ភ្នំពេញ៖ គិតត្រឹមរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ ខេត្តសៀមរាបទាំងមូលវិលមកសភាពធម្មតាដូចប្រក្រតី ដោយពុំមានខ្យល់ព្យុះ ឬខ្យល់កន្រ្តាក់វាយប្រហារនោះឡើយ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យរដ្ឋបាលសាលាខេត្ត។ យ៉ាងណានៅថ្ងៃទី១៦ ខែមីនាម្សិលមិញ មានប្រជាពលរដ្ឋជាង១០០គ្រួសាររស់នៅក្នុងក្រុង/ស្រុកចំនួន៩ក្នុងខេត្តសៀមរាបបានរងគ្រោះដោយសារខ្យល់ប៉ើងរបស់របរ ប៉ើងបំណែកនៃផ្ទះសម្បែង និងផ្ទះខ្លះបានដួលរលំ រីឯដើមឈើនៅក្បែរតំបន់រមណីយដ្ឋានអង្គរបានបាក់សង្កត់មនុស្សធ្វើឱ្យរងរបួសធ្ងន់។
(កញ្ញា កែវ សុជាតា រាយការណ៍)
ហេតុការណ៍ខ្យល់កន្រ្តាក់នេះ បានកើតឡើងភ្លាមៗនៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ ដែលធ្វើឱ្យផលប៉ះពាល់ទៅដល់ក្រុង/ស្រុកនៃខេត្តសៀមរាបចំនួន ៩ ដូចជាក្រុងរុនតាឯកតេជោសែន ស្រុកប្រាសាទបាគង ស្រុកស្វាយលើ ស្រុកអង្គរធំ ស្រុកពួក ស្រុកបន្ទាយស្រី ស្រុកសូទ្រនិគម ស្រុកជីក្រែង និងស្រុកអង្គរជុំ។
បើតាមរបាយការណ៍បឋមរបស់រដ្ឋបាលខេត្តគិតត្រឹមម៉ោង១២យប់ឈានចូលថ្ងៃទី១៧ ខែមីនា ប្រជាពលរដ្ឋប៉ះពាល់ដោយសារខ្យល់កន្រ្តាក់មានចំនួន ១៨២គ្រួសារ និងបណ្តាលឱ្យរបួសចំនួន ៧នាក់ ដែលក្នុងនោះមានស្រី ៣នាក់ ក៏ប៉ុន្តែពុំមានបង្កឱ្យមានអ្នកស្លាប់នោះទេ។ ជាងនេះ ខ្យល់កន្រ្តាក់នេះ បានធ្វើឱ្យខូចខាតផ្ទះសម្បែងប្រជាពលរដ្ឋ ១៧១ខ្នង (រលំឬទ្រេតផ្ទះ ១១ខ្នង និងរបើកដំបូល/សំយាបផ្ទះ ១៦០ខ្នង) និង រលំបាក់ដើមឈើចំនួន ៧១ដើម។
លោក លី វណ្ណៈ អ្នកនាំពាក្យរដ្ឋបាលសាលាខេត្តសៀមរាប បានប្រាប់អ្នកយកព័ត៌មានវិទ្យុស្រ្តីនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ថា ករណីគ្រោះធម្មជាតិនេះបានកើតឡើងភ្លាមៗដោយឥតបានត្រៀមទុកមុន ដូច្នេះហើយអាជ្ញាធរបានចាត់វិធានការភ្លាមៗតាមរយៈការចុះទៅពិនិត្យមើលទំហំនៃការខូចខាតដើម្បីរកដំណោះស្រាយទៅតាមលទ្ធភាពជាក់ស្តែង ក៏ដូចជាចុះទៅជួយសង្គ្រោះពលរដ្ឋដែលរងគ្រោះត្រូវដើមឈើបាក់រលំលើផងដែរ។ ជាមួយគ្នានេះ លោកបញ្ជាក់ថា រដ្ឋបាលខេត្តនឹងសហការជាមួយកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នឹងចុះទៅពិនិត្យនិងជួយពលរដ្ឋរងគ្រោះនៃហេតុការណ៍នេះឱ្យអស់លទ្ធភាព។ តាមការសង្កេតរបស់លោក នេះពុំមែនជាករណីខ្យល់កន្រ្តាក់ដំបូងដែលកើតមាននៅខេត្តសៀមរាបនោះឡើយ ដ្បិតតែគ្រោះធម្មជាតិមិនអាចដឹងមុនបាន តែលោកស្នើឱ្យពលរដ្ឋគួរប្រុងប្រយ័ត្នដើម្បីបង្ការខ្លួនពីគ្រោះថ្នាក់ជាយថាហេតុ។
លោក លី វណ្ណៈ៖«វិធានការដូចខ្ញុំបានជម្រាបអ៊ីចឹងព្រោះដោយសារវាជាបាតុភូតធម្មជាតិ ហើយអ៊ីចឹងអ្វីដែលយើងអាចបង្ការបានគឺសំណូមពរឱ្យប្រជាពលរដ្ឋចូលរួមប្រយ័ត្នប្រយែងនៅពេលដែលមានកើតភ្លៀង ខ្យល់ខ្លាំង ចៀសវាងនៅក្រោមដើមឈើឬក៏ធ្វើដំណើរទៅកាន់កន្លែងដែលមានដើមឈើធំៗ ព្រោះដោយសារសៀមរាបភាគច្រើនតែក្តៅគឺមានខ្យល់កន្ត្រាក់នៅទីនេះ។ អ៊ីចឹងដោយសារស្ថានភាពភូមិសាស្រ្តដែលធ្វើឱ្យមានខ្យល់កន្ត្រាក់ អ៊ីចឹងក៏យើងសូមអំពាវនាវ ក៏ប៉ុន្តែបើឱ្យយើងទប់ស្កាត់កុំឱ្យមានខ្យល់កន្រ្តាក់ខ្ញុំក៏មិនដឹងយើងគួរទប់ស្កាត់របៀបម៉េច។ វាជាបាតុភូតធម្មជាតិដែលយើងទាំងអស់គ្នាដឹងហើយថាតើយើងអាចរំពឹងថាតើវាអាចនឹងកើតឡើងនៅពេលណា កន្លែងណា ម៉ោងណា យើងអត់អាចដឹងទេ។»។
លោក លី វណ្ណៈ អ្នកនាំពាក្យរដ្ឋបាលសាលាខេត្តសៀមរាប។ រូបភាព៖ រដ្ឋបាលខេត្តសៀមរាប
ចំពោះតំបន់រមណីយដ្ឋានអង្គរវិញ អគ្គនាយករង និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា គឺលោក ឡុង កុសល បានឱ្យដឹងថា មានដើមឈើមួយចំនួនបានបាក់រលំតាមដងផ្លូវនៅក្នុងបរិវេណតំបន់អង្គរផ្នែកកណ្តាល ក៏ប៉ុន្តែមិនបង្កជារបួសស្នាមទៅដល់ពលរដ្ឋនិងភ្ញៀវទេសចរណ៍នោះឡើយ។ រីឯបរិវេណប្រាសាទបាគង លោកទទួលព័ត៌មានជាបឋមកាលពីម្សិលមិញដែរថា មានមនុស្សពីរនាក់រងរបួសធ្ងន់ពីការដួលសង្កត់នៃដើមឈើ ដែលបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។ តាមការបញ្ជាក់បន្ថែមរបស់អ្នកនាំពាក្យរូបនេះ អាជ្ញាធរពុំទាន់ទទួលបានដំណឹងពីការខូចខាតនៃសំណង់ប្រាសាទក្នុងតំបន់អង្គរនៅឡើយទេ ដែលលោកថា ជានិច្ចកាលអាជ្ញាធរជាតិអប្សរាតែងចុះទៅពិនិត្យនិងថែទាំដើមឈើយ៉ាងខ្ជាប់ខ្ជួន ចៀសវាងមានដើមឈើមានឫសពុកផុសដុះនៅក្នុងបរិវេណប្រាសាទដែលនាំឱ្យរលំប៉ះពាល់ដល់ទ្រង់ទ្រាយប្រាសាទ។ ក្នុងប្រការដែលដើមឈើអាចផ្តល់ផលអវិជ្ជមានទៅដល់ប្រាសាទ អាជ្ញាធរជាតិអប្សរានឹងចាត់ប្រតិបត្តិការដកឬកាប់ចោលភ្លាមៗ។
លោក ឡុង កុសល៖«ខ្ញុំចង់បញ្ជាក់ដែរថាកន្លងមក យើងមានក្រុមការងារខាងផ្នែកព្រៃឈើដែលគាត់ទទួលបន្ទុកទៅលើការងារ ពិនិត្យទៅលើសុវត្ថិភាពរបស់ដើមឈើ ដើមឈើដែលមានសុវត្ថិភាពសម្រាប់ប្រាសាទសម្រាប់មនុស្សសម្រាប់សាធារណជនទូទៅ សម្រាប់ភ្ញៀវទេសចរដែរឬទេ? អ៊ីចឹងក្រុមការងារហ្នឹងគឺគាត់វាយតម្លៃហើយ តើកន្លែងណាមានផលប៉ះពាល់ខ្លះ កន្លែងណាអត់មានផលប៉ះពាល់ខ្លះ។ ប៉ុន្តែជាទូទៅ គឺថានៅពេលគាត់ពិនិត្យឃើញមានហានិភ័យ គឺគាត់កាត់ក្រីមែកឈើនោះភ្លាម ឬក៏ដកហូតដើមឈើនោះចេញ ដើម្បីបញ្ចៀសនៅផលប៉ះពាល់មកលើប្រាសាទ ឬក៏អាយុជីវិតរបស់មនុស្ស។»។
លោក ឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា
ជុំវិញករណីគ្រោះធម្មជាតិនេះទៀតសោត ក៏មានករណីរន្ធៈបាញ់ដែលធ្វើឱ្យមនុស្សម្នាក់ស្លាប់ និងមនុស្ស៤នាក់ផ្សេងទៀតរងរបួស។ ករណីរន្ធៈបាញ់នេះបានកើតឡើងនៅក្នុងស្រុកចំនួន ៣រួមមាន ស្រុកជីក្រែង ស្រុកសូទ្រនិគម និងស្រុកស្វាយលើ។ យ៉ាងណាករណីនេះ បានធ្វើឱ្យប្រជាពលរដ្ឋនិងថ្នាក់ដឹកនាំមួយចំនួនសម្តែងការសោកស្តាយ និងថ្លែងអំណរគុណដល់អាជ្ញាធរដែលបានចុះទៅអន្តរាគមន៍ទាន់ពេលវេលា ពិសេសជួយសំអាតដងផ្លូវដើម្បីសម្រួលចរាចរណ៍៕