loader

ក្រុមប្រតិកម្មព័ត៌មាននៃគ.ជ.ប ថ្លែងការណ៍ពីជំហរឯករាជ្យរបស់គ.ជ.ប

ភ្នំពេញ៖ ដើម្បីអាចធានាបាននូវភាពត្រឹមត្រូវតាមគន្លងច្បាប់ និងភាពអាចឱ្យជឿទុកចិត្តបានចំពោះការបោះឆ្នោតខាងមុខនេះ  គ.ជ.ប  សន្យាអនុវត្តគោលការណ៍ជាមូលដ្ឋានដែលជាត្រីវិស័យចំនួន ៧ ចំនុច។ នេះបើតាមសេចក្ដីថ្លែងការណ៍របស់ក្រុមប្រតិកម្មព័ត៌មាននៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតចុះនៅថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។

តាមសេចក្ដីថ្លែងការណ៍នេះ ត្រីវិស័យចំនួន ៧ ចំនុចដែលគ.ជ.ប អនុវត្តន៍ គឺ ឯករាជ្យភាព អព្យាក្រឹតភាព សុចរិតភាព តម្លាភាព ប្រសិទ្ធភាព វិជ្ជាជីវៈភាព និងភាពជាអ្នកបម្រើសេវា ។

នៅក្នុងខ្លឹមសារនៃសេចក្ដីថ្លែងការណ៍ដដែលនេះ  ក្រុមប្រតិកម្មព័ត៌មាន គ.ជ.ប បានគូសបញ្ជាក់សារជាថ្មីថា គ.ជ.ប គឺជាស្ថាប័នអនុវត្តច្បាប់ និងបច្ចេកទេសសុទ្ធសាធ ហើយប្រកាន់ជំហរដូចមានចែងក្នុងរដ្ឋធម្មនុញ្ញមាត្រា ១៥០ថ្មី (ពីរ) គឺ “គ.ជ.ប ជាអង្គការដែលមានសមត្ថកិច្ចរៀបចំ ចាត់ចែង គ្រប់គ្រងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ព្រមទាំងការបោះឆ្នោតផ្សេងៗទៀតតាមការកំណត់នៃច្បាប់។ គ.ជ.ប ត្រូវអនុវត្តសមត្ថកិច្ចរបស់ខ្លួនប្រកបដោយ ឯករាជ្យ និងអព្យាក្រឹត ដើម្បីធានាឱ្យការបោះឆ្នោត ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។

ក្នុងន័យនេះ គ្មាននរណាម្នាក់មានសិទ្ធិមករារាំងការងាររបស់ គ.ជ.ប បានទេ ជាពិសេស គ.ជ.ប កំពុងដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨ នេះ ។

តែបែបនេះក្ដី លោកកន សាវាង្ស មន្ត្រីជាន់ខ្ពស់ ផ្នែកអង្កេតនៃ អង្គការឃ្លាំមើលការបោះឆ្នោត ហៅកាត់ថា ខុម ហ្វ្រេល ហាក់ មិនទាន់មើលឃើញ ជំហរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មី ក្រោយពីកូតារបស់គណបក្សសង្រ្គោះជាតិ បានលាលែងថា មានភាពរឹងមាំយ៉ាងណានោះទេ។ លោក ពន្យល់ថា សមាសភាពថ្មី ចំនួន២រូប ដែលជ្រើសចេញពីសមាជិកសភាក៏មិនបានឆ្លុះបញ្ជាំងពីឆន្ទៈរបស់ម្ចាស់ឆ្នោតដែរ។ តែជាមួយគ្នានេះ លោកនៅរង់ចាំមើល ការងារគជប ទៅថ្ងៃខាងមុខទៀត។

សំឡេង ៖

យ៉ាងណាក៏ដោយ សេចក្ដីថ្លែងការណ៍ដដែលនេះ គ.ជ.ប បានឱ្យដឹងថា ខ្លួនបានទទួលឯកសារផ្លូវការពីក្រសួងមហាផ្ទៃទាក់ទងនឹងការលុបឈ្មោះអតីតគណបក្សសង្គ្រោះជាតិចេញពីបញ្ជីគណបក្សនយោបាយ ហើយ គ.ជ.ប ក៏បានបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនស្របតាមច្បាប់រួចរាល់ហើយដែរ។

ដោយឡែកកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ អតីតសមាជិក គ.ជ.ប ចំនួន ៣រូប ដែលត្រូវប្រកាន់ជំហរអព្យាក្រឹត្យបានដាក់លិខិតលាលែងពីតំណែងស្របតាមច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃ  គ.ជ.ប ហើយក្នុងស្ថានភាពបែបនេះ សមាជិក គ.ជ.ប ចំនួន ៦រូប គឺមានកូរ៉ុមគ្រប់គ្រាន់សម្រាប់អនុម័តរាល់សេចក្តីសម្រេចនានា ព្រមទាំងបន្តការងារជាប្រក្រតីរបស់ខ្លួន។

ប៉ុន្តែដោយច្បាប់តម្រូវថា គ.ជ.ប ត្រូវមានសមាជិកចំនួន ៩រូប គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាមានពេល ៥ថ្ងៃ ដើម្បីជ្រើសរើសសមាជិកថ្មីមកជំនួស យោងតាមមាត្រា ១១ នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃ គ.ជ.ប និងក៏ដូចជាមាត្រា ១៥១ថ្មី (ពីរ) នៃរដ្ឋធម្មនុញ្ញ ក្នុងករណីសមាជិកណាមួយនៃ គ.ជ.ប បាត់បង់សមាជិកភាពរបស់ខ្លួន។

កាលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧ សមាជិកសភាចំនួន ១០៤រូប បានបោះឆ្នោតជាសម្ងាត់ជ្រើសរើស សមាជិក គ.ជ.ប ថ្មីចំនួន ៣រូប ដែលបានចូលកាន់តំណែងជាផ្លូវការកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ បច្ចុប្បន្ន គ.ជ.ប មានកូរ៉ុមគ្រប់ចំនួន ៩រូប ដើម្បីបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន៕

 

បញ្ចេញមតិ

Be the First to Comment!

avatar

ព័ត៌មានទាក់ទង

សាលាដំបូងកោះហៅសាក្សី៨រូប​ក្នុងសំណុំរឿងរបស់លោក កឹម សុខា ករណីក្បត់ជាតិ

ភ្នំពេញ៖សាលាដំបូងរាជធានីភ្នំពេញបានសម្រេចកោះហៅ[...]

ស្ថានតំណាងកម្ពុជាបានជួយពលរដ្ឋខ្មែរ២៨នាក់ធ្វើការដោយខុសច្បាប់នៅក្រៅប្រទេស

ភ្នំពេញ៖តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការប[...]

ពលរដ្ឋ ៧៥នាក់ ស្រុកចិត្របុរី ពុលនំបុ័ង ខណៈពុលទឹកថ្មីៗនេះសម្លាប់មនុស្ស១៤នាក់

ខេត្តក្រចេះ៖ ប្រជាពលរដ្ឋជាង ៧៥ នាក់ ក្នុងមានស[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត