អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ( សុខៈ)បានឱ្យដឹងថា ក្រសួងមហាផ្ទៃគ្រោងធ្វើវិសោធកម្មច្បាប់ចរាចរណ៍សារជាថ្មី ឬធ្វើច្បាប់ចរាចរណ៍ថ្មីតែម្ដង ក្រោយករណីគ្រោះថ្នាក់ចរាចរណ៍នៅតែបន្ដកើតឡើង។
ការលើកឡើងរបស់អ្នកនាំពាក្យរងក្រសួងមហាផ្ទៃរូបនេះ ធ្វើឡើងក្រោយមានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងកាលពីថ្ងៃសុក្រ ទី២០ ខែមករា ឆ្នាំ២០២៤ បណ្ដាលឱ្យមនុស្ស៤នាក់ស្លាប់នៅនិងកន្លែងកើតហេតុក្នុងរាជធានីភ្នំពេញ។ បន្ថែមពីនេះ គម្រោងនេះកើតឡើងក្រោយរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃលោក ស សុខា បានលើកឡើងកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ថា ករណីគ្រោះថ្នាក់ចរាចរណ៍អាចកើនដល់បន្ទាត់ក្រហម ក្នុងឆ្នាំ២០២៤ បើសិនគ្មានវិធានការទប់ស្កាត់។
អ្នកតាមដានបញ្ហាសង្គមភាគច្រើនបានទម្លាក់កំហុសទៅលើគ្រឿងស្រវឹង ដែលបណ្ដាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងមិនចេះដាច់បែបនេះ។ យ៉ាងណា អ្នកតាមដានសង្គមបន្ថែមថា គ្រោះថ្នាក់ចរាចរណ៍នឹងឈានដល់កម្រិតប្រកាសអាស្នន ព្រោះគ្រោះថ្នាក់ដែលកើតមានចុងក្រោយនេះមានភាពសាហាវ និងខ្លាំងជាជំងឺកូវីដ១៩ ទៅទៀត។
ផ្អែកតាមអ្នកនាំពាក្យក្រសួងមហាផ្ទៃដដែល ក្នុងមួយឆ្នាំៗ អ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍មានខ្ទង់ប្រមាណជាង២ពាន់នាក់។ តែជាជំហាននៃការដាក់គោលដៅទប់ស្កាត់គ្រោះថ្នាក់ មន្ដ្រីនាំពាក្យថា ក្រសួងនឹងដាក់នូវវិធានការសរុប មធ្យោបាយសរុប កម្លាំងសរុប ដើម្បីគ្រប់គ្រងគ្រោះថ្នាក់ឱ្យអស់ពីលទ្ធភាព៕