ភ្នំពេញ៖ ប្រជាសហគមន៍ឧត្តមស្រែពស់ម្នាក់គឺលោក ប៉ឹក ខ្មៅ ត្រូវបានដោះលែងឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីសមត្ថកិច្ចស្រុកឱរ៉ាល់ឃាត់ខ្លួន និងក្រោយតុលាការខេត្តបានសួរដេញដោលអស់រយៈជិតមួយសប្តាហ៍ ករណីប្រទូសរ៉ាយជាមួយក្រុមទាហាន ង-៧០ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤កន្លងទៅ។ ទោះបីជាត្រូវជាប់ឃុំទាក់ទងរឿងវិវាទដីធ្លីនៅអាស្រមឧត្តមស្រែពស់នេះក៏ពិតមែន ប៉ន្តែលោក ប៉ឹក ខ្មៅ នៅតែទទូចដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធចុះពិនិត្យវាស់វែងកំណត់ព្រំដីរវាងទាហាននិងប្រជាសហគមន៍ឱ្យច្បាស់ លាស់ ដើម្បីបញ្ជៀសករណីហិង្សាដាក់បន្តទៀត។
លោក កែវ សុខា ជូនសេចក្តីរាយការណ៍
ក្រោយចាប់ឃាត់ខ្លួនពីសំណាក់សមត្ថកិច្ចស្រុកឱរ៉ាល់ និងក្រោយការសួរដេញដោលដោយតុលាការខេត្តកំពង់ស្ពឺ សរុបជាងមួយសប្តាហ៍មក បច្ចុប្បន្ននេះលោក ប៉ឹក ខ្មៅ ប្រជាសហគមន៍ឧត្តមស្រែពស់ត្រូវដោះលែងឱ្យមានសេរីភាពឡើងវិញហើយ។
លោក ប៉ឹក ខ្មៅ ត្រូវឃុំខ្លួនបណ្តោះអាសន្ននៅស្នងការដ្ឋាននគរខេត្តកំពង់ស្ពឺ និងបញ្ជូនទៅសួរចម្លើយនៅតុលាការខេត្ត ករណីហិង្សាប្រើអាវុធតតាំងជាមួយក្រុមទាហានបង្កឱ្យមានរបួសស្នាម គ្រាដែលលោកព្យាយាមការពារប្រពន្ធរបស់លោកដែលត្រូវទាហានគប់ដំបងចំរាងកាយពេលចូលទៅប្រមូលសម្ភារៈ និងទ្រព្យសម្បត្តិរបស់សង្ឃពីអាស្រមមេត្តាធម្មជាតិមករក្សាទុក។ តំបន់ព្រៃមេត្តាធម្មជាតិនោះ ទាហាននៅតែអះអាងថា ជាកម្មសិទ្ធិរបស់ពួកគេតាមអំណាចផ្លូវច្បាប់ដែលរដ្ឋាភិបាលចេញ ស ជ ណ ប្រគល់ជូនក្រុមគ្រួសារយោធិន។
បើតាមលោក ប៉ឹក ខ្មៅ ប្រាប់វិទ្យុស្រ្តីនៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥នេះថា លោកត្រូវបានតុលាការបញ្ចប់ការសាកសួរ និងផ្តិតមេដៃលើលិខិតមួយដែលជាកិច្ចសម្របសម្រួលបញ្ចប់រឿង ហើយលោកត្រូវដោះលែងវិញកាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥ថ្មីៗនេះ។ ក្នុងរយៈពេលនៃការសាកសួរលោក ប៉ឹក ខ្មៅ បញ្ជាក់ថាតុលាការបានសួរដេញដោលរឿងដែលលោកប៉ះទង្គិចគ្នាជាមួយក្រុមទាហាននៃបញ្ជាការដ្ឋានរថគ្រោះកងទ័ពជើងគោក«ង-៧០»កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤។
លោក ប៉ឹក ខ្មៅ ប្រាប់តាមចម្លើយសារភាពនៅក្នុងតុលាការថា សកម្មភាពតតាំងរបស់លោកជាមួយទាហានគឺជាការការពារខ្លួននិងប្រពន្ធប៉ុណ្ណោះ ដោយគ្មានចេតនាអ្វីទៅបង្ករបួសនោះទេ។ តែមូលហេតុដែលភាគីទាហានរងរបួលជើងនោះ ក៏ដោយសារតែពួកគេព្យាយាមរុលចូលមកវាយលោកទើបបណ្តាលឱ្យមុតកាំបិតតែម្តង។
លោក ប៉ឹក ខ្មៅ៖«ខ្ញុំប្រាប់គាត់[តុលាការ]តាមជាក់ស្តែងថា គេវៃប្រពន្ធរបស់ខ្ញុំហើយ គឺខ្ញុំចូលទៅជួយ ហើយខ្ញុំយកកាំបិតគ្រវីក្រវាត់ៗហើយគាត់ចូលមកវៃថែមក៏កាំបិតមុតជើងគាត់[ទាហាន] បើពេលហ្នឹងគាត់អត់ចូលរកវៃខ្ញុំទេក៏អត់មុតដែរ។ ហើយមុតហ្នឹងក៏មុតត្រង់ចំណុចជើងដែរព្រោះខ្ញុំគ្មានប៉ុនប៉ុងកាប់សម្លាប់គាត់ទេគ្រាន់តែគ្រវីៗខាងក្រោមចឹងហ្នឹងណា តែគាត់នៅតែចូលក៏មុតជើងទៅ។បើខ្ញុំអត់ការពារខ្លួនទេ ពួកគាត់៧–៨នាក់ហ្នឹងអាចនឹងចូលវៃខ្ញុំនិងប្រពន្ធខ្ញុំឱ្យរងរបួសឬបាត់បង់ជីវិត ហើយក្រោយមុតពួកគាត់ក៏រំសាយវិញទៅ»។
លោក ប៉ឹក ខ្មៅ ទើបត្រូវបានដោះលែងពីតុលាការក្រោយពេលចូលបំភ្លឺ៣លើកនៅតុលាការខេត្តកំពង់ស្ពឺ។រូបភាពទទួលបានពីពលរដ្ឋ។
ចំពោះករណីនេះលោកថា លោកអាចមានលទ្ធភាពប្តឹងបកតាមផ្លូវច្បាប់វិញទៅកាន់ក្រុមទាហាន ក៏ប៉ុន្តែលោកមិនចង់មានរឿងវែងឆ្ងាយ ដោយអ្វីដែលលោកចង់បានពិតប្រាដកនោះ គឺការកំណត់បែងចែងឱ្យច្បាស់នូវកម្មសិទ្ធិលើដីព្រៃមេត្តធម្មជាតិប៉ុណ្ណោះ។ ការទទូចចង់បាននេះ បើតាមលោក ប៉ឹក ខ្មៅ ព្រោះកាលបើអ្នកពាក់ព័ន្ធពុំព្រមចុះមកពិនិត្យកំណត់ព្រំដីសារឡើងវិញនោះទេ នោះជម្លោះនឹងនៅតែអាចកើតមានជាដដែល ដោយសារតែភាគីនីមួយៗសុទ្ធតែអះអាងថាដីអាស្រមមេត្តាធម្មជាតិជាដីកម្មសិទ្ធិរៀងៗខ្លួន។
លោក ប៉ឹក ខ្មៅ៖«ខ្ញុំក៏របួសតិច គេក៏របួសតិចតួច ចឹងខ្ញុំក៏មិនប្តឹងបកអីទេឱ្យចប់ត្រឹមហ្នឹងចុះ។ ខ្ញុំសូមសំណូរពរចុងក្រោយថា មានរឿងអីកុំប្រើហិង្សាដាក់គ្នារបៀបហ្នឹងទៀត។ បងប្អូនប្រជាពលរដ្ឋយើងសូមឱ្យមន្រ្តីមូលដ្ឋានចុះពិនិត្យរកដំណោះស្រាយមួយឱ្យច្បាស់លាស់ ជាក់លាក់ ដោយចុះមកវាស់ហៅប្រជាពលរដ្ឋប្រាប់កន្លែងនេះ ត្រឹមនេះដល់ត្រឹមនេះ មានបង្គោលច្បាស់លាស់មកវាចប់បាត់ហើយអត់មានរឿងអីវែងឆ្ងាយទេ តែបញ្ហាត្រង់ថាវាអត់មានបង្គោលមានព្រំ អ្នកធ្វើចេះតែធ្វើបុកចូលៗទើបមានរឿងហ្នឹងណា»។
សូមរំលឹកជូនបន្តិចថា កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ មានហេតុការណ៍ប៉ះទង្គិចមួយបានកើតឡើងក្នុងតំបន់អាស្រមព្រៃមេត្តាធម្មជាតិ ឬតំបន់សហគមន៍ឧត្តមស្រែពស់ស្ថិតក្នុងឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ រវាងក្រុមទាហានមានគ្នាប្រមាណ៨នាក់ និងក្រុមប្រជាសហគមន៍មានគ្នាជាង១០នាក់ ខណៈប្រជាសហគមន៍ព្យាយាមប្រមូលសម្ភារៈនិងទ្រព្យសម្បត្តិរបស់សង្ឃចេញពីក្នុងអាស្រមមករក្សាទុកក្នុងភូមិ។
យ៉ាងណានៅពេលដែលក្រុមប្រជាសហគមន៍ដែលភាគច្រើនជាស្រ្តីកំពុងប្រមូលសម្ភារៈ ស្រាប់តែក្រុមទាហានរថក្រោះ«ង-៧០» ប្រដាប់ដោយអាវុធមាន កាំភ្លើង កាបិត និងដំបង បានមកស្រែគំរាមសម្លុតថាបាញ់សម្លាប់ចោលបើហ៊ានចូលតំបន់ជាកម្មសិទ្ធិរបស់ពួកគេ។ នេះជាការបញ្ជាក់ពីអ្នកស្រី ស៊ុន ស្រីអែម ដែលជាជនគ្រោះក្នុងហេតុការណ៍នោះ។ អ្នកស្រីថា ក្រោយពេលទាហានស្រែសម្លុតហើយក្រុមទាហានក៏ទាញដំបងគប់មកលើអ្នកស្រីចំខ្នង ទើបនាំឱ្យប្តីអ្នកស្រីយកកាបិតចេញមកតតាំងដើម្បីការពារអ្នកស្រី។ អ្នកស្រីបញ្ជាក់ថា ខាងក្រុមទាហានពុំមានរបួសអ្វីធ្ងន់នោះទេក្នុងពេលប្រទូសរ៉ាយគ្នានោះ។
ព្រៃសហគមន៍ដែលត្រូវទាហានដុតចោលដើម្បីកុំឱ្យប្រជាសហគមន៍ឧត្តមស្រែពស់ចូលមកអាស្រ័យផលតទៅទៀត។រូបភាពពីប្រជាសហគមន៍។
បើតាមពលរដ្ឋមូលហេតុដែលនាំឱ្យក្រុមប្រជាសហគមន៍ចូលទៅព្រៃសហគមន៍មេត្តាធម្មជាតិប្រមូលទ្រព្យសម្បត្តិសង្ឃមករក្សាទុក ព្រោះកាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ មានជនមិនស្គាល់មុខចូលមកវាយកម្ទេចបំផ្លាញនិងលួចសម្ភារៈ ទ្រព្យសម្បត្តិរបស់សង្ឃក្នុងតំបន់អាស្រមព្រៃមេត្តាធម្មជាតិ។ ហេតុការណ៍គ្រានោះ ក្រុមប្រជាពលរដ្ឋដាក់ការសង្ស័យថាជាទង្វើរបស់ក្រុមទាហាន ព្រោះខាងទាហានកន្លងមកធ្លាប់ឈូសឆាយកូនឈើដែលពលរដ្ឋដាំនិងធ្លាប់ព្រមានកុំឱ្យចូលក្នុងតំបន់អាស្រមព្រៃមេត្តាតទៅទៀត។
ស្រដៀងគ្នានឹងការទទូចស្នើសុំរបស់ប្រជាសហគមន៍នេះដែរ អ្នកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូប្រចាំខេត្តកំពង់ស្ពឺធ្លាប់ប្រាប់វិទ្យុស្រ្តីថា បញ្ហានេះបង្កជាជម្លោះរុំារ៉ៃត្រង់ពុំទាន់មានការកំណត់ឱ្យច្បាស់លាស់លើទំហំដីកម្មសិទ្ធិរបស់គ្រួសារយោធិនដែលរដ្ឋាភិបាលធ្វើអនុប្រយោគឱ្យនោះ។ លោកថា បើសិនជាអ្នកពាក់ព័ន្ធចុះវាស់វែងពិនិត្យកំណត់ព្រំច្បាស់លាស់ និងសម្របសម្រួលគូភាគទាំងសងខាងនោះ លោកជឿថា ជម្លោះដ៏រុំាំរ៉ៃនេះនឹងអាចដោះស្រាយបានជាក់ជាពុំខាន។
សម្រាប់សំណូមពរពីប្រជាសហគមន៍នេះ ប្រធានរដ្ឋបាលសាលាខេត្តកំពង់ស្ពឺ បានទទួលសំនួររបស់វិទ្យុស្រ្តីតាមប្រព័ន្ធតេឡេក្រាមរួចហើយ តែលោកពុំមិនទាន់អាចឆ្លើយបំភ្លឺបាននៅឡើយទេគិតត្រឹមរសៀលថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥នេះ។
សូមរំលឹកជូនថា ព្រៃសហគមន៍ឧត្ដមស្រែពស់ ឬហៅថាព្រៃមេត្តាធម្មជាតិនេះ គឺជាផ្នែកមួយនៃដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ហើយបានចុះបញ្ជីទទួលស្គាល់ជាព្រៃអភិរក្សពីក្រសួងបរិស្ថានកាលពីឆ្នាំ២០០២។ លុះមកដល់ខែសីហា ឆ្នាំ២០២១ រដ្ឋាភិបាលបានចេញអនុក្រឹត្យ ឆ្វៀលដីព្រៃសហគមន៍ឧត្ដមស្រែពល់មានទំហំជិត ៣០០ (២៦២,២៤) ហិកតា ពីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ស្ថិតក្នុងភូមិពោធិ៍មាស ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បែងចែកជូនគ្រួសារយោធិន នៃកងរថក្រោះ “ង-៧០” ចំនួន៤១គ្រួសារ សម្រាប់សង់លំនៅឋាន និងបង្កបង្កើនផល។
សម្រាប់ប្រជាសហគមន៍អះអាងថា ពួកគេពុំមានចេតនាប្រឆាំងនឹងការសម្រេចរបស់រដ្ឋាភិបាលដែលកាត់ឆ្វៀលដីជូនគ្រួសារយោធិននោះទេ ប៉ុន្តែពួកគេចង់ឱ្យក្រុមទាហានសម្បទានដីទំហំប្រហែល ៣០ហិកតាដើម្បីឱ្យប្រជាសហគមន៍បានអាស្រ័យអនុផលព្រៃឈើ និងសង់វត្តអារាមនៅទីនោះ៕