en     km
en     km

ស្ថាប័នស្រាវជ្រាវមួយថាដំណើរការដកEBAជាការផ្ដល់ជម្រើសកាត់តែតិចនៃទំនាក់ទំនងរវាងកម្ពុជា​និងអឺរ៉ុប

Share

ភ្នំពេញ៖ មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជាបានបង្ហាញពីការតាមដាន និងស្រាវជ្រាវរបស់ខ្លួនពាក់ព័ន្ធនឹងដំណើរការដកប្រព័ន្ធអនុគ្រោះពន្ធEBA ថា ដំណើរការនេះ នឹងធ្វើឱ្យកម្ពុជាជួបផលអវិជ្ជមានច្រើនផ្នែកសេដ្ឋកិច្ច ហើយធ្វើឱ្យទំនាក់ទំនងរវាងភាគីទាំងសងខាងកាន់តែមានលំហតិចតួច ។

ការបញ្ជាក់បែបនេះ ហាក់ដូចជាផ្ទុយទៅនឹងការលើកឡើងរបស់នាយករដ្ឋមន្ត្រីកម្ពុជាកន្លងមក ដែលថាទំនាក់ទំនងកម្ពុជា និងសហភាពអឺរ៉ុបនៅដដែល ។

រាយការណ៍ដោយ លោក សោម លាភ

 

សហភាពអឺរ៉ុបកំពុងតែដំណើរការនីតិវិធីបណ្ដោះអាសន្នលើការដកប្រពន្ធអនុគ្រោះពន្ធគ្រប់មុខទំនិញទាំងអស់លើកលែងអាវុធ ឬEBA ពីកម្ពុជាដែលនាំអោយកម្ពុជា​ចំណាយ​ការបង់ ពន្ធចូលអឺរ៉ុប ក្នុងមួយឆ្នាំៗជិត៧០០លានដុល្លារ។ ដំណើរការដកហូតពន្ធនេះ នឹង​ចូលជាធរមាននៅជាង១១ខែទៀត បើកម្ពុជា មិនមានដំណោះស្រាយ នយោបាយករណី​រំលាយ​គណបក្សសង្រ្គោះជាតិ។

ដោយសាររឿងនេះ គេសង្កេតឃើញ ក្រុមសហជីពនិងអ្នកជំនួញមួយចំនួនបាន ចេញ​សេចក្ដី​ថ្លែងការណ៍ស្នើអោយសហភាពពីចារណាលើវិធានការរបស់ខ្លួនឡើងវិញ។ តែស្របពេលនេះ មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជាបានបង្ហោះសេចក្ដីថ្លែងការណ៍​របស់ខ្លួន​កាល​ពីថ្ងៃទី៦មីនាដោយលើកឡើង​អំពីការតាំងចិត្តជាដៃគូរវាងកម្ពុជា​និង​សហ​ភាព​អឺរ៉ុបក្រោម​គំរោងEBA ។

តាមរយៈសេចក្ដីថ្លែងការណ៍  មជ្ឈមណ្ឌល បានសរសេរថា ដំណើរការព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា ជាកត្តាស្យានុម័ត ដែលស្ថានភាពនេះនឹងផ្ដល់ជាជម្រើសកាន់តែតិចតួចបំផុតដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រាស្រ័យជាមួយសហភាពអឺរ៉ុប ក៏ប៉ុន្តែនឹងបង្កលក្ខណៈ និងឱកាសកាន់តែទូលំទូលាយដល់ដៃគូយុទ្ធសាស្ត្រផ្សេងទៀត សម្រាប់ការពាក់ព័ន្ធកាន់តែជ្រាលជ្រៅជាមួយរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ។

យ៉ាងណាមជ្ឈមណ្ឌលអភិវឌ្ឍកម្ពុជា បង្ហាញក្ដីសង្ឃឹមថា សហភាពអឺរ៉ុប និងគណៈកម្មការអឺរ៉ុប នឹងពិចារណាលើផលវិបាកនៃការដកប្រព័ន្ធអនុគ្រោះពន្ធនេះទៅលើប្រជាជនកម្ពុជា ។

តាមសេចក្ដីថ្លែងការណ៍របស់មជ្ឈមណ្ឌលនេះ គឺបញ្ជាក់ពីការចង់ឃើញមានការបន្តពង្រឹងកិច្ចសហប្រតិបត្តិការណ៍កាន់តែស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយលើគ្រប់វិស័យជាមួយកម្ពុជា ពីភាគីទាំងឡាយណាដែលចង់ឃើញសន្តិភាព ការអភិវឌ្ឍ វិបុលភាព និងការលើកកម្ពស់សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យមាននៅកម្ពុជា ។

មន្ត្រីពីររូបរបស់សហភាពអឺរ៉ុបលោកស្រី Federica Mogherini និងCecilia Malmström បញ្ជាក់ថា ដោយសារតែកម្ពុជាមិនមានការធ្វើឱ្យប្រសើរឡើងនូវការគោរពគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស​ និងនីតិរដ្ឋនៅកម្ពុជាកាន់តែមានភាពអាក្រក់ខ្លាំងឃើញថាទំនាក់ទំនង កម្ពុជានិងសហភាពអឺរ៉ុបអាចនឹងរួមតូច  ។

តែយ៉ាងណាមន្ត្រីជាន់ខ្ពស់កម្ពុជាតែងតែអះអាងថា ការដកប្រព័ន្ធអនុគ្រោះពន្ធEBAពីកម្ពុជា ធ្វើឡើងភ្ជាប់ដោយចរិតនយោបាយ តាមរយៈវោហារបស់អតីតបក្សប្រឆាំងដែលនិរទេសក្រៅប្រទេស ។

នាយករដ្ឋមន្ត្រីកម្ពុជាតែងតែបង្ហាញថា កម្ពុជាមិនខ្វល់ទៅនឹងចំណាត់ការដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជាយ៉ាងណានោះទេ ព្រោះទោះបីជាយ៉ាងណាក៏ដោយ ក៏កម្ពុជាមិនស្លាប់ដែរ ។ សម្ដេង ហ៊ុន សែនបន្ថែមថា កម្ពុជាក៏មិនក្លាយជាប្រទេសអ្នកមានដោយសារតែការមិនយកពន្ធពីអឺរ៉ុបនោះទេ ។

សម្ដេចថា កម្ពុជាបន្តកំណើនសេដ្ឋកិច្ចដោយខ្លួនឯង នឹងធ្វើឱ្យប្រទេសនេះកាន់តែមានភាពថ្លៃថ្នូរ ។

តែយ៉ាងណា សម្ដេច ហ៊ុន សែន បញ្ជាក់ថា ទោះបីជាមានការដកប្រព័ន្ធអនុគ្រោះពន្ធពីសហភាពអឺរ៉ុបមកលើកម្ពុជាក៏ដោយ ក៏ទំនាក់ទំនងរវាងភាគីទាំងពីរមិនធ្លាក់ចុះនោះទេ ។

យ៉ាងណាអ្នកវិភាគក៏បង្ហាញការយល់ឃើញបែបនេះដែរ ព្រោះនេះជារឿងពាណិជ្ជកម្ម ។

បើទោះបីជាមានការអះអាងបែបនេះក្ដី ក៏អង្គការក្រៅរដ្ឋាភិបាលមួយ យល់ឃើញខុសពីនេះ ។

មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា ដែលបានអះអាងថាជាស្ថាប័នស្រាវជ្រាវមួយ ដែលប្ដេជ្ញាថាធ្វើការយ៉ាងជិតស្និតជាមួយរាជរដ្ឋាភិបាលកម្ពុជា និងភាគីពាក់ព័ន្ធដទៃទៀត ក្នុងការសម្របសម្រួលតាមដាន និងធ្វើឱ្យសកម្មភាពសិទ្ធិមនុស្ស ព្រមទាំងលទ្ធិប្រជាធិបតេយ្យមានឡើងនៅកម្ពុជាឱ្យកាន់តែប្រសើរនោះ បានចេញសេចក្ដីថ្លែងការមួយថា ការដកប្រព័ន្ធអនុគ្រោះផ្នែកពាណិជ្ជកម្មមកលើកម្ពុជា ពីសហភាពអឺរ៉ុបជាការកាត់បន្ថយទំនាក់ទំនងរវាងភាគីទាំងពីរ ។

លោក ចច អេដហ្កា បានបញ្ជាក់ចំពោះមុខរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជាលោក ប៉ាន សូរស័ក្ដិថា ទាក់ទងនឹងបេសកកម្មរបស់គណៈកម្មការអឺរ៉ុប លើការដំណើរការនីតិវិធិនៃការដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា គឺលោកមិនទាន់បានទទួលនូវព័ត៌មានជាក់លាក់នៅឡើយទេនៅពេលនេះ ។

ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា បន្ថែមទៀថាអាចនឹងមានក្រុមការងាររបស់សហភាពអឺរ៉ុបមកប្រទេសកម្ពុជាក្នុងអំឡុងពេលចុងខែមីនា និងខែមេសាខាងមុខ ។

សហភាពអឺរ៉ុបគឺជាទីផ្សារធំជាងគេ សម្រាប់នាំចេញផលិតផលពីកម្ពុជា ជាពិសេសគឺវិស័យវាយនភ័ន្ត ។ ការនាំចេញទំនិញពីកម្ពុជាក្រោមក្របខ័ណ្ឌនៃការអនុគ្រោះពន្ធគ្រប់មុខទំនិញទាំងអស់លើកលែងអាវុធ បានផ្ដល់ឱ្យកម្ពុជានូវការចំណេញប្រមាណ៧០០ លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ ៕

អត្តបទដោយ៖ សោម លាភ

Share

Image
Image
Image