នៅថ្ងៃទី២៩ ខែ វិច្ឆិកា ឆ្នាំ ២០២២នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំងមុនតំណែង លោក យ៉ង សាំងកុមារ ជារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការ ក្រសួងកសិកម្ម ខណៈលោក ឡឹក សុធា ត្រូវបានតែងតាំងជា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម។
ការតែងតាំងនេះ បន្ទាប់ពីលោក បានចុះចូលជាមួយបក្សកាន់អំណាច ដើម្បីជួយដល់វិស័យសកិកម្ម ក្រោយពេលមានការឡើងតំណែងរដ្ឋមន្ដ្រីក្រសួងកសិកម្មថ្មី។ លោក យ៉ង សាំងកុមារ បានដាក់ចេញផែនការធំៗចំនួន២ចំណុច ដើម្បីស្ដារវិស័យកសិកម្មកម្ពុជានិងសង្គ្រោះប្រជាកសិករ។
សូមរម្លឹកថា លោកបណ្ឌិត យ៉ង សាំងកុមារ បានបញ្ចប់ការសិក្សាថ្នាក់នបណ្ឌិតផ្នែកកសិកម្មមកពីប្រទេសអាល្លឺម៉ង។ លោកបានលើកឡើងថា ទោះបីលោកដូរបក្សនយោបាយ តែលោកមិនដូរគោលដៅនោះទេ គឺជួយដល់វិស័យកសិកម្មដដែល។
កាលពីថ្ងៃទី២៨ ខែវិច្ឆិកាកន្លងទៅ លោកបានជួបជជែកពិភាក្សាលើបញ្ហារបស់កសិករជាមួយរដ្ឋាភិបាលកម្ពុជា។ លោកបញ្ជាក់ថា លោកជជែកពីទស្សនវិស័យ និងវិធានការកែលម្អជាពិសេសផ្តោតលើវិស័យស្រូវអង្ករ និងវិស័យពាក់ព័ន្ធផ្សេងទៀត។ តែយ៉ាងណា ក្នុងគោលបំណងរបស់លោកក្នុងអភិវឌ្ឍវិស័យកសិកម្ម លោកត្រូវការពេលវេលា៥ឆ្នាំ៕