en     km
en     km

NEA ចុះកិច្ចព្រមព្រៀងជាមួយ GIZ លើកកម្ពស់ការងារក្នុងខេត្តបន្ទាយមានជ័យ

Share

ភ្នំពេញ៖ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ) និងទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) បានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការងារជាមួយគ្នា ដើម្បីលើកកម្ពស់ការងារដល់ពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ។

នេះបើតាមកិច្ចប្រជុំមួយដែលធ្វើឡើងកាលពីថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០១៨ នៅទីស្ដីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

នៅក្នុងកិច្ចប្រជុំស្ដីពីកិច្ចសហប្រតិបត្តិការក្នុងការលើកកម្ពស់ការងារក្នុងខេត្តបន្ទាយមានជ័យនេះដដែល លោក Guenter Riethmacher នាយកប្រចាំប្រទេស លើកឡើងថា NEAដើរតួយ៉ាងសំខាន់ណាស់ក្នុងការសហការ ជាមួយផ្នែកឯកជន លើកកម្ពស់ការងារដល់យុវជន និងអ្នកកំពុងស្វែង រកការងារ។ លោកជឿជាក់ថាភាគីទាំងពីរនឹងបន្ត សហការគាំទ្រគ្នាទៅវិញទៅមកដើម្បីឱ្យគម្រោងមួយនេះដំណើរការដោយជោគជ័យ។

កិច្ចព្រមព្រៀងរវាង NEA និងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់ ដំណាក់កាលទី៤ របស់ ទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការលើកកម្ពស់ការងារនៅក្នុងខេត្តបន្ទាយមានជ័យ គឺដើម្បីភ្ជាប់ប្រធានមជ្ឈមណ្ឌលការងារខេត្តបន្ទាយមានជ័យ ជាមន្រ្តីកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់ ដំណាក់កាលទី៤ ដែលមានសកម្មភាពត្រូវអនុវត្តដូចខាងក្រោម៖ 

– អនុវត្តការពង្រីកសេវា, ការបណ្តុះបណ្តាលការរៀបចំការងារ និងសេវាទទួលបានការងារ 
– ចូលរួមក្នុងការអភិវឌ្ឍសមត្ថភាពដើម្បីបង្កើនការគ្រប់គ្រង និងគុណភាពផ្តល់សេវារបស់មន្រ្តីមជ្ឈមណ្ឌលការងារ 
– គាំទ្រគណៈកម្មការជម្រុញការងារកម្រិតឃុំ ដើម្បីភ្ជាប់អ្នកស្វែងរកការងារពីស្រុកជាមួយការងារដែល    ផ្តល់ដោយមជ្ឈមណ្ឌលការងារ 
– សម្របសម្រួលកិច្ចសហប្រតិបត្តិការរវាងមជ្ឈមណ្ឌលការងារជាមួយមជ្ឈមណ្ឌលបណ្តុះបណ្តាលខេត្ត ដើម្បីធ្វើការផ្គូផ្គងតម្រូវការ និងការផ្គត់ផ្គង់ជំនាញកាន់តែប្រសើរឡើង 
– អភិវឌ្ឍការទំនាក់ទំនងជាមួយអ្នកជំនួញ ម្ចាស់ជំនួយ និងស្ថាប័នពាក់ព័ន្ធដទៃទៀត 
– គាំទ្រកិច្ចសន្ទនារវាងដៃគូសាធារណៈ និងឯកជន ក្នុងខេត្តបន្ទាយមានជ័យ ដើម្បីផ្លាស់ប្តូរ សហប្រតិបត្តិការ និងការសម្របសម្រួល រវាងវិស័យសាធារណៈ និងឯកជន ស្តីពីការអភិវឌ្ឍជំនាញ និងការជម្រុញការងារ។

គួរបញ្ជាក់ផងដែរថា ទីភ្នាក់ជាតិមុខរបរ និងការងារ ជាទីភ្នាក់ងារផ្តល់សេវាការងារសាធារណៈរបស់រាជរដ្ឋាភិបាលដែលមានតួនាទីភារកិច្ចក្នុងការផ្តល់៖ សេវាការងារ និងព័ត៌មានទីផ្សារការងារទូលំទូលាយជាងគេនៅព្រះរាជាណាចក្រកម្ពុជា។ ទីភ្នាក់ងារនេះត្រូវបានបង្កើតឡើងក្នុងទម្រង់ជាទីភ្នាក់ងារប្រតិបត្តិការពិសេសក្នុងឆ្នាំ២០០៩ ស្ថិតនៅក្រោមគណៈកម្មាធិការជាតិបណ្តុះបណ្តាល និងមានស្នាក់ការកណ្តាលនៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕

Share

Image
Image
Image