en     km
en     km

បុគ្គលិកណាហ្គាវើលដ៍ប្រមូលស្នាមមេដៃគ្រោងដាក់ញត្តិទៅទូតនានាសុំអន្តរាគមន៍ដោះស្រាយវិវាទ

Share

ភ្នំពេញ៖ បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២នេះ កំពុងប្រមូលស្នាមមេដៃនិងធ្វើញត្តិដាក់តាមស្ថានទូតនានា ដើម្បីសុំកិច្ចអន្តរាគមន៍ជួយដោះស្រាយវិវាទ បន្ទាប់ពីស្ថាប័នពាក់ព័ន្ធមួយចំនួនបរាជ័យក្នុងការដោះស្រាយទំនាស់មួយនេះ។ អ្នកឃ្លាំមើលសិទ្ធិមនុស្សយល់ថា ការដាក់ញត្តិបែបនេះជាជម្រើសមួយទៀតស្វែងរកដំណោះស្រាយ ហើយក៏បង្ហាញថា ស្ថាប័នពាក់ព័ន្ធគ្មានឆន្ទៈដោះស្រាយវិវាទឱ្យពិតប្រាកដផងដែរ។

លោក កែវ សុខា រាយការណ៍ពីព័ត៌មាននេះ

បើគ្មានអ្វីប្រែប្រួលនោះទេ គឺនៅថ្ងៃស្អែកនេះ ក្រុមកូដករនៃក្រុមហ៊ុនណាហ្គាវើលដ៍នឹងនាំយកស្នាមមេដៃនិងញត្តិដែលមានសំណើចំនួនបីចំណុច ដើរដាក់តាមស្ថានទូតនានា ដើម្បីឱ្យស្ថានទូតជួយជំរុញដល់ភា គីខាងក្រុមហ៊ុន ​និងរដ្ឋាភិបាលជួយដោះស្រាយបញ្ចប់វិវាទដ៏រុំារ៉ៃមួយនេះ។ នេះបើតាមការគូសបញ្ជាក់ពីកញ្ញា ម៉ែន សុទ្ធីវឌ្ឍនៈ សមាជិកសហជីពនិងជាបុគ្គលិកនៃក្រុមហ៊ុនណាហ្គាវើលដ៍ប្រាប់វិទ្យុស្រ្តីនៅថ្ងៃទី១២ ខែមករាឆ្នាំ២០២២នេះ។

កញ្ញា ម៉ែន សុទ្ធីវឌ្ឍនៈ បញ្ជាក់បន្ថែមថា ខ្លឹមសារក្នុងញត្តិនេះមានបំណងស្នើឱ្យទូតនានាជួយលើកឡើងនូវការចាប់ខ្លួនតំណាងសហជីពទាំង ៨ នាក់ដល់រដ្ឋាភិបាល ដើម្បីឱ្យមានការដោះលែងតំណាងរបស់ពួកគេមកវិញ។ មួយទៀតគឺសុំឱ្យស្ថានទូតនានាជួយចូលរួមឃ្លាំមើលការធ្វើកូដកម្មរបស់បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍។ និងខ្លឹមសារចុងក្រោយចង់ឱ្យមានកិច្ចអន្តរាគមន៍ធ្វើយ៉ាងណាឱ្យភាគីក្រុមហ៊ុនគោរពច្បាប់និងសន្ធិសញ្ញាអង្គការ ILO និងសិទ្ធិកម្មករ បុគ្គលិកនយោជិត។

កញ្ញា ម៉ែន សុទ្ធីវឌ្ឍនៈ រំពឹងថា ស្ថានទូតនានានឹងជួយជំរុញដល់រាជរដ្ឋាភិបាល ដោះលែងតំណាងសហជីពពួកគេ និងគោរពសិទ្ធិសេរីភាពរបស់កូដករដែលចេញធ្វើកូដកម្ម។

វិវាទរវាងបុគ្គលិកនៃក្រុមហ៊ុនណាហ្គាវើលដ៍ជាកាស៊ីណូល្បែងស៊ីសងធំមួយក្បែរវិមានរដ្ឋសភាជាតិក្នុងរាជធានីភ្នំពេញបានអូសបន្លាយជាច្រើនខែ រហូតឈានដល់ការចេញធ្វើកូដកម្មដែលនាំឱ្យមានការចាប់ខ្លួនតំណាងសហជីពនិងបុគ្គលិកណាហ្គាវើលដ៍ជាបន្តបន្ទាប់។ ហើយរហូតមកទល់ពេលបច្ចុប្បន្ននេះ មានតំណាងសហជីពនិងបុគ្គលិកណាហ្គាវើលដ៍ចំនួន ៨ នាក់កំពុងជាប់ឃុំឃាំងនៅឡើយទាក់ទងបទចោទញុះញង់។

ដោយឡែកកូដករមួយរូបទៀតនៃក្រុមហ៊ុនណាហ្គាវើលដ៍ប្រាប់វិទ្យុស្រ្តីដោយដាក់ក្តីព្រួយបារម្ភថា ពួកគេអាចរងការបំបែក ឬការបង្រ្កាបណាមួយពីសមត្ថកិច្ចក្រោមលេសថា រក្សាការពារសុវត្ថិភាព និងទប់ស្កាត់ការចម្លងជំងឺកូវីដ១៩។ អ្នកស្រី ណុប ទិត្យបូរ៉ាវី បុគ្គលិកផ្នែកភោជនីយដ្ឋាននៅក្នុងក្រុមហ៊ុនណាហ្គាវើលដ៍បន្តថា​ បើសិនមានការបំបែកក្រុមកូដករមែន នោះនាំឱ្យការរកដំណោះស្រាយកាន់តែអូសបន្លាយពេលច្រើន និងអាចមានការប៉ះទង្គិចគ្នា។ តែយ៉ាងណាអ្នកស្រីថា បច្ចុប្បន្នក្រុមកូដករធ្វើកូដកម្មដោយអហិង្សានិងបានរក្សាគម្លាតសុវត្ថិភាពល្អ។

សកម្មភាពតវ៉ារបស់បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍។រូបភាពពីហ្វេសប៊ុកCCHR។

 

ការដាក់ក្តីព្រួយបារម្ភនេះ កើតឡើងបន្ទាប់ពីកម្ពុជាចាប់ផ្តើមមានករណីរីករាលដាលជំងឺកូវីដ១៩ បំប្លែងខ្លួនថ្មីប្រភេទ អូមីក្រុង ដែលវីរុសថ្មីនេះ​ មានការចម្លងលឿននិងបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ។ ជាងនេះកម្ពុជាក៏មានច្បាប់ស្តីពីការទប់ស្កាត់ជំងឺកូវីដ ១៩ ដែលមានប្រការហាមឃាត់មិនឱ្យមានការប្រមូលផ្តុំផងដែរ។

ទាក់ទិនការគ្រោងដាក់ញត្តិរបស់បុគ្គលិកណាហ្គាវើលដ៍នេះលោក អំ សំអាត មន្រ្តីជាន់ខ្ពស់ផ្នែកស៊ើបអង្កេតសិទ្ធិមនុស្សនៃអង្គការលីកាដូនិយាយថា​ ការដាក់ញត្តិបែបនេះជាជម្រើសមួយដើម្បីស្វែងរកដំណោះស្រាយ ខណៈការដោះស្រាយកន្លងមកដែលមានស្ថាប័នពាក់ព័ន្ធមួយចំនួនចូលរួមត្រូវបរាជ័យ។ សម្រាប់លោក អំ សំអាត ការដាក់ញត្តិរបស់បុគ្គលិកណាហ្គាវើលដ៍នេះ ជាសញ្ញាបញ្ជាក់ថា ភាគីនិងស្ថាប័នពាក់ព័ន្ធបានព្រងើយកន្តើយទុកចោលវិវាទដោយគ្មានឆន្ទៈដោះស្រាយ ដែលប្រការនេះបានរំលោភដល់សិទ្ធិរបស់កម្មករ។

 

តាមការឱ្យដឹងពីក្រុមកូដករ បន្ទាប់ពីតំណាងសហជីពរបស់ពួកគេត្រូវបានចាប់ខ្លួន ពួកគេសង្កេតឃើញថា មានមន្រ្តីខាងក្រសួងការងារបានប្រើប្រាស់វិធីសាស្រ្តបញ្ចុះបញ្ចូលពួកគេឱ្យយល់ព្រមទទួលយកការទូទាត់សំណង តាមរយៈការប្រើឃោសនាស័ព្ទប្រកាសនៅពីមុខក្បួនកូដកម្មតែម្តង។ មួយទៀតដែល​ ពួកគេប្រាប់ថា ខាងភាគីក្រុមហ៊ុនបានប្រើមធ្យោបាយហៅទូរស័ព្ទទៅកាន់បុគ្គលិកម្នាក់ៗ ដើម្បីបញ្ចុះបញ្ចូលឱ្យពួកគេទៅទទួលយកការចរចាប្រាក់សំណងនិងទទួលយកពួកគេចូលធ្វើការវិញ។

សម្រាប់ក្រុមកូដករបញ្ជាក់ថា ការធ្វើបែបនេះគឺដើម្បីធ្វើឱ្យពួកគេបែកបាក់សាមគ្គីនិងទន់ខ្សោយ។ ក្រុមកូដករបញ្ជាក់ថា ពួកគេគ្មាននរណាម្នាក់យល់ព្រមតាមការបញ្ចុះបញ្ចូលឡើយ ហើយរក្សាជំហរចេញតវ៉ាធ្វើកូដកម្មរហូតមានដំណោះស្រាយសមរម្យ៕

 

Share

Image Not Found
Image

ព័ត៌មានទាក់ទង