អ្នកស្រី ហ៊ូ រុនអេង ដែលជាប់ឃុំខ្លួនដោយសារបញ្ចេញមតិយោបល់នៅលើទំព័រហ្វេសប៊ុកសម្ដេច ហ៊ុន សែន បានធ្លាក់ខ្លួនឈឺ និងត្រូវបញ្ជូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្នុងពេលខ្លួនមានទោសជាប់ឃុំក្នុងពន្ធនាគារ។ យ៉ាងណា មេធាវីការពារក្ដី យកហេតុផលជំងឺនេះ ដាក់ស្នើទៅកាន់តុលាការឱ្យពិចារណាដោះលែងអ្នកស្រី ហ៊ូ រុនអេង ឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន។ កញ្ញា កែវ សុជាតា រាយការណ៍
អ្នកស្រី ហ៊ូ រុនអេង មានវ័យ ៥៣ឆ្នាំ ដែលគេស្គាល់ថាជាពលរដ្ឋម្នាក់ដែលសរសេរមតិយោបល់លើការបង្ហោះក្នុងទំព័រហ្វេសប៊ុកសម្ដេច ហ៊ុន សែន កាលពីខែកញ្ញា ឆ្នាំ២០២៤ ពាក់ព័ន្ធនឹងបញ្ហាវៀតណាមចូលមកគ្រប់គ្រងទឹកដីខ្មែរ។ ក្នុងន័យដើមអ្នកស្រី សរសេរថា «មនុស្សយួនចូលក្នុងដីខ្មែរយូរៗទៅ ធ្វើកលល្បិចឱ្យមេដឹកនាំខ្មែរសម្លាប់ខ្មែរ យកខ្មែរគ្នាឯងជាខ្មាំង»។
តាមរយៈការសរសេរខម្មិននេះ ធ្វើឱ្យសម្តេចហ៊ុន សែន ដែលជាប្រធានព្រឹទ្ធសភា ប្រកាសថា មិនលើកលែងឡើយ ដោយសារការបញ្ចេញមតិយោបល់អ្នកស្រី រុនអេង ត្រូវបានប្រធានគណបក្សប្រជាជន ចាត់ទុកជាក្រុមជ្រុលនិយមដែលមានចេតនាចោទប្រកាន់រដ្ឋាភិបាល។
មេធាវីការពារក្ដីអ្នកស្រី ហ៊ូ រុនអេង លោក សឺន ជុំជួន ប្រាប់វិទ្យុស្ដ្រីនៅថ្ងៃទី៣ ខែមីនានេះថា កូនក្ដីលោកកាលពីថ្ងៃទី២៥ ខែកុម្ភៈ ត្រូវបញ្ជូនមកមន្ទីរពេទ្យភ្លាមៗ ក្រោយពីពោះអ្នកស្រីហើម និងពិបាកក្នុងការបន្ទោបង់។ ស្ថានភាពជំងឺនេះ អូសបន្លាយជាច្រើនថ្ងៃមកហើយ មុនបញ្ជូនទៅកាន់មន្ទីរពទ្យ ខណៈកន្លងមកកូនក្ដីលោកមានជំងឺប្រចាំកាយ តម្រូវឱ្យលេបថ្នាំជាប្រចាំ។
អ្នកស្រី ហ៊ូ រុនអេង។ រូបភាពពីបណ្ដាញសង្គមហ្វេសប៊ុក។
ដោយសារសភាពជំងឺត្រូវការវះកាត់ មេធាវីការពារក្ដីថា អ្នកស្រី រុនអេង កំពុងសម្រាកព្យាបាលជំងឺពោះវៀនដុះខ្នែង នៅមន្ទីពេទ្យ មិត្តភាពខ្មែរ-សូវៀត។ មកដល់ពេលនេះ ស្ថានភាពអ្នកស្រី រុនអេង ស្ថិតក្រោមការមើលថែពីក្រុមគ្រួសារ។
លោក សឺន ជុំជួន៖ «កន្លងមកហ្នឹងគាត់ធ្លាប់មានជំងឺហ្នឹង ក្រោយមកគាត់បានជាសះស្បើយហើយតែដល់ពេលជាប់នៅក្នុងការឃុំខ្លួននៅ ម២ ហ្នឹង ក៏ចាប់ផ្ដើមជំងឺហ្នឹងក៏រើឡើងវិញហ្នឹង រើឡើងវិញហ្នឹងរហូតដល់មានសភាពធ្ងន់ធ្ងរតែម្ដង សឹងតែបាត់បង់ជីវិតទៅទៀត បើសិនណាសង្គ្រោះអត់ទាន់»។
តាមរយៈជំងឺរបស់កូនក្ដី ក្នុងនាមលោកជាមេធាវីការពារ នឹងអនុវត្តតាមនីតិវិធីច្បាប់ ដោយត្រៀមស្នើទៅកាន់តុលាការឱ្យអ្នកស្រី រុនអេង បាននៅក្រៅឃុំបណ្ដោះអាសន្ន ដើម្បីឱ្យក្រុមគ្រួសារ និងសាច់ញាតិ អាចមើលថែសុខភាពកូនក្ដីរបស់លោក។ យ៉ាងណាការស្នើនេះ នឹងទៅដល់ដៃតុលាការឆាប់ៗ ក្រោយពីលោកទទួលបានឯកសារបញ្ជាក់ស្ថានភាពជំងឺពីក្រុមគ្រូពេទ្យ។
លោក សឺន ជុំជួន៖ «យើងនៅតែគិតពិចារណាថាតុលាការគាត់នៅមានការពិចារណាទាក់ទងទៅនឹងស្ថានភាពជំងឺរបស់គាត់ ហើយពីព្រោះថាមូលដ្ឋានសំខាន់ប្រសិនណាខ្វះការថែទាំដោយយកចិត្តទុកដាក់ពីក្រុមសាច់ញាតិ និងគ្រួសាររបស់គាត់ផ្ទាល់ទេ វាប្រឈមនឹងផលលំបាករបស់អ្នកជំងឺ ហើយតុលាការគាត់ពិនិត្យទៅលើស្ថានភាពអនាគតផងដែរ ប្រសិនណាវានៅតែបែបនេះ មិនព្រមឱ្យគាត់នៅក្រៅឃុំបណ្ដោះអាសន្នទេ ពាក់ព័ន្ធនឹងផលប៉ះពាល់ និងស្ថានភាពជំងឺរបស់គាត់ នោះខ្ញុំជឿថាតុលាការនឹងពិចារណាទៅលើចំណុចទាំងអស់នេះ»។
លោក សឺន ជុំជួន មេធាវីការពារក្ដី។ WMC/Chea sokny
កន្លងមកអ្នកស្រី ហ៊ូ រុនអេង ធ្លាប់ចេញវីដេអូលើទំព័រហ្វេសប៊ុករបស់ខ្លួន ដោយបាននិយាយសុំទោសសម្ដេចហ៊ុន សែន ហើយបានបញ្ជាក់រាល់ការសរសេរបញ្ចេញមតិយោបល់របស់ខ្លួនថាជាមតិយោបល់ផ្តេសផ្តាស សរសេរតាមអ្វីដែលគេថាប៉ុណ្ណោះ គ្មានចេតនាមួលបង្កាច់រាជរដ្ឋាភិបាលឡើយ។ ទោះបីអ្នកស្រីបានចេញវីដេអូសុំទោសក្ដី ប៉ុន្តែសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់អ្នកស្រី រុនអេង ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។
អ្នកស្រី ហ៊ូ រុនអេង ដែលមានទីលំនៅក្នុងភូមិព្រែកដើមចាន់ ឃុំសំបួរមាស ស្រុកកំពង់សៀម ខេត្តកំពង់ចាម ត្រូវបានសមត្ថកិច្ចខេត្តកំពង់ចាមចាប់ខ្លួនកាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤ ក្រោយពីអ្នកស្រីបានចូលទៅបញ្ចេញមតិលើផេកហ្វេសប៊ុកសម្ដេច ហ៊ុន សែន ពាក់ព័ន្ធនឹងបញ្ហាវៀតណាមចូលមកគ្រប់គ្រងទឹកដីខ្មែរ។ គិតពីថ្ងៃចាប់ខ្លួន រហូតមកដល់ពេលនេះ អ្នកស្រី រុនអេង ជាប់ពន្ធនាគារជិត ៦ខែហើយ។
ការចាប់ខ្លួនស្ដ្រីវ័យកណ្ដាលរូបនេះ ធ្វើឡើងក្រោយរដ្ឋាភិបាល បានដាក់កម្លាំងបង្ក្រាបដោយចាប់ខ្លួនសកម្មជន អ្នកនយោបាយ និងពលរដ្ឋ ដែលមានគម្រោងជួបជុំ ឬបង្ហោះសារលើបណ្តាញសង្គម ជុំវិញព្រឹត្តិការណ៍នៃកិច្ចព្រមព្រៀងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV)៕
អត្ថបទដោយ៖ កញ្ញា ជា សុខនី