en     km
en     km

គ.ជ.បស្វាគមន៍អ្នកសង្កេតការណ៍ជាតិ-អន្តរជាតិខណៈអង្គការមួយថាមិនទាន់ចាប់អារម្មណ៍ទេ

Share

ក្រុងភ្នំពេញ៖ នៅថ្ងៃទី ០៤ ខែ មេសា ឆ្នាំ ២០១៨ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានចេញសេចក្តីប្រកាសស្វាគមន៍ដល់អ្នកសង្កេតការណ៍ជាតិ និង អន្តរជាតិ ចូលរួមធ្វើជាអ្នកសង្កេតការណ៍សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និតិកាលទី៦ ឆ្នាំ២០១៨។

ស្របពេលនេះដែរ មន្ត្រីសង្គមស៊ីវិលដែលធ្លាប់សង្កេតការណ៍ក្នុងព្រឹត្តិការណ៍បោះឆ្នោតឃុំ សង្កាត់ កាលពីឆ្នាំ២០១៧ កន្លងទៅហាក់បង្ហាញជំហររារែក ដោយរង់ចាំស្ទាបស្ទង់សភាពការណ៍នយោបាយជាមុនសិន។

លោក សេរី វឌ្ឍនៈ លំអិតជូនពីព័ត៌មាននេះ៖ 

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានចេញសេចក្តីប្រកាសព័ត៌មានដោយស្វាគមន៍ ទាំងអ្នកសង្កេតការណ៍ការបោះឆ្នោតជាតិ និង អន្តរជាតិ ដែលមានបំណងចូលរួមសង្កេតការណ៍សម្រាប់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត និតិកាលទី៦ ឆ្នាំ ២០១៨ ប្រព្រឹត្តទៅនៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១៨ ខាងមុខនេះ។

ការប្រកាសស្វាគមន៍អ្នកសង្កេតការណ៍ជាតិ-អន្តរជាតិនេះ ធ្វើឡើងបន្ទាប់ពី សហគមន៍អន្តរជាតិ បានប្រកាសមិនទទួលស្គាល់លទ្ធិផលការបោះឆ្នោតជាតិខាងមុខ ខណៈរដ្ឋាភិបាល បានប្រើប្រាស់គោល ការមួយចំនួន ឈានទៅរំលាយគណបក្សប្រឆាំង ការចាប់ខ្លួនលោក កឹម សុខា ការបិទសិទ្ធិនយោបាយមន្ដ្រីបក្សប្រឆាំងទាំង ១១៨ រូប និង ការបិទ ប្រព័ន្ធផ្សព្វផ្សាយមួយចំនួន។

ស្របពេល គ.ជ.ប ប្រកាសស្វាគមន៍នេះ លោក សំ គន្ធាមី នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត្យ និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា ហៅកាត់ថា និកហ្វិក បានឲ្យវិទ្យុស្រ្តីដឹងថា នៅខណៈ ស្ថានការណ៍នយោបាយហាក់ពុំទាន់ធូរស្បើយនេះ អង្គការរបស់លោកនៅមិនទាន់ហ៊ានបង្ហាញជំហរណាមួយច្បាស់លាស់ថា ចូលរួម  ឬ មិនចូលរួមឡើយ។ លោក បន្ថែមថា លោកនឹងធ្វើការពិភាក្សាជាមួយបណ្តាអង្គការដទៃទៀត ដោយស្ទាបស្ទង់ចាំមើលកំដៅស្ថានការណ៍នយោបាយបន្តទៀត។

សំឡេង លោក សំ គន្ធាមី៖

យ៉ាងណាក៏ដោយ លោកបានបង្ហើបប្រាប់វិទ្យុស្រ្តីថា ប្រសិនបើការកំដៅនយោបាយនៅកម្ពុជាងាកត្រឡប់មករកភាពធូរស្បើយវិញ គឺទាំងអង្គការរបស់លោក និង បណ្តាអង្គការសង្គមស៊ីវិល បានត្រៀមខ្លួនរួចជាស្រេច ក្នុងការចូលរួមសង្កេតការណ៍បោះឆ្នោត ដែលនឹងធ្វើឡើងនាចុងខែ កក្កដា នេះ។

គួររំលឹកថា កំដៅនយោបាយកម្ពុជាហាក់ដូចជាមិនធូរស្រាលសោះ បន្ទាប់ពីតុលាការសម្រេចឲ្យរំលាយគណបក្សប្រឆាំង កាលពីចុងឆ្នាំ ២០១៧ នេះ។ សហគមន៍អន្តរជាតិ បានប្រកាសដកជំនួយ ផ្សេងៗពីកម្ពុជា ហើយនិងប្រកាសមិនទទួលស្គាល់លទ្ធផលការបោះឆ្នោតនេះ ប្រសិនបើគ្មានវត្តមានរបស់គណបក្សសង្គ្រោះជាតិ។ តែបែបនេះក្ដី បក្សកាន់អំណាច ជាពិសេស ប្រធានគណប​ក្សប្រជាជនកម្ពុជា សម្ដេច នាយករដ្ឋមន្ត្រី បានអះអាងថា ការបោះឆ្នោតសភា ថ្ងៃទី២៩កក្កដា ពិតជាធ្វើឡើង ទោះជាគ្មានវត្តមានបក្ស សង្រ្គោះជាតិ ឬ អ្នកសង្កេតការណ៍អន្តរជាតិ ខ្លះមិនទទួលស្គាល់លទ្ធផលការបោះឆ្នោតនេះក៏ដោយ៕

Share

Image
Image
Image