើយតប ទៅលើក្រុមបក្សប្រឆាំងដែលតែងតែ រិះគន់រដ្ឋាភិបាលនិងមន្ត្រីរដ្ឋាភិបាល ប្រើប្រាស់ប្រាក់កម្ចី និង ប្រាក់ជំនួយគ្មានតម្លាភាព។  

ទន្ទឹមនឹងការលើកឡើងរបស់សម្តេចហ៊ុន សែននេះ អ្នកវិភាគបញ្ហាសង្គម លោក បណ្ឌិត មាសនី បានមានប្រសាន៍ថា ប្រជាជនមានសេចក្តីអំណរប្រសិនបើរដ្ឋាភិបាលកម្ពុជា បង្ហាញពីភាពស្អាតស្អំរបស់ខ្លួនបែបនេះ។ លោកបណ្ឌិត បញ្ជាក់ថា កន្លងមកមិនថាជំនួយពីប្រទេសណាទេ ជាពិសេសគឹជំនួយឬកម្ចីរបស់ប្រទេសចិន គឺគេសង្កេតថា កំណាត់ផ្លូវគឺធ្វើមិនសូវជាប់ ព្រោះថាគេនិយមពាក្យម្យ៉ាងគឺពាក្យ«ចាក់ក្រាស់ស៊ីស្តើង ចាក់ស្តើងស៊ីក្រាស់» និងពាក្យ «អារសាច់ជូនខ្លា»គឺសំដៅដល់អំពើរពុករលួយទៅលើជំនួយទាំងនោះ ដែលវាជាទម្លាប់អាក្រក់ដល់ក្មេងជំនាន់ក្រោយ។

សំឡេង លោក បណ្ឌិត មាសនី៖មិនថាជំនួយឬកម្ចីពីប្រទេសណាក៏ដោយ ជាពិសេសហ្នឹងគឹប្រទេសចិន គឺផ្លូវរបស់ចិន នឹងភាគច្រើនច្រើនតែធ្វើជាប់ ធ្វើមិនចេះហើយ ហើយខ្មែរយើងនិយមតែពាក្យ ចាក់ក្រាស់ស៊ីស្តើង ចាក់ស្តើងស៊ីក្រាស់នេះ ហើយខ្ញុំក៏បានជួបជាមួយអ្នកធ្វើការក្នុងការដ្ឋានហ្នឹងក៏គេនិយាយថា បើរកស៊ីមិនចេះ អារសាច់ជូនខ្លាគឺមិនអាចរកស៊ីបានទេ ដែលនេះហើយគឺធ្វើឲ្យកម្ពុជាចេះតែធ្វើផ្លូវមិនចេះហើយ។

 នៅក្នុងដំណើរទស្សនៈកិច្ចទៅប្រទេសជប៉ុន កាលពីថ្មីៗនេះ រដ្ឋាភិបាលកម្ពុជា បានស្វះស្វែងរកប្រាក់កម្ចីពីប្រទេសជប៉ុន ៨រយលានដុល្លារ ដើម្បីស្ថាបនាផ្លូវរថភ្លើងអាកាសល្បឿនលឿន ពីអាយស្ម័យយាន ទៅព្រលានយន្តហោះអន្តរជាតិ ក្រុងភ្នំពេញ។ បើតាមប្រភពរបស់រដ្ឋាភិបាល រដ្ឋាភិបាលជប៉ុនបានសម្រេច ឲ្យកម្ពុជាខ្ចីប្រាក់ទាំងនេះ តាមសំណើររបស់កម្ពុជា ដោយមានក្រុមហ៊ុនជប៉ុនចូលរួមពាក់ព័ន្ធសំណង់រថភ្លើងល្បឿនលឿននេះផងដែរ។

គួររម្លឹកថា ជំនួយរបស់ជប៉ុន យោងតាមរបាយការណ៍​របស់គេហទំព័រDiplomat   ចាប់តាំងពីឆ្នាំ១៩៩២មក ជប៉ុន​បានផ្ដល់ជំនួយ អភិ​វឌ្ឍន៍ជាផ្លូវការ​(ODA) មកឱ្យកម្ពុជាជាង២៤០០លានដុល្លារអាមេរិក។ ជំនួយរបស់ជប៉ុនភាគច្រើនផ្ដោតលើការស្ថាបនា ស្ពាន ថ្នល់  សាលារៀន លូទឹកនិងជំនួយលើវិស័យជាច្រើនទៀត៕  

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ទូតអាមេរិកសម្ដែងការរំលែកទុក្ខដល់គ្រួសារសម្ដេចក្រុមព្រះ

ភ្នំពេញ៖ ស្ថានទូតអាមេរិកបានសម្ដែងនូវការសោកស្ដ[...]

ពលករ​ខ្មែរ​ជាង​ ១​ លាន​នាក់​ទទួល​បាន​ភាព​ស្របច្បាប់​ធ្វើការ​នៅ​ថៃ​

រាជរដ្ឋាភិបាល​កម្ពុជា​ និង​រាជរដ្ឋាភិបាល​ថៃ​ប[...]

អាមេរិកប្រគល់ថ្មពីឋានព្រះច័ន្ទដល់សារមន្ទីជាតិកម្ពុជា

ក្រុងភ្នំពេញ៖ តំណាងស្ថានទូតអាមេរិកប្រចាំនៅកម្[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត