បើទោះបីជាការតវ៉ាជិត២ឆ្នាំមកហើយនៅតែមិនទាន់ទទួលបានលទ្ធផល ក្រុមកូដករណាហ្គាវើលដ៍ ដែលភាគច្រើនជាស្ត្រីមានគ្នាប្រមាណ៤០នាក់ បន្តធ្វើការតវ៉ានៅខាងមុខក្រុមហ៊ុនកាស៊ីណូដ៏ធំនេះ នៅរសៀលថ្ងៃទី២០ ខែសីហា ដើម្បីទាមទារដំណោះស្រាយដែលពួកគេចង់ឱ្យក្រុមហ៊ុន និងក្រសួងការងារផ្ដល់ឱ្យ។ ពួកគេបាននៅតែបន្តចោទប្រកាន់ក្រុមហ៊ុន និងក្រសួងការងារថា សហការគ្នាធ្វើមិនដឹងមិនឮ ដោះស្រាយបញ្ហារបស់ពួកគេ។ លោក គីម ចាន់ចាវ រាយការណ៍
ក្រុមកូដករណាហ្គាវើលដ៍ (NagaWorld) ប្រមាណ ៤០នាក់ ដែលភាគច្រើនជាស្ត្រី បានបន្តការតវ៉ាក្នុងរូបភាពថ្មី នៅរសៀលថ្ងៃទី២០ ខែសីហា។ នោះគឺពួកគេប្រើទីងមោង២ ដោយទីងមោងពណ៌ខៀវតំណាងថៅកែណាហ្គាវើលដ៍ និងទីងមោងពណ៌សតំណាងឲ្យក្រសួងការងារ។ ពួកគេប្រដូចទីងមោង១គូនេះ ប្រៀបបីដូចជាប្ដីប្រពន្ធ រាំបណ្ដើរទះដៃគ្នាបណ្ដើរ បង្ហាញពីការសហការគ្នាយ៉ាងល្អ ក្នុងការរំលាយសហជីពណាហ្គាវើលដ៍។
អ្នកនាង ម៉ម សុវឌ្ឍិន គឺជាកូដករម្នាក់ដែលសកម្មមកតវ៉ាមិនដែលខាន បានប្រាប់វិទ្យុស្ត្រីនៅថ្ងៃច័ន្ទនេះថា ទីងមោងទាំងពីរដែលលេចឡើងក្នុងការតវ៉ានេះ «ធ្វើឡើងដើម្បីទាក់ទាញមហាជនអោយឃើញកាន់តែច្បាស់ថាគូរស្នេហ៍មួយនេះសហការរីករាយក្នុងការរំលោភសិទ្ធិសេរីភាពរបស់សហជីព ទីងមោងស្រី តំណាងអោយក្រសួងការងារ និងទីងមោងប្រុស តំណាងឱ្យ ក្រុមហ៊ុនណាហ្គាវើលដ៍ ទោះជាមានការស្រែកទាមទារពីកម្មករមិនថាតែបណ្តាទូត ឬប្រទេសប្រជាធិបតេយ្យជំរុញអោយថៅកែណាហ្គាវើលដ៍និងក្រសួងការងារដោះស្រាយបញ្ចប់វិវាទការងារដ៏រ៉ាំរ៉ៃមួយនេះក៏ដោយតែផ្ទុយស្រឡះ ថៅកែនិងក្រសួងការងារធ្វើមិនដឹងមិនឮដូចទីងមោងដែលគ្មានជីវិត យកលេសធ្វើខ្វាក់ ធ្វើគ ធ្វើថ្លង់ មិនអើពើ នេះដើម្បីជាលេសមិនដោះស្រាយឱ្យកម្មករ»។
«ប្ដីប្រពន្ធមួយគូរនេះហើយសហការគ្នាយ៉ាងរីករាយ មិនផ្ដល់យុត្តិធម៌ឱ្យកម្មករខ្មែរនោះទេ ចាស៎ វិវាទការងារសោះមិនយកច្បាប់រើសអើងមកអនុវត្ត អញ្ចឹងចែកធ្វើតំណាងនិងកម្មករពីការរួមគ្នាទាំងអយុត្តិធម៌»។
អស់រយៈពេលជិត២ឆ្នាំកន្លះហើយ ដែលក្រុមកូដករណាហ្គាវើលដ៍ភាគច្រើនជាស្ត្រី នាំគ្នាធ្វើកូដកម្មតវ៉ា នៅមុខក្រុមហ៊ុន ណាហ្គាវើលដ៍ ដោយគេបានប្រើប្រាស់រូបភាពច្នៃប្រឌិតផ្សេងៗ ដូចជាការគោះឆ្នាំងគោះចានជាដើម។ ក្រុមហ៊ុន ណាហ្គាខប (NagaCorp) បានបញ្ឈប់កម្មករចំនួន១ ៣០០នាក់ ចំពេលមានការរីករាលដាលនៃជំងឺកូវីដ-១៩ ហើយក្រុមហ៊ុនរងការចោទប្រកាន់ថាមានចេតនារំលាយសហជីព ដោយកំណត់គោលដៅលើមេដឹកនាំសហជីព ដែលកម្មករនិយាយថាគួរតែត្រូវបានការពារពីការបញ្ឈប់ពីការងារ។
ការតវ៉ារបស់កម្មករទាំងនោះ បានផ្ទុះឡើងកាលពីខែធ្នូ ឆ្នាំ ២០២១ ដោយមានការចោទប្រកាន់ក្រុមហ៊ុនថា បានបញ្ឈប់កម្មករនិយោជិតដោយបង្ខំ ហើយភាគច្រើននៃអ្នកដែលត្រូវបញ្ឈប់នោះគឺជាសមាជិកសហជីព។ យ៉ាងណាក្រោយការតវ៉ានេះ ក៏មានកូដករមួយចំនួនបានងាកទៅចូលធ្វើការវិញផងដែរក្រោយការចរចាពីភាគីក្រុមហ៊ុន ប៉ុន្តែអ្នកនៅសេសសល់នៅតែបន្តសកម្មភាពតវ៉ាទាមទារមកដល់ពេលនេះ។ ពាក់ព័ន្ធនឹងការតវ៉ាលើវិវាទការងារកាស៊ីណូណាហ្គាវើលដ៍នេះ កញ្ញា ឈឹម ស៊ីថរ ជាប្រធានសហជីពណាហ្គាវើលដ៍ដែលធ្លាប់ដឹកនាំការតវ៉ានេះ កំពុងជាប់ពន្ធនាគារជាលើកទី២នៅឡើយបើគិតមកទល់នឹងខែសីហា ឆ្នាំ២០២៣នេះ មានរយៈពេលជិត១ឆ្នាំហើយ។ ទន្ទឹមនឹងនេះក៏មានភាគីមួយចំនួនបានចោទប្រកាន់ថាក្រុមកូដករណាហ្គានេះជាអ្នកស៊ីឈ្នួលធ្វើបាតុកម្ម ប៉ុន្តែការចោទប្រកាន់នេះត្រូវបានក្រុមកូដករច្រានចោលក្នុងការតវ៉ាជាច្រើនលើកកន្លងមក។
ទោះយ៉ាងណា គេសង្កេតឃើញថា ខាងភាគីក្រុមហ៊ុនណាហ្គាវើលដ៍នៅតែមិនអើពើនិងប្រតិកម្មតបចំពោះការធ្វើកូដកម្មរបស់ក្រុមបុគ្គលិកឡើយ ទោះបីជាក្នុងការតវ៉ារបស់ក្រុមកូដករស្ទើររាល់លើកបានចោទប្រកាន់ទៅក្រុមហ៊ុនយ៉ាងណាក្តី។ ជាក់ស្តែងទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុនណាហ្គាវើលដ៍បង្ហោះតែកម្មវិធីកំសាន្តនិងសេវាកម្មរបស់ក្រុមហ៊ុននិងដំណឹងជ្រើសរើសបុគ្គលិកតែប៉ុណ្ណោះ។
ក៏ប៉ុន្តែកាលពីពេលកន្លងទៅ រដ្ឋាភិបាលបានចេញសេចក្ដីប្រកាសមួយជុំវិញបញ្ហាវិវាទកូដករណាហ្គាវើលដ៍នេះ ដោយបញ្ជាក់ថា ក្រសួងបានផ្ដល់ការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុដល់បុគ្គលិកដែលបានប៉ះពាល់ដោយសារការកាត់បន្ថយបុគ្គលិកនេះ ហើយអះអាងថាបានបន្តធានាថា ផលប្រយោជន៍ស្របច្បាប់របស់កម្មករនិយោជិតដែលត្រូវបានកាត់បន្ថយ ត្រូវបានធានា៕