en     km
en     km

ស្នងការខេត្តឧត្តរមានជ័យ៖ករណីជនបរទេស៥៧នាក់រត់ចេញពីកាស៊ីណូអូរស្មាន់ជាការតវ៉ារឿងប្រាក់ខែ

Share

ភ្នំពេញ៖ ក្រោយបញ្ចប់ការសាកសួរលើជនជាតិប៉ាគីស្ថាន និងណេប៉ាល់ ៥៧នាក់​ ទាក់ទងករណីរត់ប្រសាចចេញពីកាស៊ីណូអូរស្មាន់រីសត​ស្ថិតក្នុងខេត្តឧត្ដរ មានជ័យកាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥ រួចមក ស្នងការដ្ឋាននគរបាលខេត្តកាលពីមិ្សលមិញចេញសេចក្តីបំភ្លឺថា បាតុភាពនេះ គឺកើតចេញពីការតវ៉ារឿងក្រុមហ៊ុនពុំបានបើកប្រាក់ខែជូនពួកគេជិត ៣ខែ។

លោក កែវ សុខា ជូនសេចក្តីរាយការណ៍

ជាការកត់សម្គាល់ នៅមុនការបំភ្លឺនេះមានការដាក់ការសង្ស័យថា ហេតុការណ៍នេះជាការព្យាយាមរត់គេចខ្លួនពី​ការ​បង្ខាំងខ្លួនដោយខុសច្បាប់ ​បង្កប់នូវសកម្មភាពឃុំជនបរទេសមិន​ឲ្យមាន​សេរី​ភាព ​​ធ្វើ​ទារុណ​កម្ម ​និង​​ជំរិត​ទារ​ប្រាក់ជាដើម​ ដ្បិតកន្លងមកនេះ កម្ពុជាមានករណីផ្ទុះឡើងជារឿងរ៉ាវប្រើ​ប្រាស់​កម្លាំង​ពល​កម្ម​បរទេសក្នុងឧក្រិដ្ឋកម្ម​បោក​បញ្ឆោត​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។

តែទោះបីជាបែបនេះក្តី សម្រាប់សមត្ថកិច្ចខេត្តឧត្តរមានជ័យអះអាងតាមរយៈសេចក្តីបំភ្លឺថា ករណីនេះគឺជាការរើបម្រាសចេញតវ៉ារឿងប្រាក់ខែតែប៉ុណ្ណោះ ព្រោះថៅកែក្រុមហ៊ុនពុំបានបើកឱ្យជាង ៣ ខែមកហើយ ពោលគឺជំពាក់តាំងពីជនជាតិប៉ាគីស្ថាន និងណេប៉ាល់ទាំងនេះធ្វើការជានៅខេត្តព្រះសីហនុមកម្លេះ។

លិខិតបំភ្លឹចេញផ្សាយកាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៥។រូបភាពពីហ្វេសប៊ុកស្នងការខេត្តឧត្តរមានជ័យ។

តាមចម្លើយសារភាពពីក្រុមជនជាតិបរទេសខាងលើ គឺពួកគេមិនព្រមសុខចិត្តបន្តធ្វើការងារទៀតនោះទេ ដ្បិតមេការដែលជាជនជាតិចិនបង្ខំឱ្យធ្វើការលើសកម្លាំងពលកម្ម គ្មានថ្ងៃឈប់សម្រាកត្រឹមត្រូវ។ ណាមួយទៀត ការកាន់ដំបងចេញតវ៉ានេះ ក៏ដោយសារតែខឹងសម្បាលរឿងធ្វើការជិត ៣ ខែដោយគ្មានបើកប្រាក់ខែហើយពួកគេបារម្ភខ្លាចចាញ់បោកក្រុមហ៊ុននៅអូរស្មាន់រីសតនេះទៀត។

កំណត់ហេតុសារភាពក្នុងសេចក្តីបំភ្លឺបញ្ជាក់បន្ថែមទៀតថា ក្នុងសកម្មភាពចេញតវ៉ានេះ ពួកគេបានកាន់ដំបងក្នុងគោលបំណងតវ៉ាឲ្យមានពេលឈប់សម្រាកគ្រប់គ្រាន់ ខ្លះចង់បន្តការងារនៅកន្លែងដដែល ខ្លះចង់ទៅធ្វើការនៅក្រុមហ៊ុនក្នុងខេត្តព្រះសីហនុ និងខ្លះទៀតចង់វិលត្រឡប់ទៅប្រទេសកំណើតវិញ។

ក្រោយបញ្ចប់ការសាកសួរទៅលើជនបរទេសទាំង៥៧នាក់នោះរួច ស្នងការនគរបាលខេត្ត បានបញ្ជូនជនជាតិប៉ាគីស្ថានទាំង៥៣នាក់ និងណេប៉ាល់៤នាក់ ទៅស្នាក់ការនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ប្រចាំខេត្តសៀមរាបដើម្បីបន្តនីតិវិធី។

រូបភាពសកម្មភាពចេញតវ៉ារបស់ជនជាតិប៉ាគីស្ថាន និងណេប៉ាល់។រូបភាពពីបណ្តាញសង្គម។

សូមរំលឹកបន្តិចថា កាល​ពី​ខែ​មិថុនា ឆ្នាំ​ ២០២៤ ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​បាន​ចេញ​ផ្សាយ​របាយ​ការណ៍ស្តី​ពី​ការ​ជួញដូរ​មនុស្ស​ ដោយបង្ហាញ​ថា ​ប្រទេស​កម្ពុជា​បន្ត​ស្ថិត​នៅ​ក្នុង​ចំណាត់​ថ្នាក់​ទាប​បំផុត ​ពាក់ព័ន្ធ​នឹង​ការ​ចាត់​វិធាន​ការ​លុប​បំបាត់​ ឬ​ទប់​ស្កាត់​ការ​ជួញ​ដូរ​មនុស្ស​។ ជាងនេះ​ប្រតិបត្តិ​ការ​ឆបោក​អន​ឡាញ​នៅកម្ពុជាគឺស្ថិតក្នុង​ចំណុច​ស្នូល ស្របពេល​ដែល​អំពើ​ពុករលួយ ​និង​ការ​ពាក់​ព័ន្ធ​របស់​មន្ត្រី​រដ្ឋាភិបាល​ក៏​ត្រូវ​បាន​ដាក់​បញ្ចូលក្នុង​ការ​វាយ​តម្លៃ​មួយ​នេះ​។

ជុំវិញករណីនេះអ្នកឃ្លាំមើល​សិទ្ធិ​មនុស្ស​ថ្លែងប្រាប់អ្នកសារព័ត៌មានដោយជំរុញបន្ថែម​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ ​និង​ស្នើ​ឲ្យ​រដ្ឋាភិបាល​បង្កើន​កិច្ចសហការ​ជាមួយ​បណ្តា​ប្រទេស​នានា​ ​បង្ក្រាប​បទ​ល្មើស​​ដែល​កើត​ឡើង​ក្នុង​ប្រទេ​ស ជាពិសេស​ការ​ចាប់​ជំរិត​តាម​អ៊ឺនធឺ​ណិត​ដើម្បី​ឲ្យ​បរទេស​ហ៊ាន​មក​វិនិយោគ​នៅ​កម្ពុជា​៕​

 

 

 

 

 

 

Share

Image Not Found
Image

ព័ត៌មានទាក់ទង