វ៉ាស្សាវី៖ សហរដ្ឋអាមេរិកបានប្រកាសកាលពីថ្ងៃសុក្រទី ៨ ខែកក្កដាថា អង្គការ Nato នឹងដាក់ពង្រាយកងទ័ពចំនួន ១ពាន់នាក់ ទៅកាន់ប្រទេសប៉ូឡូញ ដើម្បីធានាឱ្យប្រទេសអតីតសមាជិកម្មុយនីស្តមួយនេះ អាចមានទំនុកចិត្តឡើងវិញ កុំឱ្យភ័យខ្លាចការកំរាមកំហែងពីសំណាក់ប្រទេសរុស្ស៊ី។
ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅវ៉ាស្សាវី ប្រទេសប៉ូឡូញ លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា បាននិយាយថា កងទ័ពណាតូនឹងកៀកស្មាជាមួយកងទ័ពប៉ូឡូញដើម្បីប្រឆាំងរុស្ស៊ី។
ជាមួយគ្នានេះ ប្រទេសអង់គ្លេសបានឱ្យដឹងកាលពីដើមសប្តាហ៍នេះថា កងទ័ពអង់គ្លេស ៦៥០ នាក់ ឬស្មើនឹងមួយវរសេនាតូច និងចូលរួមជាមួយសម្ព័ន្ធមិត្តអង្គការណាតូ ដែលរួមមានទាំងប្រទេសអាល្លឺម៉ង់ និងប្រទេសកាណាដាផងនោះ សន្យាថានឹងក្រោកឈរឡើងតតាំងដោយផ្ទាល់ជាមួយរស្ស៊ី។
លោកស្រី Elissa Slotkin ឧបការីស្តីទីការពារជាតិអាមេរិកសម្រាប់សន្តិសុខអន្តរជាតិ បាននិយាយថា កងទ័ពនេះនឹងមានវត្តមាននៅកន្លែងគ្រប់ពេលវេលានៅឆ្នាំក្រោយ។
លោកស្រី Elissa និយាយថា៖«កងវរសេនាតូចទាំងបួននេះ គឺតំណាងឱ្យចលនាធំបំផុតសមាជិករបស់អង្គការណាតូ ចាប់តាំង ពីបញ្ចប់នៃសង្គ្រាមត្រជាក់មកម្ល៉េះ »។
លោកស្រីបន្តថា៖«សហរដ្ឋអាមេរិកនឹងធ្វើការបែងចែកបុគ្គលិក និងសម្ភារៈទៅកាន់ទ្វីបអឺរ៉ុប និងទៅកាន់អគ្គមេបញ្ជាការអង្គ ការណាតូដើម្បីគាំទ្រសកម្មភាពនេះ»។
កងទ័ពទាំង ៤វរសេនាតូចនេះ នឹងត្រូវបញ្ចូលតាមរយះប្រទេសប៉ូឡូញទៅក្នុងរដ្ឋ Baltic តូចមួយនៃប្រទេសអេស្តូនី ហើយប្រទេស Latvia និងប្រទេសលីទុយអានី បានដើរតួស្នូលដើម្បីទប់ស្កាត់ការយាយីណាមួយពីសំណាក់រុស្ស៊ី។
សូមរំលឹកបន្តិចថា អង្គការណាតូធ្លាប់បានធ្វើការរួមគ្នាផងដែរ ក្នុងការទប់ស្កាត់ការធ្វើអន្តរាគមន៍របស់រុស្ស៊ី ក្នុងតំបន់ Crimea នៃប្រទេសអ៊ុយក្រែន កាលឆ្នាំ ២០១៤។ ជាមួយគ្នានេះដែលប្រទេសអតីតសមាជិកប្លុកសូវៀតកំពុងខ្វល់ខ្វាយ និងខ្លះបានរងគ្រោះដោយការប៉ុនប៉ងច្បមយកទឹកដីពីក្រុងម៉ូស្គូបន្ថែមទៀត។
គួរកត់សម្គាល់ថា កាលពីថ្ងៃទី០៨កក្តដាម្សិលមិញនេះដែរ ក៏មានភាពតានតឹងមួយកើតឡើងផងដែល គឺបន្ទាប់សហរដ្ឋអា មេរិក និងកូរ៉េខាងត្បូងបានព្រមព្រៀងគ្នាឯកភាពលើគម្រោងពង្រាយប្រព័ន្ធការពារមីស៊ីលទំនើបរបស់អាមេរិក THAAD ទៅកាន់កូរ៉េខាងត្បូង ដើម្បីទប់ទល់ការគំរាមកំហែងរបស់កូរ៉េខាងជើង។ ក្រុមការងាររួមរបស់ប្រទេសទាំងពីរ កំពុងសិក្សាដើម្បីឈានទៅកំណត់ទីតាំងសមស្របសម្រាប់ដំឡើងអាវុធនេះ និងពេលវេលាសមរម្យដែលអាចបញ្ជូនអាវុធនេះទៅបានផងដែរ។
កិច្ចព្រមព្រៀងនេះ បានធ្វើឱ្យមហាអំណាចចិន និងរុស្ស៊ីក្តៅស្លឹកត្រចៀកមិនស្ទើរនោះទេ ការដាក់ពង្រាយប្រព័ន្ធការពារគ្រាប់មីស៊ីល THAAD ដ៏ចម្រូងចម្រាស់នៅ លើទឹកដីឧបទ្វីបកូរ៉េគឺជាផ្នែកមួយនៃការគំរាមកំហែងមហាយក្សទាំងពីរ។ ទីក្រុងមូស្គូមិនសំងំយូរឡើយ ពោលគឺរុស្ស៊ីបានចេញសេចក្តីថ្លែងការណ៍គំរាមថា ប្រសិនបើអាមេរិកហ៊ានដាក់ពង្រាយប្រព័ន្ធ THAAD មែននោះ រុស្ស៊ីក៏នឹងប្រមូលគ្រាប់មីស៊ីលរបស់ខ្លួននៅដាក់នៅភាគខាងកើតប្រទេសដែលកៀកនឹងតំបន់នោះវិញផងដែរ។
ចំណែកចិនក៏បានចេញសេចក្តីថ្លែងការណ៍ប្រឆាំងភ្លាមៗផងដែរ ក្រោយពីកិច្ចព្រមព្រៀងរវាងអាមេរិក និងកូរ៉េខាងត្បូងសម្រេចបានភ្លាមៗដែរនោះ។ ដោយឡែកនៅតែកូរ៉េខាងជើង ហាក់ មិនទាន់បញ្ចេញប្រតិកម្មអ្វីទេ ដោយទំនងរវល់តែរឿងតស៊ូសង្គ្រាមសម្តីជាមួយអាមេរិក ដែលបានដាក់មេដឹកនាំ គីម ជុងអ៊ុន និងមន្ត្រីកំពូលៗដទៃទៀតទៅក្នុងបញ្ជីខ្មៅនៃការរំលោភសិទ្ធិមនុស្សនោះហើយមើលទៅ៕
ប្រភព CNA