en     km
en     km

សកម្មជនទីក្រុងប៉ារីសបន្តជាប់ឃុំខណៈអ្នកជាប់ឃុំពាក់ព័ន្ធគម្រោង CLV ខ្លះត្រូវដោះលែង

Share

អ្នកជាប់ឃុំដែលរងបទចោទពាក់ព័ន្ធព្រឹត្តិការណ៍គម្រោង CLV ជាច្រើននាក់ ត្រូវបានដោះលែងឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន ខណៈសកម្មជនកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលរងបទចោទពាក់ព័ន្ធនឹងព្រឹត្តិការណ៍គម្រោងនេះដូចគ្នា ពួកគេបន្តនៅជាប់ឃុំខ្លួន។ យ៉ាងណាអង្គការសិទ្ធិមនុស្ស បន្តស្នើឱ្យអាជ្ញាធរដោះលែងសកម្មជនទាំងនោះ ពីព្រោះគម្រោង CLV នេះ ត្រូវរដ្ឋាភិបាលសម្រេចដកខ្លួនចេញហើយ។ លោក គីម ចាន់ចាវ រាយការណ៍

 

 

លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ បញ្ជាក់ប្រាប់វិទ្យុស្ដ្រីនៅថ្ងៃទី២៤ ខែមករានេះថា តាមការឃ្លាំមើល គឺគិតត្រឹមថ្ងៃទី១៧ ខែមករា ខាងពន្ធនាគារបានដោះលែងអ្នកជាប់ឃុំ ដែលរងបទចោទប្រកាន់ព្រឹត្តិការណ៍គម្រោង CLV មានចំនួន ១៧នាក់។ ចំណែកនៅថ្ងៃទី២០ ខែមករានេះដដែល ពន្ធនាគារបន្តដោះលែងអ្នកជាប់ឃុំចំនួន ២០នាក់បន្ថែមទៀត។ លោកថា អ្នកជាប់ឃុំទាំងនោះ ត្រូវដោះលែងឱ្យក្រៅឃុំបណ្ដោះអាសន្នតែប៉ុណ្ណោះ ដោយរាល់បទចោទប្រកាន់មកលើពួកគេ តុលាការមិនទាន់ទម្លាក់នៅឡើយទេ។

លោក អំ សំអាត៖ «បើយើងមើលទៅនៅក្នុងហ្នឹង គឺមានសកម្មជនគណបក្សនយោបាយមួយចំនួន ប៉ុន្តែសុទ្ធតែពាក់ព័ន្ធទៅនឹងបញ្ហា CLV។ ចំណែកសកម្មជនកិច្ចព្រមព្រៀងទីក្រុងប៉ារីសដូចជាលោក ស៊្រុន ស៊ន់ ហើយនិងសហការីគាត់ហ្នឹង គឺពុំមាននៅក្នុងការដោះលែងហ្នឹងទេបាទ!»។

កាលពីខែកក្កដា ឆ្នាំ២០២៤ សាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់លោក ស៊្រុន ស្រ៊ន កញ្ញា ភឹង សោភា លោក ចក់ ប៉ានមុន្នី និងលោក សាន សិទ្ធ ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ដែលប្រព្រឹត្តនៅប្រទេសកម្ពុជា កាលអំឡុងខែកក្កដា ឆ្នាំ២០២៤។ បទចោទនេះពាក់ព័ន្ធនឹងលោក ស្រ៊ុន ស្រ៊ន និងសហការីរបស់លោក ចេញវីដេអូលើកឡើងពីគុណសម្បត្តិ និងគុណវិបត្តិ នៃការ​បង្កើត​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា​ ឡាវ ​វៀតណាម ហៅកាត់ថា CLV។

ក្នុងចំណោមជនជាប់ចោទទាំង ៤នាក់ ក្នុងនោះលោក ចក់ ប៉ានមុន្នី ត្រូវបានដោះលែងឱ្យនៅក្រៅបណ្ដោះអាសន្នហើយ។ ចំណែក ៣នាក់ទៀត គិតមកដល់ពេលនេះ នៅជាប់ឃុំខ្លួនក្នុងពន្ធនាគារអស់រយៈពេលជាង ៦ខែហើយ។

ក្រៅពីសកម្មជនកិច្ចព្រមព្រៀងទីក្រុងប៉ារីស ក្នុងនោះក៏មានសកម្មជនសង្គម អ្នកនយោបាយ និងយុវជនមួយចំនួន ដែលពាក់ព័ន្ធព្រឹត្តិការណ៍គម្រោង CLV នៅបន្តជាប់ឃុំខ្លួនក្នុងពន្ធនាគារផងដែរ។

លោក ឃៀង សុណាឌីន អ្នកនាំពាក្យនៃអគ្គនាយកដ្ឋានពន្ធនាគារ បញ្ជាក់ដែរថា ពន្ធនាគារពិតជាបានដោះលែងអ្នកទាំងនោះមែន ដោយនេះជាការអនុវត្តតាមដីកាដោះលែងពីតុលាការទេ ចំពោះព័ត៌មានលម្អិតពីអ្នកដោះលែងទាំងនោះ លោកបដិសេធមិនអត្ថាធិប្បាយច្រើនឡើយ។ លោកបង្វែរសំនួរ ឱ្យទៅសួរសាលាដំបូងរាជធានីភ្នំពេញ និងតុលាការ ដែលជាអ្នកកាន់សំណុំរឿងនេះ។

លោក ឃៀង សុណាឌីន អ្នកនាំពាក្យនៃអគ្គនាយកដ្ឋានពន្ធនាគារ។ រូបភាពពីបណ្ដាញសង្គមហ្វេសប៊ុក។

លោក ឃៀង សុណាឌីន៖ «យើងខ្ញុំដោះលែងផ្អែកលើដីកាដោះ ហើយដីកាដោះអត់បញ្ជាក់ថាជនហ្នឹងមានប្រភពពីណាទេអ៊‌ីចឹងណា ដល់អ៊‌ីចឹងខ្ញុំគិតថាសំណួរហ្នឹងគួរតែសួរទៅសាលាដំបូង ទៅខាងតុលាការគួរតែមានព័ត៌មានជាក់លាក់ជាងអំពីចំនួនហ្នឹង ព្រោះទិន្នន័យពន្ធនាគារខ្ញុំដោះលែងប្រចាំថ្ងៃ ហើយដោះលែងជារួម ដល់ពេលអ៊‌ីចឹងយើងអត់បានញែកថាជនជាប់ឃុំហ្នឹងពាក់ព័ន្ធនឹងសំណុំរឿងអីទេ»។

លោក អំ សំអាត ថា អង្គការលីកាដូក៏មិនទាន់ដឹងព័ត៌មានលម្អិតពីអ្នកជាប់ឃុំនីមួយៗ​ ដែលត្រូវបានពន្ធនាគារដោះលែង ហើយក៏មិនទាន់ដឹងពួកគេមានតួនាទីអ្វី និងមកពីគណបក្សនយោបាយណាខ្លះឡើយ។

លោក អំ សំអាត៖ «អង្គការសង្គមស៊ីវិលដែលធ្វើការលើផ្នែកសិទ្ធិមនុស្ស យើងបានទទូចតាំងពីដើមមក នៅពេលរដ្ឋាភិបាល និងរដ្ឋសភា ដែលបានសម្រេចបញ្ចប់គម្រោងពាក់ព័ន្ធនឹង CLV ហ្នឹង គឺអង្គការសង្គមស៊ីវិលដែលធ្វើផ្នែកសិទ្ធិមនុស្សហ្នឹង យើងមើលឃើញថាអ្នកដែលត្រូវបានចាប់ខ្លួន ឃុំខ្លួនដោយសារបញ្ហា CLV ដោយសារតែគាត់ព្រួយបារម្ភ និងការបញ្ចេញមតិ ទាក់ទងនឹងរឿងហ្នឹង គួរតែត្រូវបានដោះលែងឱ្យមានសេរីភាពវិញផងដែរបាទ»។

កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤កន្លងមកនេះ សម្ដេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ប្រកាសថា កម្ពុជាសម្រេចដកខ្លួនចេញពីគម្រោង CLV ដើម្បីកុំឱ្យក្រុមជ្រុលនិយម ចាប់យកគម្រោងនេះ ធ្វើជាអាវុធនយោបាយ មួលបង្កាច់ និងវាយប្រហារចំពោះរាជរដ្ឋាភិបាល ដោយចោទប្រកាន់ថា រាជរដ្ឋាភិបាលបានកាត់ទឹកដីខេត្តទាំង៤ នៃភាគឦសានឱ្យទៅបរទេស។

លោក សឺន ជុំជួន មេធាវីការពារក្ដីឱ្យសកម្មជនកិច្ចព្រមព្រៀងទីក្រុងប៉ារីស លើកឡើងថា មានអ្នកជាប់ឃុំរងបទចោទមួយចំនួនត្រូវបានដោះលែងឱ្យនៅក្រៅឃុំ ប៉ុន្តែសម្រាប់កូនក្ដីលោកបន្តជាប់ឃុំដដែល។ យ៉ាងណារឿងនៅពីក្រោយដែលសកម្មជនកិច្ចព្រមព្រៀងទីក្រុងប៉ារីស មិនទទួលបានការដោះលែងលោកក៏មិនដឹងមូលហេតុច្បាស់ដែរ។ យ៉ាងណាលោកយល់ថា ប្រសិនជាតុលាការមានដោះលែងជនដែលជាប់ឃុំក្នុងគម្រោង CLV គួរតែដោះលែងទាំងអស់ ព្រោះកូនក្ដីលោកក៏ជាប់ឃុំដោយសារគម្រោង CLV នេះដែរ។

លោក សឺន ជុំជួន៖ «ដោយសារតែមានការសន្តោសពីសម្ដេចតេជោអីដើមហ្នឹងហើយ អ៊‌ីចឹងហើយបើមានសន្ដោសបែបនេះវាគួរមានការសន្តោសទាំងអស់គ្នា មិនមែនសន្តោសដោយការជ្រើសរើសបែបហ្នឹងទេ សំដៅទៅលើមូលហេតុអីយើងមិនទាន់ដឹងហេតុផលអ្វីឡើយ។ ប៉ុន្តែការដោះលែងហ្នឹងតាមការយល់ឃើញរបស់ខ្ញុំគ្រាន់ដោះលែងឱ្យនៅក្រៅឃុំបណ្ដោះអាសន្នមិនមែនរួចផុតពីបទល្មើសទេ»។

យុវជនចំនួន ៣នាក់ រងការចោទប្រកាន់ពីបទ «រួមគំនិតក្បត់» ជុំវិញការ​​ចូលរួម​បញ្ចេញមតិ​ ​ឬ​លើកឡើង​ពី​ផែនការ​ប្រមូលផ្តុំ​គ្នា​ ពាក់ព័ន្ធ​នឹង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​ ​កម្ពុជា​ ​វៀតណាម​ ​និង​ឡាវ​ (C​L​V​-​D​T​A​)។ យុវជនទាំងនោះមាន៖ កញ្ញា​ ​សើន​ ​ស្រី​មៃ យុវជនសមាគម​ស​ម្ព័ន្ធ​និស្សិត​ប​ញ្ញ​វ័ន្ត​ខ្មែរ (KS​I​L​A​) លោក ឈាង​ ​ឬ​ទ្ធី និងកញ្ញា សាក់ កន្និការ ដែលអ្នកទាំងពីរជាបុគ្គលិកអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន ​(​Y​R​D​P) ត្រូវបានដោះលែងឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន កាលពីខែធ្នូ ឆ្នាំ២០២៤កន្លងទៅនេះ បន្ទាប់ពីពួកគេបានចេញវីដេអូសុំទោស និងទទួលស្គាល់កំហុសចំពោះសកម្មភាពពួកគេ។

ថ្វីត្បិតកន្លងមកមានសកម្មជនខ្លះត្រូវដោះលែងឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន ដោយថ្នូរជាការសុំទោសក្ដី តែលោក សឺន ជុំជួន អះអាងថា កូនក្ដីទាំងបីនាក់របស់លោក រក្សាគោលជំហរដដែលថា មិនបានប្រព្រឹត្តដូចការចោទប្រកាន់របស់តុលាការនោះឡើយ។

លោក សឺន ជុំជួន៖ «អ៊‌ីចឹងទៅគាត់មិនមានហេតុផលណាមួយដែលត្រូវសុំទោសនោះទេ ព្រោះមិនមែនជាកំហុសរបស់គាត់ហ្នឹងណា។ សម្រាប់ខ្ញុំជាមេធាវី គឺខ្ញុំការពារទៅតាមនីតិវីធីច្បាប់ណា»។

លោកស្រី ម៉ៅ ធីតា អ្នកនាំពាក្យតុលាការកំពូល មិនឆ្លើយតបតាមប្រព័ន្ធទូរស័ព្ទ ដោយសរសេរយ៉ាងណាខ្លីតាមប្រព័ន្ធតេលេក្រាមថា លោកស្រីទាមទារលេខសំណុំរឿងជនជាប់ជុំដែលត្រូវបានដោះលែង ដោយមិនឆ្លើយសំណួរចំនួនជនជាប់ឃុំប៉ុន្មានដែលត្រូវបានពន្ធនាគារដោះលែងនៅក្រៅឃុំ។

វិទ្យុស្ដ្រីព្យាយាមទាក់ទងលោក​ អ៊ី រិន្ទ អ្នកនាំពាក្យ​សាលាដំបូង​រាជធានីភ្នំពេញ​ ជាច្រើនដង មកដល់រសៀលថ្ងៃទី២៤ ខែមករានេះ មិនមានការឆ្លើយតបពីលោកឡើយ។

យោងតាមរបាយការណ៍អង្គការលីកាដូ បានកត់ត្រាចាប់ពីពាក់កណ្ដាលខែកក្កដា ឆ្នាំ២០២៤ កន្លងមកនេះ មានមនុស្សជាង ១០០នាក់ ត្រូវបានចាប់ខ្លួន និងច្រើនជាង ៦០នាក់ ត្រូវបានចោទប្រកាន់ និងកំពុងជាប់ឃុំក្នុងពន្ធនាគារ ដោយសារការបង្ហោះសារលើបណ្តាញសង្គម និងគម្រោងជួបជុំ ជុំវិញព្រឹត្តិការណ៍នៃកិច្ចព្រមព្រៀងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV)។ ក្នុងនោះអង្គការលីកាដូ រកឃើញថា យ៉ាងហោចណាស់មនុស្សច្រើនជាង ៣០នាក់ទៀត ជាប់ឃុំនៅក្នុងពន្ធនាគារទាក់ទងនឹងបទចោទជុំវិញព្រឹត្តិការណ៍គម្រោង CLV៕

អត្ថបទដោយ៖ កញ្ញា ជា សុខនី

Share

ព័ត៌មានទាក់ទង