en     km
en     km

លោក ស៊ុន ចាន់ថុល អំពាវនាវឱ្យក្រុមហ៊ុនដឹកជញ្ជូនកុំដឹកទំនិញហួសទម្ងន់កំណត់(មានសំឡេង)

Share

លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្ដីសាធារណការនិងដឹកជញ្ជូនបានអំពាវនាវដល់ក្រុមហ៊ុនដឹកជញ្ជូនទំនិញតាមផ្លូវថ្នល់ទាំងអស់ បញ្ឈប់ការដឹកទំនិញ ហួសទម្ងន់កំណត់ដោយច្បាប់។

ការអំពាវនាវរបស់លោកដូចនេះ ធ្វើឡើងនៅក្នុងពិធីចុះពិនិត្យស្ថានភាពការដ្ឋានជួសជុលថែទាំផ្លូវជាតិលេខ៤៨ ដែលធ្វើឡើងកាលពីថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០១៨។

ចុចស្ដាប់ប្រសាសន៍របស់លោក ស៊ុន ចាន់ថុល ៖

«សូមមេត្តអាណិតអាសូរផ្លូវផង អាណិតរាជរដ្ឋាភិបាលផង ដែលខិតខំប្រឹងប្រែងរកថវិការមកកសាងផ្លូវអោយយើងធ្វើដំណើរបានល្អ ដឹកទំនិញបានល្អ ដើម្បីសេដ្ឋកិច្ចជាតិយើងមានការរីកចម្រើន ។ កុំរកស៊ីយកចំនេញតែខ្លួនឯងគិតប្រទេសជាតិផង ចឹងសូមកុំដឹកទំនិញលើសទម្ងន់ដោយច្បាប់»។

នៅក្នុងពិធីនេះ រដ្ឋមន្រ្ដីសាធារណការនិងដឹកជញ្ជូនបានបញ្ជាក់ថា ជាលទ្ធផលនៃការចុះពិនិត្យនេះ កំណាត់ផ្លូវដែលខូចខាតប្រវែង៦៣គីឡូម៉ែត្រ ត្រូវបានឈូសឆាយកៀរ សម្រួលចរាចរណ៍បានប្រមាណ៧០% ហើយគ្រោងបញ្ចប់ឱ្យហើយជាស្ថាពរនៅមុនពិធីបុណ្យសមុទ្រដែលនឹងប្រព្រឹត្តទៅនៅខេត្តកោះកុងនៅពាក់កណ្ដាលខែធ្នូខាងមុខ។

ផ្លូវជាតិលេខ ៤៨នេះ មានប្រវែង១៥០គីឡូម៉ែត្រ ចាប់ពីផ្លូវបំបែកស្រែអំបិលទៅដល់ទីរួមខេត្តកោះកុង ដែលក្នុងនោះប្រវែង៦៣គីឡូម៉ែត្រ ត្រូវទទួលរងការខូចខាតដោយជំនន់ទឹកភ្លៀង ការដឹកលើសទម្ងន់កម្រិតកំណត់ និងកត្តាធម្មជាតិផ្សេងទៀត។

លោក ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា កំណាត់ផ្លូវដែលរងការខូចខាតប្រវែង ៦៣ គីឡូម៉ែត្រនេះ ត្រូវបានចែកចេញជា៩១កំណាត់ដើម្បីជួសជុលដោយអង្គភាពធំៗចំនួនបីរួមមាន៖ នាយកដ្ឋានគ្រឿងចក្រ និងស្ថាបនាផ្លូវ នាយកដ្ឋានជួសជុលនិងថែទាំផ្លូវថ្នល់ និងនាយកដ្ឋានវិស្វកម្មនៃក្រសួងការពារជាតិ ដោយប្រើប្រាស់គ្រឿងចក្រសម្រាប់ជួសជុលប្រមាណ១១៤គ្រឿង និងប្រើប្រាស់ថវិកាជាតិសរុបប្រមាណ ១២លានដុល្លារអាមេរិកសម្រាប់ធានាការជួសជុល និងថែទាំផ្លូវនេះ រហូតដល់់ការចាប់ផ្តើមអនុវត្តគម្រោង ស្តារ និងធ្វើឲ្យប្រសើរឡើង ក្រោមកំចីឥណទានរបស់សាធារណ រដ្ឋកូរ៉េ (EDCF)៕

Share

Image
Image
Image