ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥នេះ ប្រជាពលរដ្ឋរស់នៅសង្កាត់សៀមរាប ស្វាយដង្គំ និងសង្កាត់សំបួរប្រមាណ ២០០ នាក់ បានលើកគ្នាមកដល់មុខសាលាក្រុងសៀមរាបជាថ្មីម្តងទៀត ដើម្បីសុំកិច្ចអន្តរាគមន៍ឱ្យមន្រ្តីក្រុងដោះស្រាយបញ្ហាកង្វះខាតទឹកធ្វើស្រែ។ ហើយការខ្វះខាតទឹកប្រើប្រាស់បង្កបង្កើនផលនេះ ធ្វើឱ្យកសិករត្រូវឈ្លោះប្រកែកគ្នារឿងដណ្តើមទឹកប្រើប្រាស់ថែមទៀតផងកាលពីឆ្នាំទៅ។
ទិដ្ឋភាពពលរដ្ឋប្រមូលផ្តុំគ្នាមកសាលាក្រុងសៀមរាប ដើម្បីសំណូរដោះស្រាយបញ្ហាទឹកប្រើប្រាស់នៅអាងទំនប់៧៨។រូបភាពពីពលរដ្ឋ។
ប្រជាពលរដ្ឋបញ្ជាក់ថា ការប្រឈមមុខនឹងកង្វះខាតទឹកប្រើប្រាស់នេះ គឺបន្ទាប់ពីក្រុមហ៊ុនឯកជនមួយដែលទទួលបានអាជ្ញាប័ណ្ណរកស៊ីជីកអាចក៍ដីលក់បានហ៊ុមព័ន្ធប្រព័ន្ធត្រពាំងប្រឡាយឃ្លាំងទឹកទំនប់ ៧៨ មិនអាចមានលំហូរទឹកដូចមុន។ និងរឿងមួយទៀត គឺឆ្មាំទទួលខុសត្រូវបិទបើកទ្វារទឹកនៅអាងទំនប់ ៧៨នោះ មិនបានអនុវត្តតាមកាតព្វកិច្ចបណ្តាលការបង្ហូរទឹកមានភាពរអាក់រអួលធ្វើឱ្យដីស្រែពលរដ្ឋគ្មានទឹកប្រើប្រាស់គ្រប់គ្រាន់។
ទិដ្ឋភាពអាងទំនប់៧៨ ដែលក្រុមហ៊ុនបានហ៊ុមព័ទ្ធមិនឱ្យពលរដ្ឋអាចចូលបានដូចមុន។រូបភាពពីពលរដ្ឋ។
លោក គ្រុំ វេត ពលរដ្ឋម្នាក់រស់នៅក្នុងសង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាបនិយាយថា អាងទំនប់៧៨នេះ ជាប្រភពទឹកមួយដែលប្រជាពលរដ្ឋនៅទីនោះប្រើប្រាស់អាស្រ័យផលជាយូរណាស់មកហើយ មិនដែលមានបញ្ហាខ្វះខាតប្រើនោះទេ។ តែចាប់តាំងពីឆ្នាំ២០២២មក ដោយមានការវិនិយោគឱ្យទៅក្រុមហ៊ុនមួយមានសិទ្ធិជីកយកអាចក៍ដីលក់ ក៏ធ្វើឱ្យប្រភពទឹកត្រូវបានកាត់ផ្តាច់ ហើយប្រជាពលរដ្ឋត្រូវពឹងប្រភពទឹកនៅតំបន់ផ្សេងដែលនាំឱ្យខ្វះខាតទឹកប្រើប្រាស់ជាមួយកសិករនៅសង្កាត់ដទៃ។ចំពោះមុខបញ្ហានេះ ប្រជាពលរដ្ឋចង់ស្នើឱ្យអាជ្ញាធរក្រុងខេត្ត ពិចារណា បញ្ឈប់សកម្មភាពរបស់ក្រុមហ៊ុនបន្តទៀត ដោយបើកឱ្យកសិករអាចពឹងអាស្រ័យអាងទំនប់ ៧៨ បានដូចមុន ពោលគឺមានលំហូរទឹកប្រើប្រាស់គ្រប់គ្រាន់។
លោក គ្រុំ វេត៖«យើងបានសួរនាំខាងមន្រ្តីក្រុងរឿងខាងក្រុមហ៊ុនបោះបង្គោលនិងបិទហ៊ុមព័ទ្ធរបងមិនឱ្យកសិករចូលអាហ្នឹងវានាំឱ្យមានបញ្ហា។ពលរដ្ឋមិនចង់ឱ្យមានការកាយអាចក៍ក្នុងប្រឡាយទំនប់អីទេ ហើយចង់ឱ្យក្រុមហ៊ុននេះដកវិញ ព្រោះនាំឱ្យគ្មានប្រព័ន្ធទឹកចេញចូលអាងទំនប់ដូចមុន នាំឱ្យកសិករខ្វះខាតទឹកប្រើប្រាស់ »។
លោក គ្រុំ វេត ពលរដ្ឋដែលមានបញ្ហាខ្វះខាតទឹកធ្វើស្រែ។រូបភាពពីពលរដ្ឋ។
ដោយឡែកនៅព្រឹកមិញនេះដែរ ក្រុមប្រជាពលរដ្ឋក៏ស្នើឱ្យមន្រ្តីក្រុងរៀបចំជ្រើសរើសអ្នកយាមទ្វារទឹកថ្មីដោយពលរដ្ឋអះអាងថា ឆ្មាំដែលយាមកន្លងទៅគ្មានស្មារតីទទួលខុសត្រូវលើការបិទបើកបង្ហូរទឹកបានត្រូវត្រឹមត្រូវនោះទេ ដែលនាំឱ្យស្រូវតំបន់ខ្លះត្រូវជន់លិចទឹក និងតំបន់ខ្លះគ្មានទឹកប្រើគ្រប់គ្រាន់។
ជុំវិញសំណើរបស់ពលរដ្ឋទាំងបីសង្កាត់នេះ លោកអភិបាលរងក្រុងសៀមរាប ហាយ យង់ ប្រាប់វិទ្យុស្រ្តីថា ករណីមានបញ្ហារអាក់រអួលប្រព័ន្ធបង្ហូរទឹកពីអាងទំនប់ ៧៨នេះ ព្រោះដោយសារខាងក្រុមហ៊ុនមានភាពយឺតយ៉ាវលើការជីកអាចក៍ដីនៅក្នុងត្រពាំងប្រឡាយ។តែលោកថា បញ្ហានេះនឹងត្រូវបានដោះស្រាយនៅពេលក្រុមហ៊ុនបញ្ចប់ការស្តារយកអាចក៍ដីចេញពីត្រពាំង ហើយត្រពាំងនោះនឹងក្លាយជាប្រភពទឹកដ៏សំខាន់របស់កសិករអាចប្រើប្រាស់ទឹក និងនេសាទថែមទៀតផង។ ដោយឡែកបញ្ហា ការជ្រើសរើសតំណាងឆ្មាំបិទបើកទ្វារទឹកថ្មី លោកបានបញ្ជាឱ្យក្រុមការងារធ្វើការជាមួយខាងសង្កាត់ជាបណ្តើរៗហើយ ដើម្បីបោះឆ្នោតរើសតំណាង។
លោក ហាយ យង់៖«ឥឡូវសំណូរពររបស់គាត់ខ្ញុំបានទទួលហើយ ហើយខ្ញុំបានឱ្យមន្រ្តីជំនាញចុះទៅសម្របសម្រួល ធ្វើការពិគ្រោះជ្រើសរើសតំណាងឆ្មាំទឹកឡើងវិញតាមអ្វីដែលគាត់ស្នើសុំ ចឹងមន្រ្តីរបស់ខ្ញុំនិងពិភាក្សាជ្រើសរើសតំណាងដើម្បីបោះឆ្នោត »។
ទិដ្ឋភាពពលរដ្ឋប្រមូលផ្តុំគ្នាមកសាលាក្រុងសៀមរាប ដើម្បីសំណូរដោះស្រាយបញ្ហាទឹកប្រើប្រាស់នៅអាងទំនប់៧៨។រូបភាពពីពលរដ្ឋ។
ជុំវិញរឿងជ្រើសរើសសមាសភាពឆ្មាំទ្វារទឹកនេះ ប្រជាពលរដ្ឋសំណូរពរឱ្យមន្រ្តីសង្កាត់ រៀបចំសមាសសភាពតំណាងចេញពីប្រជាពលរដ្ឋក្នុងសហគមន៍ ព្រោះមានតែប្រជាពលរដ្ឋក្នុងសហគមន៍ទេ ទើបដឹងពីស្ថានភាពដីស្រែក្នុងតំបន់ច្បាស់ និងមានទំនួលខុសត្រូវខ្ពស់។
ឆ្លើយតបរឿងនេះលោកចៅសង្កាត់សៀមរាបបានតបយ៉ាងខ្លីថា លោកនឹងលើកយកបញ្ហានេះទៅពិភាក្សាជាមួយគណៈកម្មការជ្រើសរើសឆ្មាំនៅពេលខាងមុខនេះ៕