en     km
en     km

កម្មកររោងចក្រជាង៤០នាក់ នៅស្រុកគងពិសី ដួលសន្លប់ ក្រោយថៅកែបាញ់ថ្នាំសម្លាប់សត្វល្អិត

Share

កម្មករ-កម្មការនីជាង៤០នាក់ នៅរោងចក្រកាត់ដេរសំលៀកបំពាក់ឈ្មោះ អាតធីវើស្ស ខេមបូឌា (Artiverse Cambodia Co,.LTD) ស្ថិតក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដួលសន្លប់ជាបន្តបន្ទាប់ ក្រោយពីថៅកែរោងចក្របាញ់ថ្នាំសម្លាប់សត្វល្អិតការពារសម្ភារៈ ដោយមិនបានជូនដំណឹងដល់កម្មករ នៅព្រឹកថ្ងៃទី១៦ ខែធ្នូនេះ។ យ៉ាងណាករណីនេះ សហជីពក្នុងវិស័យកាត់ដេរ ស្នើឱ្យក្រសួងការងារ រឹតបន្តឹង និងត្រួតពិនិត្យនៅតាមរោងចក្រទាំងអស់ ដែលប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត ដើម្បីការពារសុវត្ថិភាពកម្មករ ។ លោក គីម ចាន់ចាវ រាយការណ៍

 

 

កម្មករដែលដួលសន្លប់ និងបញ្ជូនមកមន្ទីរពេទ្យបង្អែកស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានចំនួនសរុប ៤៣នាក់ ក្នុងចំណោមកម្មករសរុបជាង ៤០០នាក់។ ដូច្នេះមូលហេតុដែលបណ្ដាលឱ្យមានកម្មករដួលសន្លប់នេះ ដោយសារថៅកែរោងចក្របានបាញ់ថ្នាំសម្លាប់សត្វល្អិត កាលពីថ្ងៃឈប់សម្រាក ប៉ុន្តែរហូតមកដល់ថ្ងៃចូលធ្វើការ កម្មករកម្មការនី ស្រូបយកក្លិនចេញពីការបាញ់ថ្នាំសម្លាប់សត្វល្អិតនៅទីតាំងក្នុងរោងចក្រនេះ។ នេះបើលោក ហន ពិសិដ្ឋ អភិបាលស្រុកគងពិសី បញ្ជាក់ប្រាប់វិទ្យុស្ដ្រីនៅរសៀលថ្ងៃទី១៦ ខែធ្នូនេះ។

លោកបន្តទៀតថា ស្ថានភាពកម្មករនៅរសៀលនេះ មានអាការៈធូរស្រាលច្រើនហើយ មិនមានករណីប៉ះពាល់ដល់ជីវិតឡើយ។ ដោយឡែកកម្មករផ្សេងទៀតដែលមិនសន្លប់ ថៅកែរោងចក្រ អនុញ្ញាតឱ្យឈប់សម្រាកពីការងារនៅថ្ងៃនេះ។

លោក ហន ពិសិដ្ឋ៖ «ថ្ងៃហ្នឹងសម្រាកហើយប្អូន ហើយក្រុមការងារក្រសួងកំពុងចុះវាយតម្លៃករណីដួលសន្លប់ហ្នឹងនៅល្ងាចហ្នឹង»។

ប៉ុន្តែលោក រ័ត្ន មីនា ដែលជាសហជីពឃ្លាំមើលករណីនេះ និងប្រធានសហព័ន្ធសហជីពជាតិ នៃឧស្សាហកម្ម វាយនភណ្ឌ កាត់ដេរកម្ពុជា ចាត់ទុកថា ករណីនេះ ជាការធ្វេសប្រហែសរបស់ថៅកែរោងចក្រ ដែលបានបាញ់ថ្នាំសម្លាប់សត្វល្អិត ដើម្បីការពារសម្ភារៈ ប៉ុន្តែបែរជាមិនយកចិត្តទុកដាក់លើសុវត្ថិភាពរបស់កម្មករដែលធ្វើការនៅក្នុងរោងចក្រនេះ។ ស្ថានភាពកម្មករនៅពេលនេះមានភាពប្រសើរហើយ តែលោកថា អ្វីដែលជាក្ដីបារម្ភនោះ គឺកម្មការនីដែលមានផ្ទៃពោះ នៅពេលស្រូបយកក្លិនដែលចេញពីការបាញ់ថ្នាំសម្លាប់សត្វល្អិតនេះ ដោយមិនទាន់ដឹងពីប្រភេទថ្នាំអ្វីនៅឡើយ ដូច្នេះគឺអាចផ្ដល់ផលប៉ះពាល់ដល់កូនក្នុងផ្ទៃ។

រូបភាពពីរដ្ឋបាលស្រុកគងពិសី។

លោក រ័ត្ន មីនា៖ «រោងចក្រនេះ គាត់ធ្វេសប្រហែសដោយសារអី មុននឹងការបាញ់ថ្នាំហ្នឹងគាត់អត់បានជូនដំណឹងដល់កម្មករនោះទេ ហើយនៅពេលដែលកម្មករចូលមកធ្វើការ គឺគាត់អត់បានផ្សព្វផ្សាយអ្វីដែលគាត់បានបាញ់ថ្នាំសម្លាប់សត្វល្អិតហ្នឹងទៅឱ្យកម្មករគាត់បានដឹង។ អ៊‌ីចឹងធ្វើឱ្យពួកគាត់ធ្វើការនៅក្នុងបន្ទប់ហ្នឹងពោរពេញដោយថ្នាំសម្លាប់សត្វល្អិតហ្នឹង»។

តាមរយៈករណីខាងលើ មេសហជីពរូបនេះ ស្នើទៅដល់ថៅកែរោងក្រនេះ និងរោងចក្រផ្សេងទៀត សូមអនុវត្តទៅតាមសេចក្ដីណែនាំរបស់ក្រសួងការងារ ដោយសារតែការមិនអនុវត្តនេះហើយ បណ្ដាលឱ្យកម្មករជាច្រើនសម្រាកនៅមន្ទីរពេទ្យ ជាពិសេសកម្មការនីដែលមានផ្ទៃពោះ គឺប៉ះពាល់ទាំងសុខភាពពួកគេផង និងសុខភាពកូនក្នុងផ្ទៃផងដែរ។

លោក រ័ត្ន មីនា៖ «ខ្ញុំក៏ស្នើសំណូមពរទៅឱ្យក្រសួងការងារបន្ថែមទៅលើការអធិការកិច្ចលើការអនុវត្តលក្ខខណ្ឌការងារនៅក្នុងរោងចក្រហ្នឹងដែរ ពីព្រោះវាជាក់ស្ដែងអ៊‌ីចឹងដល់ពេលដួលទៅ វាពិបាក អ៊‌ីចឹងដល់ពេលមនុស្សធម្មតា វាពិបាកប៉ុណ្ណឹង ចុះទម្រាំអ្នកដែលគ្នាមានផ្ទៃពោះនោះ គាត់អាចពិបាកលើសហ្នឹងទៅទៀត ពីព្រោះវាអាចប៉ះពាល់ដល់កូនគាត់ក្នុងផ្ទៃអ៊‌ីចឹងណាបង»។

តាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​កន្លងមក ណែនាំដល់រោង​ចក្រកាត់ដេរសំលៀកបំពាក់ និងស្បែកជើង ឱ្យមានវិធានការត្រឹមត្រូវ​ចំពោះការបាញ់ថ្នាំសម្លាប់សត្វល្អិត​នៅខាងក្រៅ និងខាងក្នុងបរិវេណអាគាររោងចក្រ សហគ្រាស ដើម្បីការពារកុំឱ្យប៉ះពាល់ដល់សុខភាពកម្មករ បង្កឱ្យមានការដួលសន្លប់។ សេចក្តីណែនាំទាំងនោះ មានគោលការណ៍ដូចជា៖​ ទី១.ត្រូវមានការសហការជាមួយក្រុមហ៊ុន ក្នុងការផ្តល់សេវាបាញ់ថ្នាំ ទី២. បណ្តុះបណ្តាលបុគ្គលិក ពីរបៀបប្រាស់ប្រាស់សារធាតុសម្លាប់សត្វល្អិត ទី៣. រាល់ការបាញ់សម្លាប់សត្វល្អិត ត្រូវមានការជូនដំណឹងជាមុនដល់សហជីព ប្រតិភូបុគ្គលិក និងកម្មករ។ ទី៤. ធានាបានថាសារធាតុថ្នាំសម្លាប់សត្វល្អិតមិនឱ្យសាយភាយដល់កន្លែងធ្វើការ និងទី៥.​ និយោជកត្រូវសហការជាមួយអាជ្ញាធរដែនដី  និងមន្ទីរការងារ បណ្តុះបណ្តាលវិជ្ជាជីវៈឱ្យទទួលបានដំណឹងពីការបាញ់ថ្នាំសម្លាប់សត្វល្អិតនេះ៕

អត្ថបទដោយ៖ កញ្ញា ជា សុខនី

Share

ព័ត៌មានទាក់ទង