ភ្នំពេញ៖ នៅទីបំផុតកម្មកររោងចក្រ ហ្វ្ល័ររីថេក ប្រមាណជិត២០០នាក់បានមូលមតិគ្នាដាក់ពាក្យលាឈប់ពីការងារ បន្ទាប់ពីនាយកក្រុមហ៊ុនពុំព្រមដកប្រធានរដ្ឋបាលពីការងារតាមការទាមទាររបស់កម្មករ។ សម្រាប់ភាគីក្រុមហ៊ុនវិញបញ្ជាក់ថា ពុំអាចធ្វើតាមការសំណើរបស់កម្មករបែបតក់ក្រហល់នោះទេ ដូច្នេះជម្រើសរបស់ក្រុមហ៊ុនគឺទុកលទ្ធភាពឱ្យកម្មករណាដែលមិនសុខចិត្តអាចលាឈប់ពីការងារ ព្រោះរោងចក្រចង់ស៊ើបអង្កេតលើប្រធានរដ្ឋបាលរយៈ ២ខែសិន។
លោក កែវ សុខា ជូនសេចក្តីរាយការណ៍
ជាលទ្ធផលក្រោយកិច្ចប្រជុំកាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ និងជាជំហររបស់កម្មករនៅថ្ងៃទី១៩ ខែកុម្ភៈ នេះ គឺកម្មករប្រមាណជិត២០០នាក់ ក្នុងចំណោមកម្មករសរុបប្រមាណ ១២០០នាក់ បានសម្រេចចិត្តសុំលាឈប់ពីការងារ ព្រោះយល់ថា ពួកគេពុំអាចស៊ូទ្រាំធ្វើការងារក្នុងរោងចក្រដែលមានប្រធានរដ្ឋបាលជាមនុស្សតែងប្រើពាក្យសម្តីអសុរោះ ជេរប្រមាថកម្មករដូចសត្វធាតុយ៉ាងដូច្នេះនោះទេ។
សកម្មភាពប្រមូលផ្តុំគ្នាតវ៉ាសុំដកប្រធានរដ្ឋបាលរោងចក្រ ហ្វ្ល័ររីថេក ចេញពីការងារកាលពីថ្ងៃទី១៧ ខែកុម្ភៈ។រូបភាពពីកម្មករ។
អ្នកស្រី រឿង សុខល័ក្ខ តំណាងកម្មកររោងចក្រ ហ្វ្ល័ររីថេក និយាយថា កម្មករប្រមាណជិត ២០០នាក់បានដាក់ពាក្យលាឈប់កាលពីម្សិលមិញ ដោយក្រុមហ៊ុនបានទូទាត់ប្រាក់អត្ថប្រយោជន៍នានាជូនជាបន្តបន្ទាប់ហើយ ដោយមិនមានបញ្ហាបាត់លុយកាក់អ្វីនោះទេ។ អ្នកស្រីបន្តថា ការសម្រេចចិត្តឈប់ពីការងារក្នុងរោងចក្រនេះ ព្រោះកម្មករពុំអាចស៊ូទ្រាំនឹងពាក្យសម្តី និងអាកប្បកិរិយា របស់ប្រធានរដ្ឋបាលដែលតែងអាងអំណាចស្តីជេរប្រមាថកម្មករ ហើយដកកម្មករតាមទំនើងចិត្តនោះទេ។
អ្នកស្រីបន្ថែមទៀតថា អ្នកស្រីនិងកម្មករផ្សេងទៀតដែលបានទូទាត់ប្រាក់រួចហើយអាចស្វែងរកការងារថ្មីនៅរោងចក្រក្បែរៗនេះធ្វើការ តែអ្នកស្រីមិនច្បាស់ថា កម្មករដែលលាឈប់ផ្សេងទៀតអាចទៅសុំការងារធ្វើនៅរោងចក្រ ហ្វ្ល័ររីថេក វិញឬយ៉ាងណានោះទេ។
អ្នកស្រី រឿង សុខល័ក្ខ៖«ពួកខ្ញុំ[កម្មករ]គិតថា ក៏លាឈប់ដែល ព្រោះអីខាងរដ្ឋបាលគាត់ដាក់សម្ពាធកម្មករណាស់ គាត់និយាយអាក្រក់ គាត់ជេរ គាត់ប្រមាថយើង។នៅនេះរោងចក្រគេបើកច្រើនណាស់បង មិនមែនមានតែរោងចក្រហ្នឹងទេ ពេលខ្ញុំទៅកន្លែងថ្មីក៏អត់មានហេតុការណ៍ដូចរោងចក្រចាស់នេះទេ»។
សកម្មភាពប្រមូលផ្តុំគ្នាតវ៉ាសុំដកប្រធានរដ្ឋបាលរោងចក្រ ហ្វ្ល័ររីថេក ចេញពីការងារកាលពីថ្ងៃទី១៧ ខែកុម្ភៈ។រូបភាពពីកម្មករ។
ជុំវិញរឿងនេះលោក សឿ រ៉ាវុធ ប្រធានរដ្ឋបាលរោងចក្រខាងលើប្រាប់ថា ករណីរបស់លោកដែលកម្មករតវ៉ាទាមទារសុំដកតំណែង គឺនាយកក្រុមហ៊ុនមិនអាចធ្វើតាមសំណើរបស់កម្មករបែបតក់ក្រហល់នោះទេ ដោយទុករយៈពេលតាមដានអង្កេតសកម្មភាពការងាររបស់លោកមុននឹងសម្រេចដកពីការងារ។ លោកថា សកម្មភាពរបស់កម្មករដែលតវ៉ាបណ្តេញលោកចេញភ្លាមៗបែបនេះ ប្រៀបដូចជាដាក់សម្ពាធជ្រុលហួសហេតុមកលើនាយកក្រុមហ៊ុនដែលទើបមកចូលកម្មតួនាទីថ្មីៗ។ ដូច្នេះជាការសម្រេចរបស់នាយកក្រុមហ៊ុន គឺទុកលទ្ធភាពឱ្យកម្មករណាដែលចង់នៅបម្រើការងារគឺអាចបន្តការងារដដែល តែសម្រាប់កម្មករដែលមិនពេញចិត្តធ្វើការងារ ខាងក្រុមហ៊ុននឹងទូទាត់ប្រាក់ជូនភ្លាមៗមុនចាកចេញ។
ទោះបីបែបនេះក្តីលោកនៅតែទទួលស្គាល់កំហុស ដែលលោកហាក់ដូចប្រើអារម្មណ៍ពេលបំពេញការងារ និងពេលខ្លះប្រើសម្តីធ្ងន់ៗដាក់កម្មករមែន។ យ៉ាងណាលោកនឹងព្យាយាមទទួលយកមតិរិះគន់ពីកម្មករនិយោជិត បើសិនករណីយល់ថា លោកធ្វើការហួសដែនកំណត់ធ្វើឱ្យប៉ះពាល់កិត្តិយស សេចក្តីថ្លៃថ្នូរ របស់បងប្អូនកម្មករ។
លោក សឿ រ៉ាវុធ៖«កម្មករជាច្រើនគាត់នៅក្នុងនេះគាត់ដឹងហើយ ពេលខ្លះខ្ញុំបានប្រាប់ថា ពេលខ្លះខ្ញុំខឹង ខ្ញុំប្រើពាក្យនិយាយអី លើសលប់ខ្ញុំសុំទោសមុនឱ្យហើយ តែបើលើសខ្លាំងមែនទែនប្រាប់ខ្ញុំមក ថាពាក្យហ្នឹងលើសហើយ ខ្ញុំនឹងសុំទោសភ្លាមៗមួយរំពេចនៅទីនោះតែម្តងមិនចាំបាច់ទុកយូរ។ ហើយមកដល់ពេលនេះខ្ញុំក៏បានសន្យាចំពោះមុខកម្មករដែរ ខ្ញុំនឹងធ្វើការកែប្រែអារឿងស្រែឡូឡាហ្នឹង»។
សូមរំលឹកបន្តិចថា កម្មកររោងចក្រ ហ្វ្ល័ររីថេក ជិត៤០០នាក់ មានទីតាំងស្ថិតនៅភូមិត្រពាំងព្រៃ ឃុំទំនប់ធំ ស្រុកពញាឮ ខេត្ដកណ្ដាល (ផ្លូវ៥១) បានសម្រចចិត្តចេញតវ៉ាកាលពីថ្ងៃទី១៧ និងទី១៨ ខែកុម្ភៈ ដើម្បីតវ៉ាទាមទារដកប្រធានរដ្ឋបាលរោងចក្រពីការងារ ដោយទ្រាំទ្រនឹងទង្វើប្រមាថអាយុជីវិត សេចក្តីថ្លៃថ្នូរមកលើកម្មករទៀតពុំបាន។ ការតវ៉ានេះ ត្រូវបានក្រុមការងារសម្របសម្រួលដែលមានសមាសភាពពី អភិបាលស្រុកពញាឮ មន្រ្តីអធិការកិច្ចការងារ សមត្ថកិច្ចមូលដ្ឋាន នាយកក្រុមហ៊ុន រដ្ឋបាលរោងចក្រ និងតំណាងកម្មករផងដែរជួបប្រជុំគ្នា។ តែសម្រេចសម្រួលជាលទ្ធផល នាយកក្រុមហ៊ុនពុំព្រមទទួលយកការស្នើរបស់កម្មករដែលតម្រូវឱ្យដកប្រធានរដ្ឋបាលចេញពីការងារភ្លាមៗនោះទេ ដោយទុកលទ្ធភាពស៊ើបអង្កេតបញ្ហាចោទប្រកាន់ប្រធានរដ្ឋបាលនេះរយៈ២ខែ៕