en     km
en     km

កូរ៉េខាងជើងបន្តទទូចសុំឲ្យអាមេរិកលុបចោលការដាក់ទណ្ឌកម្ម

Share

អន្ដរជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងជើង បានចុះផ្សាយថារបបក្រុងព្យុងយ៉ាងចង់ឲ្យសហរដ្ឋអាមេរិក​ដែលដឹកមុខក្នុងការដាក់ទណ្ឌកម្មមកលើខ្លួន ចាប់ផ្តើមបន្ធូរបន្ធយការដាក់ទណ្ឌកម្មនេះ ជាថ្នូរនឹងអ្វីដែលក្រុងព្យុងយ៉ាងហៅថា ការរំសាយអាវុធនុយក្លេអ៊ែរ។

កាលពីថ្ងៃសុក្រសប្តាហ៍កន្លងទៅនេះ ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងជើង KCNA បានចុះផ្សាយថា របបក្រុងព្យុងយ៉ាងនឹងមិនអាចទ្រាំទ្របានទៀតទេ ចំពោះការដាក់ទណ្ឌកម្មពីសំណាក់សហគមន៍អន្តរជាតិមកលើខ្លួន។

ប្រភពសារព័ត៌មាននេះ បានចុះផ្សាយដោយស្រង់សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសរបស់ខ្លួន បញ្ជាក់ថា រយៈពេលចុងក្រោយនេះ ក្រុងព្យុងយ៉ាង បានធ្វើឲ្យល្អយ៉ាងច្រើន នូវដំណើរការឆ្ពោះទៅរកការរំលាយអាវុធនុយក្លេអ៊ែរ ដោយមានទំនាក់ទំនងជិតស្និទ្ធិជាមួយកូរ៉េខាងត្បូង ហើយបាន ឈានទៅដល់ការបន្ធូរបន្ធយភាពតានតឹងនៅលើឧបទ្វីបកូរ៉េ។

តែសេចក្តីថ្លែងការណ៍របស់កូរ៉េខាងជើង បានព្រមានថា ខ្លួននឹងអាចចាប់ផ្តើមអភិវឌ្ឍន៍កម្មវិធីអាវុធនុយក្លេអ៊ែរ របស់ខ្លួនឡើងវិញ ប្រសិនបើ សហរដ្ឋអាមេរិកមិនទំលាក់ចោលការដាក់ទណ្ឌកម្មមកលើខ្លួនទៀតនោះ។

កូរ៉េខាងជើងបានផ្អាកការសាកល្បង ការបាញ់កាំជ្រួចអន្តរទ្វីប ដែលពិភពលោកថ្កោលទោសយ៉ាងខ្លាំង គឺជិតមួយឆ្នាំ​មកហើយបន្ទាប់ពីប្រទេសនេះ បានត្រឡប់មករកតុចចរចារវិញ ដោយចាប់ផ្តើមជាមួយនឹងការធ្វើឲ្យមានទំនាក់ទំនងជាមួយកូរ៉េខាងត្បូង​។

ចាប់តាំងពីពេលនោះមក មេដឹកនាំកូរ៉េខាងជើង និងខាងត្បូងបានជួបគ្នាចំនួន ៣លើកមកហើយ ដោយបានឈានដល់កិច្ចព្រមព្រៀងទ្វេរភាគីទៀតផង។

កិច្ចព្រមព្រៀងនេះ សំដៅឲ្យមានភាពសន្តិភាពយូរអង្វែងនៅលើ់ឧបទ្វីបកូរ៉េ ជាថ្នូរនឹងការបោះបង់ចោលកម្មវិធីអាវុធនុយក្លេអ៊ែររបស់ក្រុងព្យុងយ៉ាង។

កាលពីសប្តាហ៍មុន សហរដ្ឋអា​មេរិក បន្តនាំមុខឲ្យសហគមន៍អន្តរជាតិនៅរក្សាការដាក់ទណ្ឌកម្មនៅលើកូរ៉េខាងជើងឡើងវិញ ដោយសារតែក្រុងវ៉ាស៊ីនតោន មិនទាន់ទទួលបាន ការជឿជាក់ទាំងស្រុងអំពីជំហររបស់កូរ៉េខាងជើងទាក់ទិននឹងការលុបបំបាត់អាវុធនុយក្លេអ៊ែរ។

នៅថ្ងៃនេះ បើយោងតាមបណ្តាញផ្សាយព័ត៌មាន Channel NewsAsia សហរដ្ឋអាមេរិក និង កូរ៉េខាងត្បូង បានប្រជុំគ្នាដើម្បីពិនិត្យមើលការធ្វើសមយុទ្ធយោធារលក្ខិណៈ តូចៗឡើងវិញ ប៉ុន្តែប្រភពដដែលបញ្ជាក់ថា ទំនងភាគីទាំងពីរពន្យារពេលក្នុងការធ្វើសមយុទ្ធនេះថែមទៀតដោយសារតែកូរ៉េខាងត្បូងសុំឲ្យផ្អាកការធ្វើសមយុទ្ធនេះ៕

 

Share

Image
Image
Image