ភ្នំពេញ៖ វិស័យអប់រំនៅកម្ពុជាត្រូវបានដាក់ឱ្យឈរនៅលេខរៀងទី១២០ ក្នុងចំណោមប្រទេសចំនួន ២០៣ ខណៈកម្ពុជាក្លាយជាប្រទេសដែលមានការអប់រំខ្សោយជាងគេក្នុងចំណោមប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ការដាក់ចំណាត់ថ្នាក់នេះធ្វើឡើងដោយគេហទំព័រ World Population Review។ ជាមួយគ្នានេះ អ្នកជំនាញសិក្សាពីបញ្ហាសង្គម ពិសេសក្នុងវិស័យអប់រំផ្ទាល់ យល់ស្របនឹងការដាក់ចំណាត់ថ្នាក់នេះ ដ្បិតគេមើលឃើញប្រព័ន្ធអប់រំនៅកម្ពុជានៅមានភាពកម្សោយនៅឡើយ ដោយនៅពេលនិយាយដល់ប្រព័ន្ធអប់រំនៅកម្ពុជា មនុស្សមួយចំនួនតែងប្រៀបធៀបរវាងការអប់រំនៅសាលារដ្ឋជាមួយនឹងសាលាឯកជន ពិសេសសម្រាប់អ្នកដែលមានចំណូលធូរធារ។ ជាងនេះប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យក៏យល់ស្របថា អ្នកមានធនធានតែងបញ្ជូនកូនទៅរៀនសាលាឯកជននិងក្រៅប្រទេសជាជាងសាលារដ្ឋដែលនេះឆ្លុះបញ្ចាំងពីកម្រិតនៃការអប់រំរបស់កម្ពុជា។
(កញ្ញា កែវ សុជាតា រាយការណ៍)
នៅលើសកលលោកនេះរមែងមានការបែងចែកទៅលើវិស័យអប់រំទៅតាមប្រទេសផ្សេងៗគ្នា ដោយវិស័យនេះអាចឆ្លុះបញ្ចាំងពីគុណភាព ស្ថានភាពសេដ្ឋកិច្ចទូទៅ និងសុខុមាលភាពទាំងមូលនៃប្រទេសនីមួយៗ។ ជាទូទៅ ប្រទេសកំពុងអភិវឌ្ឍមានទំនោរផ្តល់ឱ្យពលរដ្ឋនូវការអប់រំដែលមានគុណភាពខ្ពស់ជាងប្រទេសដែលមានការអភិវឌ្ឍតិចតួច ហើយប្រទេសដែលមានការអភិវឌ្ឍពេញលេញមានលទ្ធភាពផ្តល់ការអប់រំដែលមានគុណភាពល្អបំផុតជូនទៅដល់ពលរដ្ឋ។ នេះបើតាមការលើកឡើងរបស់គេហទំព័រ World Population Review។ បើយោងតាមរបាយការណ៍ចែកថ្នាក់ប្រទេសទៅតាមកម្រិតគុណភាពនៃការអប់រំទូទាំងពិភពលោកក្នុងឆ្នាំ២០២៥ ប្រទេសកម្ពុជាឈរនៅលេខរៀងទី១២០ ក្នុងចំណោមប្រទេសទាំង ២០៣ ខណៈកម្ពុជាជាប្រទេសដែលមានវិស័យអប់រំខ្សោយជាងគេបង្អស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលឈរនៅលេខរៀងទី១១។
ជុំវិញករណីនេះ លោកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានប្រាប់អ្នកយកព័ត៌មានវិទ្យុស្រ្តីនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ថា របាយការណ៍បរទេសនេះហាក់ពុំចាកឆ្ងាយពីតថភាពជាក់ស្តែងដែលកម្ពុជាកំពុងជួបប្រឈមឡើយ ពោលគឺវិស័យអប់រំនៅកម្ពុជានៅមានភាពកម្សោយជាច្រើនដែលត្រូវកែខៃបន្ថែម។ ជាមួយគ្នានេះដែរ លោកស្រីនៅតែមើលឃើញពីគម្លាតនៃអ្នកមានធនធានគ្រប់គ្រាន់ អ្នកមានមធ្យម និងអ្នកមានចំណូលស្តួចស្តើង។ ចំពោះអ្នកមានធនធាន តែងបញ្ជូនកូនទៅរៀននៅក្រៅប្រទេស ដោយលោកស្រីចោទជាសំណួរថាតើមកកត្តាអ្វីទើបជនទាំងនេះមិនឱ្យកូនៗនៅរៀនបន្តក្នុងប្រទេស ប្រសិនបើពួកគេទុកចិត្តទៅលើប្រព័ន្ធអប់រំនៅកម្ពុជា។ រីឯអ្នកមានធនធានមួយចំនួនដែលមិនបានឬមិនទាន់បញ្ជូនកូនទៅសិក្សានៅបរទេស ក៏ច្រើនបញ្ជូនកូនទៅរៀននៅក្នុងសាលាឯកជនជាជាងសាលារៀន។
លោកស្រី អ៊ុក ឆាយ៉ាវី៖«ទី១ យើងឃើញហើយថាកូនអស់លោកមន្រ្តីគាត់យកកូនគាត់ទៅរៀននៅក្រៅប្រទេសអស់ហើយ។ សួរថាមូលហេតុអីបានគាត់យកកូនគាត់ទៅរៀននៅក្រៅប្រទេស? ទី២ យើងឃើញថា កូនអ្នកធនកណ្តាល ដែលអត់មានលទ្ធភាពចេញក្រៅប្រទេស ក៏គាត់អត់ជំនឿទុកចិត្តទៅលើប្រព័ន្ធអប់រំរដ្ឋសព្វថ្ងៃដែរ គឺគាត់យកកូនគាត់ទៅសាលាឯកជន។ ហើយចំណែកអកុសល កូនអ្នកក្រីក្រគាត់រៀននៅសាលារដ្ឋ ហើយសួរថាតើគាត់រៀននៅរដ្ឋបានដល់កម្រិតណា? ចាសនេះបើអ្នកមានសមរម្យល្មមៗអាចឱ្យកូនគាត់រៀន ប៉ុន្តែអ្នកក្រមែនទែនគឺគាត់លះបង់បោះបង់ការសិក្សាសុខចិត្តទៅធ្វើការងារដើម្បីរកលុយជួយដល់ឪពុកម្តាយគាត់ ដែលជំពាក់បំណុលធនាគារវ័ណ្តកនោះទៅវិញ។»។
លោកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ
យោងតាមចំណុចទាំងនេះហើយ ទើបលោកស្រីយល់ថា ប្រព័ន្ធអប់រំនៅកម្ពុជាពុំទាន់ចាក់ឬសរឹងមាំនៅក្នុងសង្គមជាតិនិងផ្តល់ទំនុកចិត្តពេញលេញទៅដល់អាណាព្យាបាលនៅឡើយ ដ្បិតពលរដ្ឋដែលមានធនធាននៅតែបន្តបញ្ជូនកូនទៅសិក្សានៅតាមសាលាឯកជន និងតាមបណ្តាប្រទេសនានារួមទាំងប្រទេសជិតខាងផងនោះ ជាជាងការឱ្យពួកគេសិក្សានៅតាមគ្រឹះស្ថានរដ្ឋនៅកម្ពុជា។ ជាការបំពេញបន្ថែមនូវកង្វះខាតក្នុងប្រព័ន្ធអប់រំកម្ពុជា លោកស្រីប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យស្នើឱ្យរាជរដ្ឋាភិបាល ក្រសួងអប់រំ និងអ្នកពាក់ព័ន្ធដទៃគួរពង្រឹងប្រព័ន្ធអប់រំឱ្យមានប្រសិទ្ធភាពជាងមុន ដោយមិនបូកឡូកនឹងរឿងនយោបាយនោះទេ ពិសេសត្រូវផ្តល់ប្រាក់បៀវត្សសមរម្យទៅឱ្យលោកគ្រូអ្នកគ្រូ។ មួយទៀត លោកគ្រូអ្នកគ្រូជាអ្នកតម្រង់ទិស និងជាលោកឪពុកអ្នកម្តាយទី២ដែលចាំបង្ហាត់បង្រៀនសិស្សានុសិស្សនៅក្នុងសាលា ដូច្នេះប្រសិនជាលោកគ្រូអ្នកគ្រូមានជីវភាពល្អប្រសើរនោះពួកគេអាចផ្តោតលើការបង្រៀននៅក្នុងស្ថាប័នតែមួយកន្លែងប៉ុណ្ណោះ អាចមានពេលវេលាស្វែងរកវិធីសាស្រ្តថ្មីៗ និងចូលរួមលុបបំបាត់ការប្រព្រឹត្តិអំពើពុករលួយតាមរយៈការស៊ីសំណូកឱ្យពិន្ទុ ឬរៀនគួរទើបមានលំហាត់ធ្វើបន្ថែមជាដើម។ ថ្វីបើការអប់រំនៅកម្ពុជានៅមានកម្រិត តែយ៉ាងណាត្រូវធានាថាយុវជនទាំងអស់ត្រូវមានឱកាសបានរៀនសូត្រគ្រប់ៗគ្នា និងក្រោយរៀនចប់ត្រូវមានការងារធ្វើយ៉ាងពិតប្រាកដ។
លោកស្រី អ៊ុក ឆាយ៉ាវី៖«ចុងបញ្ចប់ត្រូវឱ្យយុវជនដែលគាត់រៀនសូត្រនោះ មានទំនុកចិត្ត មានការងារធ្វើ មែនមោទនភាពទៅស៊ីឈ្នួលគេធ្វើកម្មករប្រទេសក្រៅជិតខាងនោះទេ។ បើសិនជាមោទនភាពទៅធ្វើកម្មករប្រើកម្លាំងពលកម្មខ្លួនឯងមិនមែនជាមោទនភាពទេ យើងឃើញហើយបើគេមកនៅស្រុកខ្មែរក៏គេធ្វើជាចៅហ្វាយយើងដែរ។ អ៊ីចឹងយើងទាំងអស់គ្នា ខ្ញុំគិតថា យុវជនមិនមែនគាត់អត់មានសមត្ថភាពទេ ប៉ុន្តែដោយសារកត្តាទាំងអស់ដែលខ្ញុំបានលើកឡើងហ្នឹងដែលធ្វើឱ្យគាត់បាត់បង់ឱកាសក្នុងការធ្វើការងារ។»។
វិទ្យុស្រ្តីព្យាយាមទាក់ទងទៅអ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ដើម្បីសុំការបំភ្លឺពីករណីនេះតែលោកស្រីមិនបានលើកទូរសព្ទរបស់ក្រុមការងារនៅឡើយ។ យ៉ាងណាបើតាមសេចក្តីបំភ្លឺព័ត៌មានពីក្រសួងអប់រំ ក្រសួងមិនយល់ស្របនឹងការប្រៀបធៀប និងការដាក់ចំណាត់ថ្នាក់លើវិស័យអប់រំកម្ពុជានៅត្រឹមលេខរៀងទី១២០ ក្នុងចំណោមប្រទេសទាំង២០៣ និងថាការចាត់ថ្នាក់នេះមិនទាន់ធ្វើឡើងតាមបែបវិទ្យាសាស្រ្តដែលអាចទទួលយកបាននៅឡើយទេ។
រូបភាព៖ ក្រសួងអប់រំ យុវជន និងកីឡា
ការលើកឡើងនេះធ្វើឡើងបន្ទាប់ពីគេហទំព័រ World Population Review បានស្ទង់មតិមនុស្សរាប់ពាន់នាក់នៅទូទាំង ៧៨ប្រទេស បន្ទាប់មកដាក់ចំណាត់ថ្នាក់ប្រទេសទាំងនោះ ដោយផ្អែកចំណុចប្រព័ន្ធអប់រំសាធារណៈដែលត្រូវបានអភិវឌ្ឍយ៉ាងល្អ ការចូលរៀននៅសាកលវិទ្យាល័យ និងការអប់រំប្រកបដោយគុណភាពខ្ពស់។
តាមចុះផ្សាយនៅថ្ងៃទី៣១ ខែមីនារបស់ក្រសួង ក្រសួងអប់រំបានបង្ហាញគោលជំហរថា ការធ្វើចំណាត់ថ្នាក់អប់រំជាលក្ខណៈអន្តរជាតិត្រូវធ្វើឡើងដោយពិនិត្យលើកត្តាជាច្រើនដូចជា អត្រាអក្ខរកម្ម និងលទ្ធផលសិក្សា លទ្ធភាពទទួលបានការអប់រំ គុណភាពនៃការបង្រៀននិងកម្មវិធីសិក្សា ហេដ្ឋារចនាសម្ព័ន្ធអប់រំ ការវិនិយោគរបស់រដ្ឋាភិបាលក្នុងវិស័យអប់រំ ឧត្តមសិក្សានិងស្រាវជ្រាវ និងការវាយតម្លៃអន្តរជាតិនិងសមត្ថភាពប្រកួតប្រជែងជាដើម។ ក្នុងរយៈពេល១០ឆ្នាំមកនេះ វិស័យអប់រំសម្រេចបានវឌ្ឍនភាពទាំងបរិមាណ និងគុណភាព តែយ៉ាងណាមិញ ក្រសួងអប់រំទទួលស្គាល់ថា នៅមានបញ្ហាប្រឈមមួយចំនួនដែលកំពុងធ្វើឱ្យប្រសើរដែលទាមទាឱ្យភាគីពាក់ព័ន្ធទាំងអស់ធ្វើការរួមគ្នាដើម្បីបន្តពង្រឹងប្រព័ន្ធអប់រំនៅកម្ពុជា៕