en     km
en     km

វិភាគ៖ កោះតៃវ៉ាន់ជាភូមិសាស្រ្តនយោបាយយកចាញ់ឈ្នះរវាងចិន-អាមេរិកនាឆ្នាំ​ ២០២១  

Share

ថ្ងៃនេះ លោក សេរីវឌ្ឍនៈ សូមបន្តយកការវិភាគអំពីចិននិងអាមេរិកបន្តទៀត។ កាលពីសប្តាហ៍មុន លោក សេរីវឌ្ឍនៈ បានលើកឡើងថា  ប្រសិនបើអាមេរិក និង ចិន ផ្ទុះសង្គ្រាម ចំនុចចាប់ផ្តើមនៃសង្គ្រាមគឺនឹងកើតចេញពីភូមិសាស្រ្តកោះតៃវ៉ាន់ និង សមុទ្រចិនខាងត្បូង។ លោកដាក់ជាសំណួរថា តើកោះតៃវ៉ាន់គឺជាភូមិសាស្រ្តនយោបាយដ៏សំខាន់ក្នុងការយកឈ្នះចាញ់ ឬ ការពារពីការលេបត្របាក់ពីបក្សកុម្មុយនីស្តចិន?

ដូចបានលើកឡើងម្តងហើយម្តងទៀត ទាំងតំបន់អាស៊ី និង បស្ចឹមលោក គេបានជជែកពិភាក្សាយ៉ាងផុសផុលអំពីការលេចត្រដែតឡើងដោយប្រទេសចិនក្នុងនាមជាប្រទេសមហាអំណាចសេដ្ឋកិច្ច។ ចិនជារឿយៗ តែងតែអះអាងថាខ្លួនគឺជាមហាអំណាចដ៏រុងរឿង អស្ចារ្យមួយ។ អាមេរិកវិញកាលសម័យគ្រប់គ្រងរដ្ឋអូប៉ាម៉ា ចង់បានណាស់ ចង់មានតួនាទីមួយលើសនរណាទាំងអស់នៅអាស៊ីប៉ាស៊ីហ្វិក តំបន់កោះតៃវ៉ាន់ ដែលចិនចាត់ទុកថាជាដែនអំណាចរបស់ខ្លួន។

ចាប់តាំងពីសម័យសង្គ្រាមត្រជាក់រលត់រលាយបាត់ទៅ ចិនជំនួសខ្លួនដោយរុស្សីដោយចេតនា ដោយដឹងថាថ្ងៃណាមួយខ្លួនប្រាកដក្លាយជាសត្រូវទី ១ របស់អាមេរិកជាក់ជាពុំខាន។ កាលពីឆ្នាំ​ ២០០១ កាលជំនាន់លោកប៊ូស ជាប្រធានាធិបតី ក៏ធ្លាប់និយាយដែល ដោយពេលនោះលោកថា ចិនគឺជាសត្រូវយុទ្ធសាស្រ្តទី ១ របស់អាមេរិក ចាប់ពីពេលនេះតទៅ មិនមែនសូវៀតនោះទេ។ មែនទែនទៅ អាមេរិកនិងចិន គឺមានមនោគមនយោបាយខុសគ្នាដាច់។ អាមេរិកតាំងខ្លួនថា ខ្លួនគឺជាជើងឯកប្រជាធិបតេយ្យ ឯចិនប្រកាន់យករបបកុម្មុយនីស្ត ថ្វីបើចិននាពេលក្រោយនេះ បានសម្រេចថាបោះបង់ចោលសេដ្ឋកិច្ចផែនការ ហើយបើកចំហរទីផ្សារសេរីជិត ៤០ ឆ្នាំទៅហើយក្តី។

ជាបឋម បើយើងសង្កេតមើលអោយជាក់ ភូមិសាស្រ្តកោះតៃវ៉ាន់នេះ គឺវាស្រដៀងគ្នាទៅនឹងភូមិសាស្រ្តរបស់ទីក្រុងប៊ែកឡាំងរបស់សហព័ន្ធអាល្លឺម៉ង់ នៅពេលដែលអាមេរិកប្រឈមមុខដាក់គ្នាជាមួយសហភាពសូវៀត។ កាលនោះ លោក Winston Churchill នាយករដ្ឋមន្រ្តីនៃប្រទេសអង់គ្លេសបានហៅជញ្ជាំងប៊ែកឡាំង ដែនពុះជ្រែកខណ្ឌអ៊ឺរ៉ុបខាងលិច និង ខាងកើត ថាជា«វាំងននដែក»។  ជាការឆ្លើយតបសហរដ្ឋអាមេរិក និង ចក្រភពអង់គ្លេស ដោយនៅទីបំផុតផ្តួលសហភាពសូវៀតបាន ហើយថែមទាំងដណ្តើមបានទីក្រុងប៊ែកឡាំងដែលជាបេះដូងនៃទ្វីបអឺរ៉ុបផងដែរ។

ចិនកុម្មុយនិស្តបានលើកឡើងម្តងហើយម្តងទៀតថា កោះតៃវ៉ាន់គឺជាផ្នែកមួយនៃប្រទេសចិន។ ជនជាតិតៃវ៉ាន់ទទូចថាពួកគេជាប្រជាជាតិឯករាជ្យ ហើយស្រែកក្តែងៗថា ខ្លួននឹងការពារបូរណភាពទឹកដីរបស់គេទោះក្នុងស្ថិតតម្លៃណាក៏ដោយ។

កោះតៃវ៉ាន់ ដែលជាភូមិសាស្រ្ត ឬ ជាកូនសោរយ៉ាងសំខាន់មួយឆ្ពោះទៅកាន់តំបន់អាស៊ីប៉ាស៊ីហ្វិក។ ប្រសិនបើមានការវាយលុករបស់ចិនណាមួយ សហរដ្ឋអាមេរិក អូស្ត្រាលី ជប៉ុន ហ្វីលីពីន ញូវហ្សេឡែន អាចនឹងចូលរួម និង ចាត់វិធានការឆ្លើយតប។ ដូចគ្នាទៅនឹងតំបន់យុទ្ធសាស្រ្តទីក្រុងប៊ែកឡាំងកាលពីឆ្នាំ ១៩៤៨ ឬឯ កោះតៃវ៉ាន់គឺជាភូមិសាស្រ្តសំខាន់ក្នុងឆ្នាំ ២០២១ នេះដូចគ្នា។

ឧបនាយករដ្ឋមន្រ្តីជប៉ុន លោក Taro Aso កាលពីដើមសប្តាហ៍នេះ បានអះអាងថា ជប៉ុននឹងរួមគ្នាការពារកោះតៃវ៉ាន់ ក្នុងករណីមានការវាយប្រហារណាមួយពីចិន។ លោកបន្តទៀតថា ប្រសិនបើចិនដណ្តើមបានកោះតៃវ៉ាន់ ទីក្រុងតូក្យូនឹងក្លាយជាគោលដៅនៃការបង្រួម និង ជះមនោគមវិជ្ជាកុម្មុយនីស្តពីបក្សមជ្ឈឹមកុម្មុយនីស្តចិន។ គាត់បន្តអះអាងទៀតថា៖«ប្រសិនបើយើងមិនអាចការពារកោះតៃវ៉ាន់បាន គឺស្មើនឹងយើងមិនអាចការពារជប៉ុនអញ្ជឹង!»។ 

យ៉ាងណាកាលពីសប្តាហ៍មុន លោកស៊ី ជីងពីង ក្នុងខួប ១០០ ឆ្នាំនៃបក្សកុម្មុយនីស្តចិនបានបញ្ចេញនូវជំហរចង់បង្រួបបង្រួម ហើយបញ្ចេញនូវផែនទីគូសវាសអំពីនាវាចម្បាំង និង អាវុធយុទ្ធភ័ណ្ឌមានលក្ខណៈជាក់លាក់មួយចំនួន បូកនឹងផែនការបីដំណាក់កាលដែលអាចទៅរួចសម្រាប់ការលុកលុយទៅលើកោះតៃវ៉ាន់។ លោកប្រធានាធិបតីស៊ីជិនពីង បានបញ្ជាក់យ៉ាងច្បាស់ថា“ ការបង្រួបបង្រួមឡើងវិញ” គឺជាជំហានអាទិភាពមួយរបស់លោក។

ក៏ប៉ុន្តែគេត្រូវដឹងរឿងមួយទៀតថា ប្រសិនបើតៃវ៉ាន់ត្រូវចិនយកបានមែន ពេលនោះប្រទេស ២ ដែលមានភូមិសាស្រ្តនៅលើសមុទ្រចិនខាងត្បូង គឺ ហ្វីលីពីន និង ឥណ្ឌូនេស៊ី គឺមានជំហរទៅរកចិន។ អញ្ចឹងយើងបកមកសួរវិញថា តើអាមេរិកត្រៀមខ្លួនសម្រាប់សេណារីយ៉ូបែបនេះហើយឬនៅ?

សំណួរនេះ អាចឆ្លើយទៅបានគឺ យើងត្រូវដឹងថាអាមេរិកមានសម្ព័ន្ធមិត្តសំខាន់ៗនឹងក្រុមប្រទេសទាំងនេះ ដែលគេស្គាល់ថា« Quad» ក្នុងនោះមាន អូស្រ្តាលី ជប៉ុន និង ឥណ្ឌា ដែលសុទ្ធសឹងតែជាកម្លាំងឆ្លើយតបទៅនឹងការវាតទីរបស់ចិនមកលើកោះតៃវ៉ាន់ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលនេះគឺជាទស្សនៈវិស័យរបស់ពួកគេក្នុងការទប់ទល់នឹងប្រទេសចិនអំពី តំបន់ប៉ាស៊ីហ្វិកសេរី និង ចំហរ។ តាំងពីជំនាន់ រដ្ឋការលោកដូណាល់ត្រាំ ជាពិសេសការសម្រេចចិត្តទាំងមូលពីទីក្រុងវ៉ាស៊ីនតោនកាលពីឆ្នាំ ២០១៨ផងដែរ ក៏បានបើកភ្លើងខៀវ ឲ្យ​ក្រុមហ៊ុន​ដៃគូ​ក្រសួងការពារ​ជាតិ​អាមេរិក សហការ ជួយ​តៃវ៉ាន់ ឲ្យ​អាច​សាងសង់​នាវាមុជ​ទឹក​ដោយ​ខ្លួនឯង។ ដំណឹង​នេះ​មាន​ចេញ​ពី​មាត់​អ្នកនាំពាក្យ​របស់​ក្រសួង​ការពារ​ជាតិ​តៃវ៉ាន់។

តាមពិតទៅ តាំងតែពីផ្ទុះបញ្ហាវិវាទអធិបតេយ្យភាព នៅតំបន់សមុទ្រចិនខាងត្បូងនេះ​ គឺ សហរដ្ឋអាមេរិក គេមិនដែលនិយាយដោយចំហរ ថាគេកាន់ជើង ថាភាគីណាត្រូវទេ។ អាមេរិក​គ្រាន់តែថា ចិនទាមទារវាទទីនេះ គឺខុសទាំងស្រុង ដោយ​អាមេរិកលើកឡើង ពីគោលការណ៍នៃសិទ្ធិសេរីភាព​ចរាចរណ៍សមុទ្រ ព្រោះតំបន់នេះមិនមែនជាកម្មសិទ្ធិផ្តាច់មុខរបស់ចិន។

អតីតរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Mark Esper  បានបញ្ជាក់ កាលពីឆ្នាំមុន​ ថាអាមេរិកការពារគោលការណ៍នេះ ហើយនឹងនៅតែមានសិទ្ធិ បញ្ជូននាវាចម្បាំង ទៅការពារសន្តិសុខក្នុងតំបន់នេះ ព្រោះវាជាច្រកចរាចរណ៍នាវាដឹកទំនិញ របស់​ពិភពលោក​ដ៏សំខាន់មួយ។ លោកក៏បានអះអាងដែរថា កងទ័ពអាមេរិក នឹងនៅតែមានវត្តមានឆ្លងកាត់ ច្រកសមុទ្រ ចន្លោះចិននិងកោះតៃវ៉ាន់ និងបន្តលក់អាវុធទៅឲ្យ​តៃវ៉ាន់ ព្រោះអាមេរិក​ គោរព​ពាក្យសន្យាជាមួយតៃ​វ៉ាន់ ក្នុងការ​រក្សាការពារសន្តិសុខតំបន់ ព្រមទាំងធានាស្ថិរភាព​ សន្តិភាព។

តែយ៉ាងណាក៏ដោយ សម្រាប់ពេលនេះ គឺភាគីទាំងចិន ទាំងអាមេរិក សុទ្ធតែអះអាងប្រកាសសម្តី ​យកត្រូវរៀងៗខ្លួន។ ទាក់ទិននឹងបញ្ហាតៃវ៉ាន់ បើថ្ងៃណាមួយ​ចិនប្រើកម្លាំងវាយយក​មកវិញមែន សួរថា តើអាមេរិក ពិតជាហ៊ាន​ប្តូរជីវិត ធ្វើសង្រ្គាម​ជាមួយចិនមែនឬយ៉ាងណា? អ្វីៗវាអាស្រ័យទៅលើគោលជំហរ របស់រដ្ឋាភិបាលអាមេរិក លោក ចូ បៃឌិន។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ចិនបានបន្ថែមការចំណាយ​ច្រើនណាស់លើវិស័យកងទ័ព និងជាពិសេសនោះ គឺផ្នែកនាវាចម្បាំង ដែលបានឡើងដល់ទៅ​៦០០គ្រឿង ច្រើនជាងប្រទេសណាៗ ទាំងអស់៕

 

 

Share

Image
Image
Image