នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ខាងមុខ គឺជាថ្ងៃដែលសាលាឧទ្ធរណ៍បើកសវនាការជំនុំជម្រះក្ដី សំណុំរឿងកញ្ញា សេង ធារី ក្រោមបទចោទរួមគំនិតក្បត់ និងញុះញង់បង្កើតឱ្យមានភាពវឹកវរនៅក្នុងសង្គម។
មុនថ្ងៃឡើងសវការ កញ្ញា សេង ធារី បានបង្អត់អាហារខ្លួនឯងចំនួន១០ថ្ងៃ ពោលចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ ដើម្បីអំពាវនាវឱ្យសាលាឧទ្ធរណ៍ទម្លាក់ចោលការចោទប្រកាន់ទាំងអស់ប្រឆាំងនឹងកញ្ញា។ បន្ថែមពីនេះ ការបង្អត់អាហាររបស់កញ្ញា សេង ធារី ក៏ដើម្បីទាមទារសិទ្ធិនៃការអនុវត្តច្បាប់ឱ្យមានភាពយុត្តិធម៌សម្រាប់ខ្លួនត្រូវបានគោរពនៅក្នុងដំណើរការនីតិវិធីនៅសាលាឧទ្ធរណ៍ផងដែរ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានពី លោក ចារិត ហ្គេនស័រ មេធាវីការពារក្ដីឱ្យកញ្ញា សេង ធារី ចេញកាលពីថ្ងៃទី៧ ខែធ្នូ។
នេះជាលើកទី២ហើយដែលកញ្ញា សេង ធាវី បានបង្អត់អាហារខ្លួនឯង ដោយលើកទី១ កញ្ញាបានអនុវត្តកូដកម្មបែបនេះម្ដង កាលពីខែកក្កដា ឆ្នាំ២០២៣។ មេធារីការពារក្ដីឱ្យទណ្ឌិតសញ្ជាតិខ្មែរ-អាមេរិករូបនេះ បញ្ជាក់ក្នុងសេចក្ដីប្រកាសព័ត៌មានថា លោកមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុខភាពកូនក្ដីរបស់ខ្លួន ពេលដែលកញ្ញាបង្អត់អាហារខ្លួនឯងដូច្នេះ។
យ៉ាងណា សង្គមស៊ីវិលសិទ្ធិមនុស្ស ធ្លាប់បានស្នើឱ្យរាជរដ្ឋាភិបាល ទម្លាក់ចោលការចោទប្រកាន់ និងដោះលែងកញ្ញា សេង ធារី ជាបន្ទាន់ដោយឥតលក្ខខណ្ឌ បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញកាត់ទោសឱ្យកញ្ញាជាប់ពន្ធធនាគាររយៈពេល៦ឆ្នាំ ពីកំហុសទាក់ទងនឹងផែនការមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី កាលពីឆ្នាំ២០១៩។
គួរជម្រាបថា មួយថ្ងៃបន្ទាប់ពីសាលាដំបូងក្រុងភ្នំពេញកាត់ក្ដី កញ្ញា សេង ធារី ត្រូវបានបញ្ជូនទៅដាក់ពន្ធធនាគារខេត្តព្រះវិហារ។ ក្រោយមក នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ កញ្ញាក៏ត្រូវបានផ្ទេរឱ្យមកទទួលទោសនៅក្នុងពន្ធធនាគារព្រៃស ឬមណ្ឌលអប់រំកែប្រែទី២វិញ។ គេសង្កេតឃើញថា ការផ្ទេរកញ្ញា សេង ធារី មកពន្ធធនាគារក្នុងរាជធានីភ្នំពេញ ធ្វើឡើងក្រោយពេលសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជាបានជួបជាមួយមន្ដ្រីអាមេរិកទាំងក្នុងប្រទេសផង និងសហរដ្ឋអាមេរិផង៕