en     km
en     km

សំណុំរឿងគ្រឿងញៀនជាង៤០០ករណី ត្រូវតុលាការចាត់ការក្នុងរយៈពេលមួយខែ

Share

​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បានឱ្យ​ដឹង​ថា​ក្នុង​រយៈពេលពេញ​១​ខែមីនា សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី-ខេត្តបាន​ចាត់ការ​លើ​សំណុំរឿង​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​សរុប​ចំនួន ៤៣៩ ករណី ដែល​ក្នុង​នោះ មាន​ជនសង្ស័យ​ចំនួន ១២១៦ នាក់​។

​ក្រសួងយុត្តិធម៌​បាន​បញ្ជាក់​ថា​ «​ក្នុង​រយៈពេល ១​ខែ គិត​ចាប់ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០២៥ សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​រាជធានី ខេត្ត បាន​ទទួល​ចាត់ការ​លើ​សំណុំរឿង​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​សរុប​ចំនួន ៤៣៩ ករណី ដែល​ក្នុង​នោះ មាន​ជនសង្ស័យ​ចំនួន ១២១៦ នាក់ និង​ត្រូវ​បាន​ឃាត់ខ្លួន​ចំនួន ៨៩៣ នាក់​»​។

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លើកទឹកចិត្តផងដែរ ទៅកាន់​អាជ្ញា​ធរមាន​សមត្ថកិច្ច ព្រមទាំង​សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​រាជធានី ខេត្ត ដែល​បាន​ចាត់វិធានការ​ក្នុង​ការ​អនុវត្ត​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់​ក្នុង​សំណុំរឿង​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន ប្រកបដោយ​ការ​យកចិត្តទុកដាក់ និង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ដើម្បី​ការ​ការពារ​សន្តិសុខ និង​សុវត្ថិភាព​របស់​សង្គម​ជាតិ ព្រមទាំង​ភាព​សុខសាន្ត​របស់​ប្រជាពលរដ្ឋ​។

បន្ថែម​ពី​នេះ ក្នុង​នាម​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ចាក​ឆ្ងាយ​ពី​គ្រឿងញៀន ក៏​ដូច​ជា​ចៀសវាង​នូវ​រាល់​សកម្មភាព​ទាំងឡាយ​ណា​ដែល​បង្ក​អន្តរាយ​ដល់​គ្រួសារ និង​សង្គម​ជាតិ និង​ចូលរួម​អនុវត្ត «៣​កុំ ១​រាយការណ៍​» ដែល​មាន​ន័យ​ថា «​កុំ​ពាក់ព័ន្ធ កុំ​អន្តរាគមន៍ កុំ​លើកលែង​ក្នុង​បទល្មើស​នានា និង​ជួយ​រាយការណ៍​ពី​បទល្មើស​គ្រឿងញៀន និង​បទល្មើស​ផ្សេង​ៗ​ទៀត» ដែល​កើត​មាននៅ​មូលដ្ឋាន​របស់​ខ្លួន​ជូន​ដល់​សមត្ថកិច្ច​៕

 

Share

ព័ត៌មានទាក់ទង