ចំនួនស្វានៅតំបន់អង្គរមានការកើនឡើង ជាដើមចមបង្កការរំខានទៅដល់ភ្ញៀវទេសចរ និងធ្វើឱ្យខូចខាតទ្រង់ទ្រាយនៃសំណង់ប្រាសាទបុរាណជាដើម។ នេះបើតាមប្រសាសន៍របស់អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាថ្លែងប្រាប់វិទ្យុស្រ្តីនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥។ ប្រការនេះអាជ្ញាធរមូលដ្ឋានត្រៀមមានវិធានការការពារជៀសវាងហានិភ័យជាបន្តបន្ទាប់។ តែយ៉ាងណា ភ្ញៀវទេសចរមួយចំនួនស្នើឱ្យមានការរៀបចំដែលមិនប៉ះពាល់ដល់ជីវិតសត្វស្វាក្នុងតំបន់អង្គរ។
(កញ្ញា កែវ សុជាតា រាយការណ៍)
លោក ឡុង កុសល អ្នកនាំពាក្យនៃអាជ្ញាធរជាតិអប្សរា បានលើកឡើងថា ចំនួនសត្វស្វាដែលរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរមានការកើនឡើងក្នុងតួលេខមួយគួរឱ្យកត់សម្គាល់។ ក្នុងនាមជាអ្នកធ្វើការយ៉ាងជិតស្និទ្ធនឹងការអភិវឌ្ឍនានាក្នុងបរិវេណតំបន់អង្គរ លោកទទួលស្គាល់ថា សត្វប្រភេទនេះបានរួមចំណែកទាក់ទាញភ្ញៀវទេសចរ ក៏ប៉ុន្តែបញ្ហាមួយចំនួនក៏បានបង្កជាហានិភ័យទៅដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិផងដែរ ដូចជាការរត់ឬហក់ខាំអ្នកទេសចរបង្ករបួស និងបញ្ហាឆក់ដណ្តើមសម្ភារៈចំណីអាហាររបស់ភ្ញៀវ ហើយគួរឱ្យបារម្ភជាងនេះគឺស្វាបានទាញឆក់ទាំងក្មេងតូចៗផងដែរ។
លោក ឡុង កុសល អ្នកនាំពាក្យនៃអាជ្ញាធរជាតិអប្សរា
ក្រៅពីនេះ អាជ្ញាធរដែលបម្រើការនៅក្នុងតំបន់អង្គរ ធ្លាប់ត្រូវសត្វស្វាខាំអំឡុងពេលបំពេញការងារផងដែរ។ ដោយសារស្វាតែជាសត្វពុំមានវិចារណញាណ លោក កុសល ថា ម្តងម្កាលគេឃើញសត្វស្វាយហក់ទៅតោងផ្នែកមួយចំនួននៃសំណល់ប្រាសាទបុរាណធ្វើឱ្យងាយពុកផុយ ដែលករណីនេះប៉ះពាល់ទៅដល់ការអភិរក្សសំណង់ស្ថាបត្យកម្មដែលបន្សល់ពីបុព្វបុរសខ្មែរនាសម័យមុន។
លោក ឡុង កុសល៖«ការណ៍ដែលមានកំណើនរបស់សត្វស្វានៅក្នុងតំបន់រមណីយដ្ឋានអង្គរហ្នឹងវាមានបញ្ហាច្រើន។ ទី១វាពាក់ព័ន្ធជាមួយនឹងរឿងកិច្ចការអភិរក្សរបស់យើងដែរ បានន័យថាពួកគាត់ពួកស្វាហ្នឹងណា ប្រតោងឡើងលើថ្មប្រាសាទឡើងលើអីហ្នឹងទៅក៏អាចធ្វើឱ្យបង្ករបះជាថ្ម ឬក៏ធ្លាក់ថ្មអីខ្លះៗអីកន្លងមកដែរ នេះទី១។ ទី២ គាត់(ស្វា)ធ្វើការបង្កការរំខានទៅលើការរៀបចំនូវបរិក្ខារទេសចរណ៍របស់យើងដែលយើងបានត្រៀមនៅទីនោះ យើងរៀបចំដើម្បីសម្រួលនូវការទស្សនារបស់ភ្ញៀវទេសចរ ក៏គាត់(ស្វា)បានធ្វើឱ្យខូចខាតដែរ។ ហើយទី៣សំខាន់គឺថា គាត់បានបង្ករបួសស្នាមទៅដល់ភ្ញៀវទេសចរដែលគាត់ទៅទស្សនានៅទីនោះ។ មិនថាតែភ្ញៀវទេសចរទេ តែក្រុមការងាររបស់យើងហ្នឹងក៏ត្រូវស្វាខាំដែរកន្លងមកនោះ។»។
សកម្មភាពព្យាបាលរបួសជូនភ្ញៀវទេសចរនៅក្នុងបរិវេណតំបន់អង្គរ។ រូបភាព៖ អាជ្ញាធរជាតិអប្សរា
ជុំវិញករណីសត្វស្វាបង្កហានិភ័យដល់ភ្ញៀវទេសចរនេះ លោកបានបញ្ជាក់ដែរថា កាលពីពេលថ្មីៗនេះក៏មានករណីសត្វស្វាទាញដណ្តើមសម្ភារៈរបស់ភ្ញៀវទេសចរដែលមកកម្សាន្តនៅតាមរមណីយដ្ឋានអង្គរ រហូតឈានដល់ករណីខាំភ្ញៀវទេសចរផងដែរ។ ក៏ប៉ុន្តែការវាយប្រហាររបស់សត្វស្វាទៅលើមនុស្សនេះ មិនបានបង្កជាហានិភ័យធ្ងន់ធ្ងរនោះឡើយ។ ជាការកត់សម្គាល់របស់លោក ទោះសត្វស្វាមិនមែនជាសត្វចិញ្ចឹម តែជាសត្វព្រៃក្តី យ៉ាងណាឥរិយាបថកាចរបស់សត្វស្វានេះក៏មានមួយផ្នែកផ្លាស់ប្តូរបណ្តាលមកពីមនុស្សផងដែរ។ លោកពោលដូច្នោះ ដោយសារតែលោកមើលឃើញថា មនុស្សមួយចំនួនតូចបានផ្តល់ចំណីជាប្រចាំទៅឱ្យសត្វស្វា ក្នុងចេតនាផលិតមាតិកាដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ដែលធ្វើឱ្យស្វាមានចរិតកាចចេះដណ្តើមចំណី និងឈាមដល់បង្កជារបួសទៅលើមនុស្សជាដើម។
លោក ឡុង កុសល៖ «បញ្ហាសំខាន់ដែលយើងសង្កេតឃើញគឺការប្រែប្រួលនូវរបៀបនៃការរស់នៅបែបធម្មជាតិរបស់សត្វ ព្រោះយើងដឹងហើយថាសត្វស្វាជាប្រភេទសត្វព្រៃ ក៏ប៉ុន្តែដោយឃើញមានការថតរូប ថតវីដេអូអីៗហ្នឹង ហើយគាត់យកនំយកចំណីយកម្ហូបស្អីៗហ្នឹង យកទៅឱ្យសត្វហ្នឹង(ស្វា)។ បាទ! អ៊ីចឹងសត្វហ្នឹងវាលែងទៅជាសត្វព្រៃដែលវាលែងខ្លាចមនុស្សហើយ អ៊ីចឹងឱ្យតែឃើញមនុស្សកាន់ដបទឹក ឃើញមនុស្សកាន់អីខ្លះៗនៅជាប់ហ្នឹងដៃហ្នឹងវាយល់ថាជាចំណីរបស់វា អ៊ីចឹងវាទៅកញ្ឆក់វាទៅដណ្តើមពីមនុស្ស។ បាទ! ហើយសម្រាប់ភ្ញៀវទេសចរ គាត់អត់ដឹងទេ គាត់មិនដឹងថាស្វាហ្នឹងវាយ៉ាងម៉េចមកដណ្តើមម្ហូប ឬមកដណ្តើមចំណី ឬរបស់របរគាត់តិចតួចហ្នឹង ជួនកាលគាត់មិនអាចឱ្យទេព្រោះធម្មតារបស់ហ្នឹងរបស់គាត់ហើយ អ៊ីចឹងមិនព្រមឱ្យទៅសត្វស្វាៗហ្នឹងក៏ខាំទៅ វាដណ្តើមវាខាំអីអ៊ីចឹងទៅ។»។
សត្វស្វាខាំម៉ាស់ពាក់ការពារ
ទាក់ទងរឿងនេះ មានគណនីនៅលើបណ្តាញសង្គមហ្វេសប៊ុកមួយចំនួនបានបញ្ចេញមតិស្រដៀងគ្នាដោយលើកឡើងថា នេះមិនមែនជាកំហុសរបស់សត្វស្វានោះទេ ដោយបញ្ហាពិតប្រាកដអាចបណ្តាលមកពីមនុស្សដែលតែងផ្តល់ចំណីទៅឱ្យស្វា និងបង្រៀនស្វាឱ្យមានចរិកកាចហ៊ានឆក់ដណ្តើមរបស់របរមនុស្សដោយមិនខ្លាចក្រែង។ ចំណែកមតិមួយចំនួនទៀតយល់ស្របឱ្យអាជ្ញាធរជាតិអប្សរាចាត់វិធានការដោយចាប់យកស្វានៅបរិវេណតំបន់អង្គរទាំងនេះទៅទុកនៅកន្លែងសមស្របណាមួយ ឬប្រលែងនៅក្នុងព្រៃធម្មជាតិ ចៀសវាងរំខានទៅដល់ភ្ញៀវទេសចរ។ ក្នុងនោះ ក៏មានគណនីឈ្មោះ Lor Sovorn បាននិយាយថា «កូនខ្ញុំត្រូវសត្វដេញនៅប្រាសាទបាយ័ន កាលពីថ្ងៃអាទិត្យដែរ ។ សង្គេតឃើញថា មានភាពអសន្តិសុខមែន ហើយមួយទៀត ខ្ញុំបានឮជនបរទេស រអ៊ូរទាំពីក្លិនមិនល្អនៅក្នុងបរិវេន ប្រាសាទបាយ័នផង ។ តើអាជ្ញាធរអប្សរា មានចំណាប់ការបែបណាដែរ។»។
យោងតាមសេចក្តីប្រកាសរបស់អាជ្ញាធរជាតិអប្សរាចុះផ្សាយនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ អាជ្ញាធរជាតិអប្សរានឹងសហការជាមួយស្ថាប័នជំនាញនានារបស់ក្រសួងកសិកម្ម ដើម្បីស្វែងរកកិច្ចអន្តរាគមន៍សមស្របណាមួយ និងចាត់វិធានការការពារទៅដល់ភ្ញៀវទេសចរដែលមកកម្សាន្តនៅតំបន់អង្គរ ពីការបង្កហេតុដោយសត្វស្វា។ អន្តរាគមន៍នេះ គឺដើម្បីចៀសវាងកើតមានហេតុការត្រូវសត្វស្វាដណ្តើមឬវាយប្រហារ អាជ្ញាធរជាតិអប្សរាបានអំពាវនាវឱ្យអ្នកទេសចរទាំងអស់ នៅឱ្យឆ្ងាយពីសត្វស្វា បញ្ឈប់ការផ្តល់ចំណីឱ្យស្វា ចៀសវាងប៉ះពាល់ឬលេងជាមួយសត្វស្វាជាដើម៕
រូបភាព៖ អាជ្ញាធរជាតិអប្សរា