ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នេះកម្មករនិយោជិត នៃរោងចក្រ ហ្វ្ល័ររីថេក ស្ថិតនៅភូមិត្រពាំងព្រៃភូមិ ឃុំទំនប់ធំ ស្រុកពញាឮ ខេត្ដកណ្ដាល (ផ្លូវ៥១) ប្រមាណជិត ៤០០នាក់បានប្រមូលផ្ដុំគ្នាធ្វើកូដកម្មនៅមុខរោងចក្រទាមទារដកប្រធានរដ្ឋបាលនិងបក្ខពួកដៃជើងរបស់រដ្ឋបាលពីការងារ បន្ទាប់ពីពួកគេរដ្ឋបាលតែងតែប្រើពាក្យសម្តី អាកប្បកិរិយាមិនសមរម្យ ប្រមាថមើលងាយកម្មករ។ បន្ថែមពីនេះ កម្មករថា រដ្ឋបាលរោងចក្រនេះក៏ប្រើអំណាចគំរាម ដកកម្មករពីការងារនៅពេលកម្មករហ៊ានជំទាស់ឬខ្ទាស់ពាក្យសម្តីជាមួយប្រធានរដ្ឋបាលរូបនេះ។ យ៉ាងណា ប្រធានរដ្ឋបាលរោងចក្រដែលកំពុងរងការតវ៉ាសុំដកដំណែងខាងលើបំភ្លឺប្រាប់វិទ្យុស្រ្តីដោយទទួលស្គាល់ថា រូបលោកពិតជាបានស្តីបន្ទោសដោយបញ្ចេញសំឡេងលឺៗ តែលោកអនុវត្តចំពោះតែបុគ្គលដែលប្រព្រឹត្តិកំហុស មិនអនុវត្តតាមបទបញ្ជានិងច្បាប់ក្រុមហ៊ុនតែប៉ុណ្ណោះ។
លោក កែវ សុខា ជូនសេចក្តីរាការណ៍
រយៈពេលពីរថ្ងៃមកហើយ ពោលគឺតាំងពីថ្ងៃទី១៧ និងទី ១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលកម្មកររោងចក្រ ហ្វ្ល័ររីថេក ស្ថិតនៅភូមិត្រពាំងព្រៃ ឃុំទំនប់ធំ ស្រុកពញាឮ ខេត្ដកណ្ដាល (ផ្លូវ៥១) ប្រមាណជិត ៤០០នាក់បានប្រមូលផ្តុំគ្នាចេញតវ៉ាមិនព្រមចូលធ្វើការងារ ដោយពួកគេស្នើឱ្យថៅកែរោងចក្រដកប្រធានរដ្ឋបាលចេញពីការងារ។
ការចេញតវ៉ានេះ ដ្បិតកម្មករកើតទុក្ខមិនសុខចិត្តបន្ទាប់រងអំពើមិនគប្បីពីសំណាក់ប្រធានរដ្ឋបាលដែលតែងតែប្រើអាកប្បកិរិយា និងពាក្យសម្តីកោងកាច ជេរប្រមាថអាយុជីវិតកម្មកររោងចក្រប្រៀបដូចសត្វធាតុ។ មិនតែប៉ុណ្ណោះ បក្ខពួកនិងប្រធានរដ្ឋបាលរោងចក្រថែមទាំងបានប្រព្រឹត្តិអំពើពុករលួយទៀតផង ក្នុងរូបភាពទទួលសំណូកជាថ្នូរឱ្យកម្មករអាចអាចចូលបម្រើការងារក្នុងរោងចក្របាន។ នេះបើតាមការបញ្ជាក់របស់អ្នកស្រី រឿង សុខល័ក្ខ តំណាងកម្មករមួយរូបដែលបានចូលរួមក្នុងការតវ៉ានិងជាតំណាងចូលរួមក្នុងកិច្ចសម្របសម្រួលវិវាទមួយនេះ។
សកម្មភាពការចេញតវ៉ារបស់កម្មកររោងចក្រ ហ្វ្ល័ររីថេក ។រូបភាពពីកម្មករ។
អ្នកស្រីបន្តទៀតថា រដ្ឋបាលរោងចក្ររូបនេះ បានប្រើអំណាចហួសព្រំដែនបណ្តេញកម្មករតាមទំនើងចិត្ត ពោលដោយគ្រាន់តែពេលខ្លះ កម្មករឈឺបន្ទោរបង់ញឹកញាប់ក៏រងការស្តីបន្ទោសរហូតត្រូវដកចេញពីការងារក៏មាន។ ជាងនេះទៀត ស្រ្តីមានផ្ទៃពោះមួយចំនួនក៏ប្រធានរដ្ឋបាលមិនអត់អោនឱ្យដែរ ដោយត្រូវកាត់ឈ្មោះចេញពីរោងចក្រយ៉ាងតក់ក្រហល់។
អ្នកស្រី រឿង សុខល័ក្ខ៖«មកពីគាត់[ប្រធានរដ្ឋបាល]ពុករលួយ ការនិយាយស្តីរបស់គាត់មើលងាយកម្មករ ថាឱ្យកម្មករដូចឆ្កែដូចឆ្មា ហើយសុទ្ធតែអាមឹងជាមួយកម្មករ ចឹងកម្មករទទួលវាអត់បាន។បើនិយាយរឿងដកកម្មករវាដកដូចក្រដាស ដូចស្ពៃចឹង សូម្បីតែអ្នកពោះធំក៏ដកគ្នាដែរ ពេលគ្នាទៅពិនិត្យផ្ទៃពោះមើលទឹកនោមទៅឃើញមានកូនហ្នឹង ខាងជំនួយការមិនទាន់សរសេររបាយការណ៍ផងដកគ្នាចេញដែរ»។
សកម្មភាពការចេញតវ៉ារបស់កម្មកររោងចក្រ ហ្វ្ល័ររីថេក ។រូបភាពពីកម្មករ។
ជុំវិញរឿងនេះ លោក សឿ រ៉ាវុធ ប្រធានរដ្ឋបាលរោងចក្រដែលរងការរិះគន់និងការតវ៉ាសុំដកលោកចេញពីការងារប្រាប់វិទ្យុស្រ្តីថា លោកទទួលស្គាល់ថា កន្លងលោកពិតជាបានប្រើពាក្យសម្តីជេរកម្មកររៀងធ្ងន់ពិតមែន តែលោកថាដោយសារកម្មករបានប្រព្រឹត្តិខុសបទបញ្ជានិងលក្ខខ័ណ្ឌការងារក្នុងរោងចក្រ។ ដោយឡែករឿងដែលចោទថាលោកប្រើអំណាចដកកម្មករតាមអំពើចិត្តនោះ លោកសុំបដិសេធដោយអះអាងថា ការសម្រេចឈានទៅការដកកម្មករចេញពីការងារ គឺដោយសារតែកម្មករមិនគោរពវិន័យការងារ នាំឱ្យប៉ះពាល់ដល់សង្វាក់ផលិតកម្មរបស់ក្រុមហ៊ុន។ ក្នុងស្ថានភាពនេះ លោកមិនចង់និយាយដោះសារច្រើននោះទេ ដោយលោកទុកលទ្ធភាពតាមការសម្រេចរបស់ថៅកែដោយចង់ទុកពេលតាមដានសកម្មភាពការងាររបស់លោកមួយរយៈមុននឹងឈានទៅសម្រេចនៅពេលក្រោយ។
លោក សឿ រ៉ាវុធ៖«បើនិយាយពីអ្នកទៅបត់ជើងក្នុងរោងចក្ររបស់ខ្ញុំហ្នឹង ទៅបន្ទប់ទឹកគឺសេរីក្នុងមួយនាទីមិនក្រោមពី៥០នាក់ទៅ១០០នាក់ទេដែលទៅ។ ហើយយើងសួរវិញថាមូលហេតុអីដែលគាត់ត្រូវគេស្តីឱ្យ បាទមកពីគាត់ទៅបន្ទប់ទឹកនាយកក្រុមហ៊ុនមកដល់ឃើញគាត់កំពុងឈរលេងទូរស័ព្ទ គាត់ឈរជក់បារីដូចគ្មានអ្វីកើតឡើង រហូតដល់នាយកឃើញផ្ទាល់ភ្នែកចឹង នាយកស្តីឱ្យរដ្ឋបាល តើសួរថារដ្ឋត្រូវធ្វើចំណាត់ការរបៀបណា។ ដូចខ្ញុំបាននិយាយជាមួយបងប្អូនកម្មករតាំងពីដើម បើសម្តីណារបស់ខ្ញុំនិយាយទៅលើសលប់ប្រាប់ខ្ញុំមកខ្ញុំកែ តែបើទាំងអស់ហ្នឹងបងប្អូនមកធ្វើដាក់ខ្ញុំទេហើយឱ្យខ្ញុំកែ ចឹងបងប្អូនកែខ្លួនឯងសិនចាំឱ្យខ្ញុំកែ»។
គួរបញ្ជាក់ថា វិវាទការងារនេះត្រូវបានក្រុមការងារចុះដោះស្រាយដោយមានសមាសភាពពីមន្រ្តីស្រុក មន្រ្តីអធិការកិច្ចការងារ នាយករោងចក្រ ប្រធានរដ្ឋបាល និងតំណាងកម្មករ។ ជាលទ្ធផលនៃកិច្ចប្រជុំរកដំណោះស្រាយកាលពីថ្ងៃទី១៧ ខែកុម្ភៈ ម្សិលមិញ ក្រុមការងារបានចេញសេចក្តីសម្រេចទុកលទ្ធភាពបន្តការងារលោក សឿ រ៉ាវុធ ដដែលដើម្បីតាមដានសកម្មភាពការងាររបស់ប្រធានរដ្ឋបាលរូបនេះ ខណៈនាយកក្រុមហ៊ុនទើបតែចូលកាន់តួនាទី ពុំយល់ច្បាស់ពីអតិចរិកការងារក្នុងរោងចក្រនៅឡើយ។ មួយទៀតផងដែរ កម្មករសំណូមពរឱ្យភាគីក្រុមហ៊ុនមិនត្រូវចងគំនុំជាមួយកម្មករ ពិសេសត្រូវរក្សាអត្ថប្រយោជន៍នានាអំឡុងពេលដែលកម្មករចេញតវ៉ា៕