en     km
en     km

ក្រុមកូដករណាហ្គាវើលដ៍ បន្តធ្វើកូដកម្មអស់រយៈពេល ៣ឆ្នាំ ទាមទារសិទ្ធិសេរីភាពខ្លួន

Share

អតីតកម្មករ និងបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ ដែលមានវិវាទការងារជាមួយក្រុមហ៊ុនណាហ្គាវើលដ៍អស់រយៈពេល ៣ឆ្នាំ បន្តធ្វើកូដកម្ម ដើម្បីទាមទារឱ្យថៅកែគោរពសិទ្ធិសហជីព និងទទួលយកពួកគេចូលធ្វើការវិញ។ យ៉ាងណាអង្គការសិទ្ធមនុស្សស្នើឱ្យរដ្ឋាភិបាល អន្តរាគមន៍ជួយបញ្ចប់វិវាទការងារនេះ ដើម្បីបញ្ឈប់ទណ្ឌកម្មពីសហគមន៍អន្តរជាតិ ប៉ុន្តែក្រសួងការងារ សំណូមពរឱ្យកម្មករដែលធ្វើកូដកម្មជាមួយក្រុមហ៊ុន គិតពីជីវភាពគ្រួសារ ក្រសួងនឹងជួយសម្របសម្រួលផ្ដល់ការងារជូន។ កញ្ញា ជា សុខនី ជូនសេចក្តីរាយការណ៍

 

 

វិវាទការងារក្រុមហ៊ុនណាហ្គាវើលដ៍នេះ ចាប់ផ្ដើមតាំងពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ដែលក្រុមកូដករ ទាមទារយុត្តិធម៌ ការពារសិទ្ធិការងារ និងសំឡេងសហជីពឯករាជ្យ ដែលត្រូវបានថៅកែក្រុមហ៊ុនណាហ្គាវើលដ៍រើសអើង និងព្យាយាមរំលាយចោលក្នុងចេតនាអាក្រក់របស់ខ្លួន ដែលរំលោភលើច្បាប់ការងារមានចែងក្នុងប្រទេសកម្ពុជា។ នេះបើផ្អែកតាមសេចក្តីរបស់សហជីពទ្រទ្រង់សិទ្ធិការងារ បុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្កាវើលដ៍ ចេញផ្សាយកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤។

អ្នកស្រី សុខ រតនា ជាក្រុមកូដករណាហ្គាវើលដ៍ ប្រាប់វិទ្យុស្ដ្រីនៅថ្ងៃទី១៩ ខែធ្នូថា រយៈពេល ៣ឆ្នាំនៃការធ្វើកូដកម្មនៅមុខក្រុមហ៊ុនណាហ្គាវើលដ៍កន្លងមកនេះ អ្នកស្រីទទួលរងគ្រប់រសជាតិទាំងអស់ ពោលទាំងការគំរាមកំហែង អំពើហិង្សា វិបត្តិសេដ្ឋកិច្ច និងការរើសអើងជាដើម។ អ្នកស្រីបន្ថែមថា អំឡុងពេលធ្វើកូដកម្មស្ដ្រីជាកូដករតែងរងអំពើហិង្សាពីសំណាក់អាជ្ញាធរ ដោយអ្នកស្រីផ្ទាល់ត្រូវបាត់បង់កូនក្នុងផ្ទៃថែមទៀតផង។

អ្នកស្រី សុខ រតនា កូដករណាហ្គាវើលដ៍។ WMC/Nheen seanglim

អ្នកស្រី សុខ រតនា៖ «បើគេវ៉ៃដំត្រឹមយើងវាអត់មានបញ្ហាទេ ព្រោះយើងដើរផ្លូវហ្នឹងដឹងថាប្រឈមគេវ៉ៃហ្នឹងហើយ មួយទៀតយើងត្រូវបាត់បង់កូនយើងឈឺចាប់ យើងស្ទើរតែបាត់បង់ជីវិតយើងទៀត ហើយសួរថាបន្តអត់ បន្ត ហើយសួរថាបងឈឺចាប់អត់ បងឈឺៗឡើងឆ្អែតហើយ ឈឺឡើងស្ពឹកទៅហើយជាមួយអាជ្ញាធររដ្ឋដែលគាត់មកបង្ក្រាបជាមួយពួកបងដែលជាកម្មករ មិនត្រឹមតែពួកបងទេ ក្រុមបងគឺប៉ះពាល់ទាំងអស់ចាសទទួលផលលំបាកហ្នឹងទាំងអស់ គ្រាន់តែថាបងពាក់ព័ន្ធខ្លាំងជាងគេដោយសារបងរលូតកូនក្នុងអំឡុងដែលយើងទៅតវ៉ា ត្រូវបានអាជ្ញាធររដ្ឋវ៉ៃធ្វើបាបយើងរហូតដល់យើងរលូតកូនណាអូន»។

ប្រឈមមុខរាល់ឧបសគ្គលំបាកទាំងនោះ ស្ដ្រីជាកូដកររូបនេះ ប្ដេជ្ញាមិនបោះបង់ការធ្វើកូដកម្មឡើយ ដ្បិតបើសិនបោះបង់ នោះមានន័យថា ជាការបណ្តោយឱ្យភាពអយុត្តិធម៌កើតមានបន្តទៀតនៅកន្លែងការងារផ្សេងទៀត។ ជាងនេះអ្នកស្រីថា បើសិនគ្រប់គ្នាមិនហ៊ានរើបំរាស់ នោះប្រៀបដូចបន្តឱ្យថៅកែធ្វើសកម្មភាពរំលោភសិទ្ធិកម្មករ ហើយនិងបំបាត់សំឡេងសហជីពដែលការពារផលប្រយោជន៍កម្មកផងដែរ។

អ្នកស្រី សុខ រតនា៖ «គេដឹងយើងជាកូដករអ៊‌ីចឹងក៏គេរើសអើងមិនព្រមទទួលយកយើងធ្វើការទេ អាហ្នឹងពាក់ព័ន្ធដែលយើងប្រឈមខ្លាំងជាងគេអត់ការងារធ្វើហើយ ហើយយើងនៅតែព្យាយាមរក្សាជំហររបស់យើងថាយើងមិនឈប់ធ្វើកូដកម្មទេ លុះត្រាតែមានដំណោះស្រាយទោះរយៈពេលប៉ុន្មានឆ្នាំទៀតក៏យើងបន្តអ៊‌ីចឹងណាអូន។ ពេលខ្លះអាផលវិបាករបស់យើងវាចេះតែមានហើយវាហូរហែរ៣ឆ្នាំហ្នឹង វាឆ្អែតឆ្អន់ទាំងសេដ្ឋកិច្ច ទាំងគេវ៉ៃធ្វើបាបគេជេរប្រមាជ គេម៉ាក់ងាយយើងសព្វគ្រប់បែបយ៉ាង គេរើសអើងសូម្បីតែមិត្តភក្តិ នៅស្រុកភូមិក៏គេរើសអើងយើងដែរ វាពិបាកណាស់»។

ចំណែកកញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពក្រុមហ៊ុនកាស៊ីណូណាហ្កាវើលដ៍ ដែលទើបតែមានសេរីភាពវិញក្រោយពីជាប់ឃុំក្នុងពន្ធនាគារ ២ឆ្នាំ ប្រាប់ឱ្យដឹងដែរថា ក្ដីបារម្ភចំពោះការបន្តសកម្មភាពខ្លួនលើការដឹកនាំក្រុមកូដករ គឺនៅតែមាន ប៉ុន្តែអ្វីដែលកញ្ញាបារម្ភខ្លាំងបំផុត គឺការបាត់បង់សិទ្ធិសេរីភាពរបស់សហជីព និងសិទ្ធិសេរីភាពរបស់កម្មករនៅកន្លែងការងារ។ ដូច្នេះកញ្ញាថា ប្រសិនវិវាទការងារនេះនៅតែមិនទាន់មានដំណោះស្រាយ នោះកម្មករក៏មិនបោះបង់ដែរ។

កញ្ញា ឈឹម ស៊ីថរ។ WMC/Nheen seanglim

កញ្ញា ឈឹម ស៊ីថរ៖ «នៅតែមិនមានដំណោះស្រាយ នៅតែមានការចោទ នៅតែមានការមើលរំលងអំពីការរំលោភសិទ្ធិការងារពីសំណាក់ក្រុមហ៊ុនណាហ្គាវើលដ៍ នាងខ្ញុំក៏ដូចជាសមាជិកសហជីពទាំងអស់នៅតែសង្ឃឹមថា ថ្នាក់ដឹកនាំនឹងមើលឃើញថាអ្វីដែលកម្មករទាមទារនេះ គឺពិតជាមានចែងនៅក្នុងច្បាប់ត្រឹមត្រូវ ហើយមើលឃើញថាជាបញ្ហាមួយដែលត្រូវដោះស្រាយ ផ្ដល់យុត្តិធម៌ជូនកម្មករ មិនមែនបង្កើតភាពអយុត្តិធម៌បន្ថែមទៅឱ្យកម្មករ»។

ជុំវិញរឿងនេះវិទ្យុស្ដ្រីបានទាក់ទងលោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោកបដិសេធក្នុងការឆ្លើយតបចំពោះកិច្ចអន្តរាគមន៍ពីរាជរដ្ឋាភិបាល ដោយលើកឱ្យទៅសួរក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បញ្ជាក់ប្រាប់វិទ្យុស្ដ្រីដែរថា កន្លងមកវិវាទការងាររវាងបុគ្គលិក ជាមួយក្រុមហ៊ុនអាកាស៊ីណូណាហ្គាវើលដ៍នេះ គឺក្រសួងការងារមិនបានព្រងើយកន្តើយឡើយ ដោយក្រសួងបានព្យាយាមសម្របសម្រួលដោះស្រាយវិវាទការងារនេះបាន ២៧ លើក ដែលជាយន្តការមានចែងក្នុងច្បាប់ស្តីពីការងារ។ មួយវិញទៀត លោកថា ករណីនេះក៏បានដោះស្រាយទៅដល់ការប្រើប្រាស់ប្រព័ន្ធតុលាការថែមទៀតផង ដូច្នេះភាគីទាំងពីរកំពុងដំណើរការដោះស្រាយវិវាទការងារនេះតាមប្រព័ន្ធតុលាការ។

 

លោក កត្តា អ៊ន៖ «ខ្ញុំសូមសំណូមពរដល់បងប្អូនអតីតបុគ្គលិកណាហ្គាវើលដ៍ដែលកំពុងតវ៉ា ទីមួយសូមប្រើប្រាស់យន្តការច្បាប់ដើម្បីដោះស្រាយវិវាទការងារនេះ ទីពីរសូមពិចារណាអំពីជីវភាពគ្រួសាររបស់បងប្អូន ក្នុងអំឡុងពេលដែលបងប្អូនពុំមានការងារធ្វើ ហើយបងប្អូនសម្រេចធ្វើការតវ៉ាសព្វថ្ងៃ។ ទីបីអតីតបុគ្គលិកណាហ្គាវើលដ៍ស្ទើរតែទាំងអស់ហើយបានទទួលយកដំណោះស្រាយ ហើយពួកគាត់មានការងារថ្មីធ្វើ មានចំណូលសមរម្យសម្រាប់ចិញ្ចឹមគ្រួសារ ទីបួនករណីបងប្អូនចង់ស្វែងរកការងារ សូមទំនាក់ទំនងមកកាន់ក្រសួងការងារ ដើម្បីសម្របសម្រួលផ្ដល់ឱកាសការងារសមរម្យជូនបងប្អូន»។

ដោយឡែកលោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ ចាត់ទុកការធ្វើកូដកម្មរបស់កម្មករក្រុមហ៊ុនណាហ្គាវើលដ៍ ជាកូដកម្មដែលយូរជាងនៅក្នុងប្រទេសកម្ពុជា ខណៈវិវាទនេះនៅមិនទាន់ដោះស្រាយចេញនៅឡើយ។ ទុក្ខលំបាករបស់ក្រុមកូដករនេះលោកថា មានរូបភាពរងការចាប់ដាក់ពន្ធនាគារ អំពើហិង្សា ការបៀតបៀនផ្លូវភេទ និងការគំរាមកំហែង ដែលអំពើទាំងនោះជះផលមិនល្អសម្រាប់កម្ពុជា។

 

លោក អំ សំអាត៖​ «ឥលូវហ្នឹងរាជរដ្ឋាភិបាលអាណត្តិទី៧ អាណត្តិថ្មីហើយ អ្វីដែលសំខាន់គួរតែបញ្ចប់ និងដោះស្រាយវិវាទណាហ្គាវើលដ៍នេះឱ្យបានចប់រវាងកូដករជាមួយក្រុមហ៊ុនណាហ្គាវើលដ៍ឱ្យចប់កាន់តែឆាប់កាន់តែល្អ ពីព្រោះពួកគាត់ក៏មានផលប៉ះពាល់ច្រើនណាស់រយៈពេល៣ឆ្នាំចំពោះសេដ្ឋកិច្ចគ្រួសារ និងបញ្ហាផ្សេងៗទៀតសម្រាប់ពួកគាត់ ហើយបើនៅតែបណ្ដែតបណ្ដោយអាហ្នឹងបញ្ហានៅតែបន្តការិះគន់ពីសហគមន៍អន្តរជាតិ នៅបន្តទៅលើបញ្ហាហ្នឹងដដែលទេបាទ!»។

នាយកអង្គការលីកាដូបន្ថែមទៀតថា ក្រៅពីរដ្ឋាភិបាល ភាគីដែលពាក់ព័ន្ធ មានក្រសួងការងារ ក៏ត្រូវជួយអន្តរាគមន៍ដែរ ដូច្នេះប្រសិនទាំងរដ្ឋាភិបាល និងក្រសួងការងារ និងស្ថាប័នផ្សេងទៀតពិតជារួមគ្នាប្រាកដមែន លោកជឿថាវិវាទការងារនេះនឹងត្រូវបញ្ចប់។

ងាកមកអ្នកស្រី សុខ រតនា ចោទជាសំណួរថា កម្ពុជាជាប្រទេសប្រជាធិបតេយ្យ តើហេតុអ្វីមកដល់ពេលកម្មករទាមទារស្វែងរកយុត្តិធម៌ស្វែងរកដំណោះស្រាយ នៅតែរាជរដ្ឋាភិបាលមិនជួយអន្តរាគមន៍ដោះស្រាយជូនកម្មករ? ជាងនេះករណីនេះ មិនត្រឹមតែគ្មានកិច្ចអន្តរាគមន៍ស្វែងរកដំណោះស្រាយនោះទេ តែបែរជាអាជ្ញាធររដ្ឋប្រើហិង្សាលើពលរដ្ឋទៅវិញ។

អ្នកស្រី សុខ រតនា៖ «សុំឱ្យមានយុត្តិធម៌សម្រាប់កម្មករ និងកូដករនៃក្រុមហ៊ុនណាហ្គាវើលដ៍ហ្នឹងឱ្យថៅកែចេញមុខមកដោះស្រាយទល់មុខគ្នានៅក្រសួងការងារ ហើយភាគីនៃក្រសួងការងារត្រូវនៅចំណុចកណ្ដាល ដើម្បីពិភាក្សាបញ្ចប់វិវាទការងារហ្នឹង ហើយស្នើសុំរដ្ឋាភិបាល សម្ដេច ហ៊ុន​ ម៉ាណែត ជួយមកផង កម្មកររាល់ថ្ងៃគឺអត់មានបានដូចថៅកែទេ គ្រាន់តែចង់សុំអាហារ ៣ពេល ត្រឹមមួយរស់ៗ ចិញ្ចឹមកូន ចិញ្ចឹមម៉ែចាស់ៗនៅស្រុកដែលគាត់ត្រូវការចំណីអាហារប្រចាំថ្ងៃទេ ហើយសុំផ្ដល់ដំណោះស្រាយឱ្យកម្មករឱ្យបានត្រឹមត្រូវ ដែលកម្មករទាមទារចង់បានមានសេរីភាព សិទ្ធិការងារក្នុងកន្លែងធ្វើការ ហើយក៏ដូចជាមានវត្តមានសហជីពនៅកន្លែងធ្វើការផងចាស»។

កាលពីថ្ងៃទី១៨ ខែធ្នូនេះ សហជីពទ្រទ្រង់សិទ្ធិការងារ បុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្កាវើលដ៍ ចេញសេចក្ដីថ្លែការណ៍ថា មកដល់ពេលនេះ ការទាមទាររបស់កម្មករណាហ្គាវើលដ៍ នៅតែមិនទាន់ទទួលបាននូវដំណោះស្រាយមួយចំណុចណាឡើយ។ ដូច្នេះកម្មករណាហ្គាវើលដ៍នៅតែរក្សាជំហររបស់ខ្លួនទាមទារឱ្យថៅកែក្រុមហ៊ុនណាហ្គាវើលដ៍ទទួលយកថ្នាក់ដឹកនាំសហជីព និងសមាជិកឱ្យចូលធ្វើការវិញ ទាមទារប្រាក់បំណាច់អតីតភាពការងារ និងប្រាក់រំលឹកអតីតភាពការងារឱ្យបានត្រឹមត្រូវតាមច្បាប់។ និងទាមទារឱ្យថៅកែបញ្ឈប់ការលាបពណ៌ និងទម្លាក់ចោលរាល់បទចោទមកលើថ្នាក់ដឹកនាំសហជីព៕

Share

ព័ត៌មានទាក់ទង