គណនីហ្វេសប៊ុកក្រៅស្រុកមួយ បានបង្ហោះសារពីការលប់ធ្វើឃាតលោក ស ថេត អគ្គស្នងការនគរបាលជាតិ ដែលករណីបានធ្វើឱ្យមហាជនមួយសំណួរដាក់ចម្ងល់ថាតើករណីនេះពិតដែរឬទេ ខណៈលោក ស ថេត ទើបអញ្ជើញចូលរួមពិធីផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងអំពីពុករលួយនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤។ ក្រុមការងារផ្ទៀងផ្ទាត់ព័ត៌មានបានព្យាយាមទាក់ទងសុំការបំភ្លឺពីអ្នកពាក់ព័ន្ធ និងយោងតាមនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្ហាញថា ករណីនេះមិនបានកើតឡើងនោះទេ។
(កញ្ញា កែវ សុជាតា រាយការណ៍)
នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ មានគណនីហ្វេសប៊ុកមួយឈ្មោះ Samdach Seng Ratana បានបង្ហោះសារដោយភ្ជាប់នឹងសម្តីដើមថា «ស ថេត ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់បន្ទាប់ពីជនមិនស្គាល់អត្តសញ្ញាណចូលទៅបាញ់នៅក្នុងការិយាល័យធ្វើការ» ខណៈមួយម៉ោងក្រោយមកគណនីឈ្មោះដដែលនេះ បង្ហោះសារមួយផ្សេងទៀតដោយសរសេរថា «ឧក្រិដ្ឋកម្មជនដែលបាញ់សម្លាប់ឧត្តមសេនីយ៍ ស ថេត ត្រូវបានអង្គរក្សលោក ស ថេត បាញ់ស្លាប់ភ្លាមៗនៅមុខក្រសួងមហាផ្ទៃ»។ នៅក្នុងនោះ ពលរដ្ឋមួយចំនួនជឿថាលោក ស ថេត បានរងរបួសក្នុងហេតុការណ៍នេះដោយបានបញ្ចេញមតិយោបល់ក្នុងន័យបារម្ភពីសុខសុវត្ថិភាពរបស់អគ្គស្នងការនគរបាលជាតិរូបនេះ ចំណែកពលរដ្ឋខ្លះទៀតយល់ថាព័ត៌មាននេះមិនពិតទាមទារឱ្យម្ចាស់គណនីចែករំលែករូបភាពបាញ់ប្រហារ ឬភស្តុតាងណាមួយដើម្បីជាអំណះអំណាងថា លោក ស ថេត ពិតជាត្រូវខ្មាំងកាំភ្លើងបាញ់សម្លាប់ពិតមែន។
រូបភាព៖ Samdach Seng Ratana
ក្រុមការងារវិទ្យុស្រ្តីបានទាក់ទងសុំការបំភ្លឺពីលោក ស ថេត អគ្គស្នងការនគរបាលជាតិ ជុំវិញករណីបាញ់ប្រហារនេះ តែលោកពុំបានលើកទូរសព្ទរបស់ក្រុមការងារនោះឡើយ។ ទន្ទឹមគ្នានេះ ក្រុមការងារក៏បានទាក់ទងទៅលោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ដើម្បីសុំការអន្តរាគមន៍បន្ថែមទៅលើករណីនេះ ក៏ប៉ុន្តែលោកក៏មិនបានលើកទូរសព្ទរបស់ក្រុមការងារវិទ្យុស្រ្តីផងដែរ។
រូបភាព៖ វិមាន៧មករា
ក៏ប៉ុន្តែក្រោយមកលោក សុខៈបានផ្ញើឃ្លីបវីដេអូមួយតាមប្រព័ន្ទទំនាក់ទំនងតេឡេក្រាម ដែលលោកលើកឡើងថា សារនេះជាសារអះសីលធម៌ដែលប្រមាថមើលងាយអាយុជីវិតរបស់ថ្នាក់ដឹកនាំ។ បើតាមលោកសុខៈ សារនេះសូម្បីតែរូបចម្លាក់ក៏មិនជឿដែរ។
សំឡេង៖«សារនេះជាសារអសីលធម៌បំផុត មានលក្ខណៈប្រមាថមើលងាយអាយុជីវិតរបស់ថ្នាក់ដឹកនាំមួយរូប ហើយដែលខ្ញុំក៏ដូចជាថ្នាក់ដឹកនាំដទៃទៀតកំពុងតែធ្វើការងារជាមួយលោក។ ទាំងការងារផ្ទាល់ និងជជែកតាមទូរសព្ទដៃជាមួយលោក។ និយាយឱ្យខ្លីគឺសារនេះ សូម្បីតែរូបចម្លាក់ក៏មិនជឿផង មិនចាំបាច់រហូតដល់ក្មេងថ្នាក់មតេ្តយ្យមិនជឿទេ សូម្បីតែរូបចម្លាក់ក៏មិនជឿលើសារអសីលធម៌របស់បុគ្គលនេះដែរ។»។
រូបភាព៖ ខូច សុខៈ
បើយោងតាមនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាផ្សាយលើទំព័រហ្វេសប៊ុកផ្លូវការនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ បានចេញមុខខច្រានចោលថា ព័ត៌មានដែលគណនី Samdach Seng Ratana បង្ហោះនេះ មិនមែនជាព័ត៌មានពិតនោះឡើយ ពោលគឺជាព័ត៌មានក្លែងក្លាយដែលលើកឡើងក្នុងចេតនាបំពុលសង្គមប៉ុណ្ណោះ។ ដើម្បីស្រាយចម្ងល់មហាជន នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានបង្ហោះសារភ្ជាប់ជាមួយរូបភាពមួយសន្លឹកដែលបង្ហាញពីវត្តមានលោក ស ថេត អគ្គស្នងការនគរបាលជាតិ នៅក្នុងពិធីផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងអំពីពុករលួយនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជាមួយវត្តមានរបស់លោក ឱម យ៉ិនទៀង ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ប្រធានអង្គភាពប្រឆាំងអំពីពុករលួយ៕