en     km
en     km

ក្រសួងយុត្តិធម៌៖ រាល់ទណ្ឌិតដែលមានវ័យចំណាស់មិនមែនសុទ្ធតែអាចព្យួរទោសបានឡើយ

Share

ក្រសួងយុត្តិធម៌បញ្ជាក់ថា រាល់ទណ្ឌិតដែលមានវ័យចំណាស់ មិនមែនសុទ្ធតែអាចព្យួរការអនុវត្តទោសឡើយ ប៉ុន្តែករណីអ្នកស្រី ជុំ យ៉េន ត្រូវបានតុលាការព្យួរការអនុវត្តទោសនោះ ដោយសារស្ដ្រីរូបនេះមានវ័យចំណាស់ ហើយបទល្មើស ក៏មានកម្រិតមិនធ្ងន់ធ្ងរ។ យ៉ាងណាអ្នកឃ្លាំមើលសង្គម ចង់ឃើញតុលាការអនុវត្តច្បាប់ឱ្យស្មើភាពគ្នា ដោយត្រូវកំណត់គោលការណ៍មួយច្បាស់លាស់ ហើយរាល់ការសម្រេចមិនត្រូវស្ថិតក្រោមសម្ពាធអ្នកមានអំណាច។ កញ្ញា ជា​ សុខនី រាយការណ៍

 

 

លោក សេង ឌីណា អ្នកនាំពាក្យក្រសួងយុត្តិធម៌ ប្រាប់វិទ្យុស្ដ្រីតាមប្រព័ន្ធតេលេក្រាមថា ការព្យួរអនុវត្តទោស ដូចដែលសភាព្រហ្មទណ្ឌតុលាការបានសម្រេចលើករណីអ្នកស្រី ជុំ យ៉េន នេះ មិនមែនអាចធ្វើទៅបានក្នុងគ្រប់ករណីនោះទេ គឺបានតែក្នុងករណីមានបណ្តឹងសើរើតែប៉ុណ្ណោះ។ ដូច្នេះមានន័យថា ទោះបីមានសេចក្តីសម្រេចស្ថាពររួចហើយក៏ដោយ លោកថា ប៉ុន្តែបើមានបណ្តឹងសើរើ សុំឱ្យជំនុំជម្រះឡើងវិញនោះសភាព្រហ្មទណ្ឌអាចព្យួរការអនុវត្តទោសបាន។

អ្នកនាំពាក្យរូបនេះសរសេរបញ្ជាក់ទៀតថា យោងតាមមាត្រា៤៤៩ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ចែងថា សភាព្រហ្មទណ្ឌ អាចសម្រេចព្យួរការអនុវត្តទោសនេះបាន លុះត្រាតែមានមូលហេតុច្បាស់លាស់ ហើយមូលហេតុនេះ សភាព្រហ្មទណ្ឌតុលាការកំពូលអាចពិចារណាទៅលើគោលការណ៍មនុស្សធម៌ ដូចជាជនដែលត្រូវអនុវត្តទោសក្នុងពន្ធនាគារមានអាយុចាស់ជរា ឬមានជំងឺជាដើម។ ជាមួយនឹងការពិចារណាទៅលើគោលការណ៍មនុស្សធម៌ តុលាការក៏អាចពិចារណាមើលផងដែរ ទៅលើទម្ងន់នៃបទល្មើស។

ដូច្នេះលោកបញ្ជាក់ថា មិនមែនគ្រប់ទណ្ឌិតដែលមានវ័យចំណាស់ទាំងអស់ សុទ្ធតែត្រូវបានតុលាការអាចសម្រេចព្យួរការអនុវត្តទោសបាននោះឡើយ។

លោក សេង ឌីណា អ្នកនាំពាក្យក្រសួងយុត្តិធម៌។ រូបភាពពីបណ្ដាញសង្គមហ្វេសប៊ុករបស់លោក។

អ្នកស្រី ជុំ យ៉េន មានវ័យ ៨២ឆ្នាំ រស់នៅក្នុងភូមិត្នោត ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ ដែលត្រូវបានសមត្ថកិច្ច ចាប់ និងឃុំខ្លួនដាក់ពន្ធនាគារ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ ដោយសារទំនាស់ដីធ្លីរឿងព្រំដី។ ប៉ុន្តែដោយសារមានការរិះគន់ពីមហាជនលើចំណាត់ការតាមផ្លូវច្បាប់នេះ តុលាការកំពូល ចេញសាលដីកាសម្រេចព្យួរការអនុវត្តទោស ដោយដោះលែងស្ដ្រីចំណាស់រូបនេះឱ្យនៅក្រៅឃុំវិញនៅថ្ងៃដដែល។

សមត្ថកិច្ចចាប់ខ្លួនអ្នកស្រី ជុំ យ៉េន នេះ គឺដោយសារមានសាលក្រមស្ថាពរពីតុលាការខេត្តតាកែវ ចុះថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ សម្រេចផ្តន្ទាទោសអ្នកស្រីឱ្យជាប់ពន្ធនាគារចំនួន ៨ខែ ពីបទ «ធ្វើឱ្យខូចខាតដោយចេតនា និងធ្វើឱ្យបាត់ជំនឿលើសេចក្ដីសម្រេចរបស់តុលាការ» ប្រព្រឹត្តនៅភូមិត្នោត ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ បទល្មើសព្រហ្មទណ្ឌ ដែលមានចែងឱ្យផ្តន្ទទោសតាមបញ្ញត្តិមាត្រា៤១០ និងមាត្រា៥២៣ នៃក្រមព្រហ្មទណ្ឌ។

ជុំវិញរឿងនេះលោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព បាននិយាយដែរថា តាមច្បាប់សម្រាប់អនីតិជន ដែលមិនទាន់ចេះគិតពិចារណា គឺអាចនឹងត្រូវលើកលែងឱ្យនៅក្រៅឃុំ ប៉ុន្តែសម្រាប់មនុស្សចាស់ជរាវិញ ដែលបានប្រព្រឹត្តអំពើល្មើសច្បាប់ គឺអាចត្រូវបានលើកលែង ឬមិនលើកលែង ជាសេចក្ដីសម្រេចរបស់តុលាការ។ ដូច្នេះលោកថា ភ្ជាប់ជាមួយករណីអ្នកស្រី ជុំ យ៉េន នេះ តុលាការសម្រេចព្យួរទោសស្ដ្រីរូបនេះ គឺផ្អែកតាមស្ថានភាពវ័យចំណាស់របស់អ្នកស្រី និងផ្អែកតាមទោសដែលស្ដ្រីចំណាស់នេះប្រព្រឹត្ត គឺមិនមានស្ថានទម្ងន់ទោសធ្ងន់ឡើយ។
ប៉ុន្តែបើសិនជាជនល្មើសជាមនុស្សចាស់ដូចគ្នា ហើយបានប្រព្រឹត្តបទល្មើសដូចជា ឃាតកម្ម ការជួញដូរគ្រឿងញៀមជាដើម ដូច្នេះលោកថា ជនល្មើលនោះ គឺមិនអាចព្យួរទោសឱ្យនៅក្រៅឃុំបានឡើយ។

លោក យង់ គិមអេង។ រូបភាពពីហ្វេសប៊ុកលោក។

លោក យង់ គិមអេង៖ «លើកលែងគាត់ម៉េចបានលើកលែងគាត់ឱ្យក្រៅឃុំម៉េចបាន ព្រោះដោយសារឃាតកម្មហ្នឹងវាធ្ងន់ធ្ងរ ក៏ប៉ុន្តែគេរកកន្លែងណាដែលឃុំឃាំងគាត់ឱ្យស្រួលបួលទៅ បើថាគាត់ឈឺគឺផ្ដល់ការព្យាបាលឱ្យគាត់អ៊‌ីចឹងទៅ មិនអាចថាទាល់តែលើកលែងឱ្យគាត់ ឱ្យគាត់នៅក្រៅឃុំ បើគាត់ជាអ្នកទោសសាហាវឱ្យគាត់នៅក្រៅម៉េច។ ប៉ុន្តែគ្រាន់ថាបទហ្នឹងតិចតួចវាមិនអីទេ តែករណីឃាតកម្ម សួរថាឃាតកម្មហ្នឹងវាមានចរិកបែបម៉េច ហើយបើគាត់ធ្វើឡើងដោយសារហេតុផលការពារខ្លួនច្រើនជាង អាហ្នឹងវាអាចគិតតាមហ្នឹងដែរ ហើយវ័យគាត់ហ្នឹងវាចាស់ជរាខ្លាំងពេកហើយបាទ អាហ្នឹងជារឿងមួយសំខាន់ដែរ ដែលគេអាចធ្វើជុំវិញរឿងហ្នឹងបាទ!»។

យ៉ាងណារឿងដែលសំខាន់ លោក គិមអេង ចង់ឃើញការអនុវត្តទោសទៅលើជនល្មើស ត្រូវធ្វើឡើងឱ្យស្មើៗគ្នា និងចង់ឃើញរាល់សេចក្ដីសម្រេចរបស់តុលាការ ត្រូវមានតម្លាភាព កុំឱ្យជនល្មើសមានទោសដូចគ្នា បែរជាអ្នកខ្លះដោះលែង ហើយអ្នកខ្លះទៀត កំពុងជាប់ឃុំ។

ងាកមកលោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងស្រាវជ្រាវ លើកឡើងថា ករណីអ្នកស្រី ជុំ យ៉េន នេះ គឺមានហេតុផលដែលតុលាការយកមកត្រិះរិះពិចារណា ដោយអនុវត្តគោលការណ៍មនុស្សធម៌ សម្រេចឱ្យស្ដ្រីចំណាស់រូបនេះ អាចព្យួរការអនុវត្តទោសបាន។ ប៉ុន្តែលោកថា បើតាមផ្លូវច្បាប់ គឺអនុវត្តគ្មានការយោគយល់បានឡើយ។

 

លោក សេក សុជាតិ៖ «ខ្ញុំយល់ឃើញថា វាអាចក្នុងនាមជាសីលធម៌ គុណធម៌ ទោះបីវាមិនមានចែងនៅក្នុងច្បាប់ក៏ដោយ ក៏ប៉ុន្តែយើងអាចពិចារណាទៅលើទិដ្ឋភាពមួយចំនួននៅក្នុងករណីរឿងរ៉ាវទាំងអស់ហ្នឹង តែខ្ញុំសូមឱ្យគ្រប់យ៉ាងទាំងអស់មិនមែនធ្វើដោយឈរទៅលើមូលដ្ឋានទម្រង់បែបហ្នឹងជារៀងរហូតទេ គឺត្រូវតែមានគោលការណ៍មួយច្បាស់លាស់ ហើយគោលការណ៍ទាំងអស់ត្រូវតែអនុវត្តឱ្យបានស្មើភាពគ្នា មិនថាចាស់ក្មេង ប្រុសស្រី សខ្មៅ ទាបខ្ពស់ អ្នកតូចអ្នកធំ អ្នកមានអ្នកក្រទេ គឺចង់ឃើញការអនុវត្តមួយដោយស្មើភាពគ្នា។ ក៏ប៉ុន្តែក៏សូមឱ្យអ្វីៗឈរលើមូលដ្ឋានច្បាប់ជាគោល ហើយទុកឱ្យការសម្រេចចិត្តនេះចេញពីប្រព័ន្ធតុលាការ»។

ផ្អែកតាមមាត្រា៤៤៤ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ចែងថា បណ្ដឹងសើរើអាចត្រូវធ្វើបានក្នុងរឿងព្រហ្មទណ្ឌ ទោះបីតុលាការសម្រេចនោះជាតុលាការណាក៏ដោយ និងទោះបីទោសប្រកាសនោះជាទោសអ្វីក៏ដោយ។ ក្នុងមាត្រា៤៤៥ នៃក្រមនីតិវិធីព្រហ្មទណ្ឌនេះ ក៏បានចែងទៀតដែរថា បណ្ដឹងសើរើអាចធ្វើទៅបាន ក្នុងករណីការផ្តន្ទាទោសពីបទមនុស្សឃាតមានលេចតម្រុយ។ ជនជាប់ចោទពីរនាក់ត្រូវបានផ្តន្ទាទោស ចំពោះបទល្មើសដដែលនេះ ដោយការផ្តន្ទាទោសទាំងពីរនេះ មិនចុះសម្រុងគ្នា៕

អត្ថបទដោយ៖ កញ្ញា ជា សុខនី

Share

Image Not Found
Image

ព័ត៌មានទាក់ទង