តាមរបាយការណ៍របស់ក្រសួងសុខាភិបាលនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ តួលេខនៃអ្នកមានជំងឺឆ្លងបានថយចុះគួរឱ្យកត់សម្គាល់នៅក្នុងឆ្នាំ២០២៤ ខណៈពលរដ្ឋរងគ្រោះដោយសារជំងឺមិនឆ្លងដូចជាទឹកនោមផ្អែម និងមហារីកជាដើម នៅតែមានទិន្នន័យគួរឱ្យព្រួយបារម្ភ ដែលត្រូវការការយកចិត្តទុកដាក់ និងបន្តពង្រឹងផែនការបន្ថែម។ ក្នុងនោះ លោក ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកឡើងថា ការសន្សំដ៏ធំបំផុតគឺជាការថែរក្សាធនធានមនុស្សតាមរយៈប្រព័ន្ធសុខាភិបាល ពិសេសពលរដ្ឋគួររួមចំណែកថែទាំសុខភាពឱ្យបានជាប់លាប់។
(កញ្ញា កែវ សុជាតា រាយការណ៍)
យោងតាមរបាយការណ៍ដែលបង្ហាញនៅក្នុងសន្និបាតសរុបការងារឆ្នាំ២០២៤ នៅក្នុងចំណោមប្រភេទជំងឺឆ្លងដូចជាជំងឺរបេង គ្រុនចាញ់ និងគ្រុនឈាម មានការធ្លាក់ចុះគួរជាទីមោទនៈ ដែលក្នុងនោះអត្រាស្លាប់ដោយសារជំងឺរបេងបានធ្លាក់ចុះពី ២៣នាក់ក្នុងចំណោមប្រជាជន១០០ពាន់នាក់នៅឆ្នាំ២០២២ មកនៅត្រឹម ២១នាក់ក្នុងឆ្នាំ២០២៣។ ចំណែកអត្រាព្យាបាលជំងឺរបេង នៅរក្សាបានខ្ពស់លើស ៩០%ក្នុងរយៈពេល ២៤ឆ្នាំជាប់ៗគ្នា។ ក្នុងឱកាសបង្ហាញសមិទ្ធផលការងារបង្ការនិងគ្រប់គ្រងជំងឺឆ្លងនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ លោក ឡូ វាសនាគិរី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឱ្យដឹងថា ចំពោះករណីជំងឺគ្រុនចាញ់បានធ្លាក់ចុះពី ១,៣៨៤ករណីមកនៅត្រឹមនៅ ៣៥៥ករណី ហើយករណីស្លាប់ដោយសារជំងឺគ្រុនចាញ់បានធ្លាក់ដល់សូន្យករណីចាប់ពីឆ្នាំ២០១៨រហូតដល់ឆ្នាំ២០២៥។
លោក ឡូ វាសនាគិរី រដ្ឋលេខាធិការក្រសួងសុខាភិបាល
លោកបន្ថែមទៀតថា ករណីជំងឺគ្រុនឈាមបានថយចុះប្រហែលបួនដងនៃចំនួនដែលបានព្យាករ។ រីឯអ្នកជំងឺអេដស៍ដែលកំពុងសម្រាកព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍នៅឆ្នាំ២០២៤ បានកើនឡើងពី ៦៧,៧១៧នាក់ដល់៦៩,៦៩៤នាក់ ឬកើនឡើង៣.៣៦% បើធៀបនឹងឆ្នាំ២០២៣។
ដោយឡែកករណីជំងឺមិនឆ្លងវិញ ក្រសួងសុខាភិបាលបានរកឃើញថា ករណីប្រើប្រាស់សេវាសុខាភិបាលពាក់ព័ន្ធនឹងជំងឺទឹកនោមផ្អែមនៅឆ្នាំ២០២៤ មានចំនួនជាង ២៣ម៉ឺនករណី (២៣០.២៧៩ករណី) ឬកើនឡើង៥៩.១៨% ហើយអ្នកជំងឺទឹកនោមផ្អែមបានសម្រាកព្យាបាលនៅមន្ទីរពេទ្យប្រមាណ ១ម៉ឺន៧ពាន់នាក់ (១៧.៥៣៤នាក់) ឬកើនឡើង៤៣.២៥% បើធៀបនឹងឆ្នាំ២០២៣។ ចំណែកអ្នកជំងឺមហារីកមានចំនួន ៣ម៉ឺន១ពាននាក់ ដែលទទួលការព្យាបាលនៅមន្ទីរពេទ្យ ឬកើនឡើង ៨៧.៤២%។ ក្នុងនោះអ្នកជំងឺ ១២៧នាក់បានទទួលមរណភាព។ តាមរបាយការណ៍ដដែលជំងឺមហារីកដែលជួបប្រទះច្រើនជាងគេ គឺមហារីកសុដន់ដែលមានប្រមាណ ២០.៤% និងមហារីកមាត់ស្បូនមានចំនួន ១១.៥% ដែលកើតមានលើប្រជាជនកម្ពុជានៅឆ្នាំ២០២៤។
រូបភាព៖ ក្រសួងសុខាភិបាល
តាមរបាយការណ៍ក្នុងឆ្នាំ២០២៤ដដែល ក្រសួងសុខភិបាលបានចាក់ថ្នាំបង្ការជំងឺមហារីកមាត់ស្បូនដល់កុមារីអាយុ ៩ឆ្នាំ ដោយឥតគិតថ្លៃសរុបចំនួន ៩៥.៧៧ ភាគរយ ក្នុងចំណោមកុមារីអាយុ ៩ឆ្នាំនៅកម្ពុជា។ សម្រាប់ជំងឺមហារីកសុដន់វិញ ក្រសួងសុខាភិបាលក៏បានដាក់ចេញនូវយន្តការអប់រំតាមសហគមន៍ស្តីពីជំងឺមហារីកសុដន់ តាមរយៈការលើកទឹកចិត្តស្រ្តីឱ្យយល់ដឹងពីរបៀបពិនិត្យរករោគសញ្ញាសុដន់ដោយខ្លួនឯងនៅគេហដ្ឋានឱ្យបានទៀតទាត់ ឱ្យស្រ្តីមានឱកាសទៅទទួលការពិនិត្យព្យាបាល និងស្វែងរករោគវិនិច្ឆ័យពីគ្រូពេទ្យជំនាញជាដើម។
រូបភាព៖ ក្រសួងសុខាភិបាល
ថ្លែងនៅក្នុងពិធីបើកសន្និបាតសុខាភិបាលនាថ្ងៃទី៣ មីនា លោក ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល អះអាងពីការប្តេជ្ញាចិត្តបន្តពង្រឹងប្រព័ន្ធសុខាភិបាលនៅកម្ពុជាឱ្យបានកាន់តែល្អប្រសើរឡើង ដើម្បីឆ្ពោះទៅរកការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅឆ្នាំ២០៣០។ ទន្ទឹមគ្នានេះ លោក ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអំពាវនាវយ៉ាងដូច្នេះថា «សូមបងប្អូនប្រជាពលរដ្ឋគ្រប់រូបមេត្តាធ្វើខ្លួនជាតួអង្គ មានន័យថាដើរតួអង្គ ជាតួអង្គសំខាន់សម្រាប់សុខភាពរបស់ខ្លួនឯង មានតែតួអង្គយើងទេដែលយើងអាចធ្វើឱ្យសុខភាពយើងបានប្រសើរឡើង។ អ្វីដែលចំណុះឱ្យយើង យើងធ្វើបាន។ អ៊ីចឹងរាល់លើករាល់ពេល បងប្អូនប្រជាពលរដ្ឋនឹកឃើញនូវសារដែលជាសំណូមពរដ៏ទទូចដើម្បីអ្វី? គឺដើម្បីសុខភាពរបស់បងប្អូនយើង។»។
លោក ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល
តាមការបញ្ជាក់បន្ថែមពីលោក ឈាង រ៉ា វិស័យសុខាភិបាលនៅកម្ពុជាចាំបាច់ត្រូវតែពង្រឹងសមត្ថភាព និងតាមដានការអនុវត្តការងាររបស់មន្ត្រីជំនាញឱ្យបានម៉ឺងម៉ាត់ ព្រមទាំងត្រូវបន្តពង្រឹងសេវាសុខាភិបាលឱ្យកាន់តែល្អគួបផ្សំនឹងគុណភាពសម្រាប់ធានាបាននូវសុខុមាលភាពសម្រាប់ប្រជាពលរដ្ឋ ដែលជាកត្តារួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្ស និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។
ជុំវិញសមិទ្ធផលទាំងនេះ លោកស្រី Jaana Marianna Trias តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា មើលឃើញពីការកែលម្អផ្នែកសុខាភិបាលនៅកម្ពុជា ដោយទិន្នន័យនៃអ្នកកើតជំងឺឆ្លងមួយចំនួនបានធ្លាក់ចុះ ខណៈពលរដ្ឋជាច្រើនបានយល់ដឹងនិងស្វែងរកវិធីសាស្រ្តទប់ស្កាត់ជាមុន។ តួយ៉ាង លោកស្រីក៏សង្កេតឃើញដែរថា បរិក្ខារពេទ្យនិងបច្ចេកវិទ្យាជំនាញនៅក្នុងមន្ទីរពេទ្យមួយចំនួនក្នុងប្រទេសកម្ពុជាបានរីកចម្រើនមួយជំហាន ដែលធ្វើឱ្យការព្យាបាលមានប្រសិទ្ធភាពប្រសើរជាងមុន៕
លោកស្រី Jaana Marianna Trias តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា