en     km
en     km

រដ្ឋមន្ត្រីព័ត៌មាន​៖ វិទ្យុស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ដើម្បីស្ត្រីនិងសង្គម

Share

 

កាលពីថ្ងៃព្រហស្បតិ៍ទី២សីហា ម្សិលមិញនេះ មណ្ឌលព័ត៌មានស្ត្រីកម្ពុជា មានកិត្តិយស ជាខ្លាំង ដោយ លោករដ្ឋមន្ត្រីក្រសួងព័ត៌មានបាន អនុញ្ញតអោយនាយិកាស្តីទី ចូលជួបសម្ដែងការគួរសមនិង ពិភាក្សា ការងារ មួយចំនួន។ ជំនួបនោះ បានផ្តោតលើការងារកន្លងមកនិងការងារកំពុងអនុវត្តដែលមណ្ឌលព័ត៌មានស្ត្រីកម្ពុជាជាប្រតិបត្តិករ។ តែជំនួបដ៏មានសារសំខាន់នេះ លោករដ្ឋមន្ត្រី បាន ផ្ដល់តម្លៃខ្ពស់ដល់កម្មវិទ្យុស្ត្រី ដែលបានជួយជំរុញសិទិ្ធស្ត្រី ក្នុងសង្គមអោយទទួលបាន ការអប់រំ និងចំណេះដឹងផ្សេងៗ គឺក្នុងគោលដៅ ពង្រឹងសមភាពយេនឌ័រ។

លោកសេរីវឌ្ឍនៈ ជូន សេចក្ដីរាយការណ៍បន្ត៖ 

លោកខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មានបាន បញ្ជាក់ថា វិទ្យុស្រ្ដី បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងសង្គម ជាពិសេសផ្ដោត លើស្រ្ដីនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលើក កម្ពស់សមភាពយេនឌ័រនៅក្នុងប្រទេសកម្ពុជា។

ការកត់សម្គាល់របស់ លោករដ្ឋមន្ត្រីបានធ្វើឡើង នៅក្នុងជំនួប ជាមួយលោកស្រី វួន សុវិរីយ៍ នាយិកាប្រតិបត្តិស្ដីទីមណ្ឌលព័ត៌មានស្រ្ដីកម្ពុជាកាលពីថ្ងៃព្រហស្បតិ៍ទី២សីហា ឆ្នាំ២០១៨នេះ នៅទីស្ដីការក្រសួងព័ត៌មាន។ នេះបើយោងតាម ទីភ្នាក់ងារសារព័ត៌មាន កម្ពុជា AKP។

តាមប្រភពដដែល ក្នុងជំនួបនោះលោករដ្ឋមន្ដ្រីក្រសួងព័ត៌មាន ក៏បានអះអាងពីការបន្ដការគាំទ្រដល់វិទ្យុស្ត្រីនៃមណ្ឌលព័ត៌មានស្ដ្រីកម្ពុជា ដោយ ផ្ដល់ការអនុញ្ញាតនូវការប្រើប្រេកង់ផ្សាយតាមរលកធាតុអាកាសថ្មីតាមវិទ្យុ FM103.5 ដើម្បីចូលរួម​បង្កើតកម្មវិធីអប់រំដល់ប្រជាពលរដ្ឋ ជាពិសេសកម្មវិធីលើកកម្ពស់សិទ្ធិស្រ្ដីនៅក្នុងសង្គម។

​ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយតំណាងវិទ្យុមណ្ឌលព័ត៌មានស្រ្ដីកម្ពុជា លោក ខៀវ កាញារីទ្ធ បន្តលើកឡើងថា ក្រសួងលើកទឹកចិត្ដ ដល់ការផ្សាយ កម្មវិធីរបស់វិទ្យុស្រ្ដីកម្ពុជា ដែលធ្វើការផ្សព្វផ្សាយបានយ៉ាងទូលំទូលាយ ទាំងការអប់រំការកម្សាន្ដ និងការផ្ដល់នូវ ចំណេះ ដឹងជូនដល់ប្រជាពលរដ្ឋដែលការ ផ្សព្វផ្សាយកម្មវិធី​របស់វិទ្យុស្រ្ដីនេះ បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងសង្គមហើយភាគច្រើន លើកឡើងពីបញ្ហាស្ត្រី។

​ក្នុងជំនួបនោះដែរ លោកស្រី វួន សុវិរីយ៍ ក្នុងនាមជានាយិកាប្រតិបត្តិស្ដីទីមណ្ឌលព័ត៌មាន

ស្រ្ដីកម្ពុជា បានលើកឡើង ថា កម្មវិធីផ្សាយរបស់វិទ្យុស្រ្ដីកម្ពុជាគឺនៅមានដដែល ដោយគ្រាន់តែឈប់ផ្សាយតាមរលក ធាតុអាកាសវិទ្យុFM102 ហើយចាប់ដៃគូសហការជាមួយម្ចាស់ស្ថានីយវិទ្យុ FM103.5 ដើម្បី ផ្សាយអំពីកម្មវិធីរបស់ស្រ្ដី ដោយផ្អែកលើបេសកកម្មធ្វើការងារផ្ដោតលើស្រ្ដី លើក កម្ពស់សមភាពយេនឌ័រ អោយស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលផងដែរ។

លោកស្រីបានបន្ដថា វិទ្យុស្រ្ដីនៃមណ្ឌលព័ត៌មានស្ត្រីកម្ពុជា នឹងមានកម្មវិធីផ្សាយជាច្រើនពាក់ព័ន្ធនឹងស្រ្ដី ការជំរុញលើកកម្ពស់សិទ្ធិស្រ្ដី ការចូលរួមក្នុងសង្គម និងការងារ ដែលថាតើស្រ្ដីត្រូវធ្វើ យ៉ាងណាខ្លះ ដើម្បីក្លាយទៅជាពាណិជ្ជករ កសិករគំរូ សម្រាប់ជួយលើកស្ទួយ ជីវភាពរស់នៅ និងបង្កើននូវផលិតផលរបស់ខ្លួនថែមទៀត។

លោកស្រីបានបន្ថែមថា ការផ្ដាស់ប្ដូរប្រេកង់ផ្សាយតាមរលកធាតុអាកាសមក វិទ្យុ FM103.5 វិញនេះ គឺរាល់កម្មវិធីរបស់វិទ្យុស្រ្ដីពីមុនយ៉ាងណានោះគឺរក្សាកម្មវិធីជាធម្មតា ឱ្យនៅ ដដែល ដោយផ្ដោតសំខាន់ ទៅលើការលើកកម្ពស់សិទ្ធិស្រ្ដី និងសមភាពយេនឌ័រក្នុងសង្គម ដើម្បីផ្ដល់ជាប្រយោជន៍ជូនដល់ស្រ្ដី។

​លោកស្រីនាយិកាក៏បានថ្លែងអំណរគុណចំពោះលោករដ្ឋរដ្ឋមន្រ្ដីក្រសួងព័ត៌មាន ដែល បានគាំទ្រ និងជួយសម្រួលដល់មណ្ឌលព័ត៌មានស្រ្ដីកម្ពុជាឱ្យមានការផ្សាយវិទ្យុស្រ្ដី សម្រាប់ ធ្វើការផ្សាយកម្មវិធីរបស់ខ្លួនលើរលកធាតុអាកាសថ្មី FM103.5 ដើម្បីឆ្លើយតបទៅនឹងតម្រូវការ ចង់បានរបស់ប្រជាពលរដ្ឋ និងការផ្ដល់សំឡេងដល់បង​ប្អូនស្រ្ដីនៅតាមតំបន់ដាច់ស្រយាល និងជនបទ។

​តែសូមបញ្ជាក់ថា វិទ្យុស្ត្រីនៃមណ្ឌលព័ត៌មានស្រ្ដីកម្ពុជា ប្រកាសឈប់ផ្សាយតាមវិទ្យុFM102 ហើយ ដោយចាប់ពីថ្ងៃទី០១ ខែសីហានេះតទៅ វិទ្យុស្រ្ដីកម្ពុជា ចាប់ផ្ដើមសហការជាមួយ ស្ថានីយវិទ្យុ FM103.5 សម្រាប់ការផ្សាយកម្មវិធីរបស់ស្រ្ដី។

សូមរំលឹកថាវិទ្យុស្ត្រីគឺជាផ្នែកមួយនៃកម្មវិធីវិទ្យុនៃមណ្ឌលព័ត៌មានស្រ្តីកម្ពុជា ហើយមណ្ឌលព័ត៌មានស្រ្តីកម្ពុជាត្រូវបានបង្កើតឡើង នៅខែមករា ឆ្នាំ១៩៩៥៕

Share

Image
Image
Image