en     km
en     km

ក្រសួងព័ត៌មានព្រមានវិធានការច្បាប់អ្នកផលិតមាតិកាមិនសមរម្យក្រោយផ្ទុះករណី Prank ក្មេងស្រីលក់សណ្តែកដោយខ្វះសីលធម៌

Share

ភ្នំពេញ៖ បន្ទាប់ពីវីដេអូ សម្តែងបែបលេងសើចឬ Prank លើក្មេងស្រីលក់សណ្តែកដីម្នាក់ត្រូវបានចែកចាយដោយអ្នកលេងបណ្តាញសង្គមទិតៀនសកម្មភាពនោះថា ជាទង្វើសើចអសីលធម៌ គឺនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្រសួងព័ត៌មានបានចេញសេចក្តីណែនាំឱ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពបែបលេងសើច ឬPrank ប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរនិងសិទ្ធិរបស់អ្នកដទៃ។ បន្ថែមពីនេះ ក្រសួងក៏ព្រមានវិធានការច្បាប់ផងដែរ ចំពោះជនណាដែលនៅតែគឃ្លើនបែបនេះទៀត។

អណ្ណឹះតទៅ ក្រសួងនឹងព្រមានចាត់វិធានការផ្លូវច្បាប់ ចំពោះជនណាដែលនៅតែគឃ្លើនផលិតខ្លឹមសារផ្សាយលើបណ្តាញសង្គមដែលបំពានលើសិទ្ធិ ក្រមសីលធម៌  និងសេចក្ដីថ្លៃថ្នូររបស់អ្នកដទៃបន្តទៀតនោះ។

គួរកត់សម្គាល់ថា ការព្រមានតាមរយៈសេចក្តីណែនាំនេះ បន្ទាប់ពីអ្នកផលិតមាតិកាលក់ផលិតផលមួយ កាលពីពេលថ្មីៗនេះ បានផលិតមាតិកាបែបលេងសើច ឬPrank ទៅលើក្មេងស្រីលក់សណ្តែកដីម្នាក់ ដោយធ្វើឱ្យកំពប់សណ្តែកដីរបស់ក្មេងស្រីនោះ។ តាមរយៈឃ្លីមវីដេអូ Prank នោះ ក្មេងស្រីបានបង្ហាញទឹកមុខក្រៀមក្រំ ទឹកភ្នែករលីងរលោង ដោយនិយាយអ្វីមិនចេញ។

បន្ទាប់ពីវីដេអូ Prank មួយនេះត្រូវបានចែកចាយបន្តគ្នា អ្នកប្រើប្រាស់បណ្តាញសង្គមបានបញ្ចេញមតិរិះគន់យ៉ាងចាស់ដៃលើម្ចាស់គណនីផលិតមាតិកានេះ ក្នុងន័យថា ការផលិតមាតិកាបែបនេះគឺធ្វើឱ្យប៉ះពាល់សេចក្តីថ្លៃថ្នូរក្មេងស្រី និងប៉ះពាល់ដល់អ្នកក្រផងដែរ។

រូបភាពពីវីដេអូបង្ហោះលើហ្វេសប៊ុកដែលផ្ទុះការរិះគន់។

លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានចាត់ទុកការយកវិធីសាស្ត្រលេងសើច (Prank) មកផលិតមាតិការបស់ខ្លួនបែបនេះ ពុំមែនជាភាពស្មោះត្រង់ក្នុងការផលិតមាតិតាទេ តែផ្ទុយទៅវិញការបង្កើតមាតិកាដោយខ្វះក្រមសីលធម៌ និងការទទួលខុសត្រូវបែបនេះ នាំឱ្យមានការយល់ច្រឡំ និងប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់បុគ្គល។

បន្ថែមពីនេះក្រសួងព័ត៌មាន អំពាវនាវដល់សាធារណជន សូមកុំចែករំលែកបន្តនូវខ្លឹមសារ ដែលមិនមានក្រមសីលធម៌ និងបំពានដល់សេចក្ដីថ្លៃថ្នូរ និងកិត្តិយសរបស់អ្នកដទៃ និងចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងមាតិកាបែបបំពុលសង្គមទាំងអស់គ្នា។ ជាងផងដែរ ក្រសួងព័ត៌មានលើកទឹកចិត្ត និងកោតសរសើរចំពោះអ្នកផលិតមាតិកាតាមបណ្តាញទំនាក់ទំនងសង្គមភាគច្រើន ដែលបានគោរពក្រមសីលធម៌ រក្សាបាននូវសេចក្តីថ្លៃថ្នូរ និងគោរព សិទ្ធិអ្នកដទៃ និងផ្ដល់ព័ត៌មានពិត និងត្រឹមត្រូវជូនដល់សាធារណជន។

លោក នេត្រ ភក្ត្រា រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។

ជុំវិញរឿងនេះ លោកបណ្ឌិត មាស នី អ្នកវិភាគបញ្ហាសង្គមមើលឃើញថា សព្វថ្ងៃអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួន ហាក់មិនសូវបានគិតគូរឱ្យល្អិតល្អន់ពីការបង្ហោះខ្លឹមសាររបស់ខ្លួនលើបណ្តាញសង្គមដែលអាចនាំឱ្យប៉ះពាល់ដល់សិទ្ធិសេចក្តីថ្លៃថ្នូរអ្នកដទៃនោះទេ។ លោកបណ្ឌិតបន្លែមថា ការសម្រេចចិត្តត្រូវបង្ហាញខ្លឹមសារឬមាតិការបស់ខ្លួននៅលើបណ្តាញសង្គម គឺត្រូវពិចារណាឱ្យបានច្បាស់លាស់ ពិសេសត្រូវសុំសិទ្ធិពីម្ចាស់រូបភាព ដើម្បីធានាកុំឱ្យប៉ះពាល់មុខមាត់ សេចក្តីថ្លៃថ្នូររបស់ម្ចាស់រូប ពិសេសគឺការបង្ហាញមុខកុមារ។

លោកបណ្ឌិត មាស នី៖«ចឹងសម្រាប់យើងដែលយករូបភាពគេមកប្រើប្រាស់ យើងត្រូវសុំច្បាប់ពីម្ចាស់គេអានេះទម្លាប់របស់ខ្ញុំ។ពេលដែលខ្ញុំដើរចុះទៅធ្វើការងារនៅកន្លែងផ្សេងៗកាលណាខ្ញុំយករូបគេមក ខ្ញុំប្រុងផុស​ ខ្ញុំសុំច្បាប់គេសិន សួរថាតើខ្ញុំផុសបានទេ។ អានេះគឺជាក្រមសីលធម៌របស់ខ្លួនខ្ញុំផ្ទាល់ក្នុងការផុសរូបភាពរបស់គេ។ហើយកន្លងមកខ្ញុំឃើញតាមហ្វេកប៊ុកមានអ្នកខ្លះអត់មានការទទួលខុសត្រូវលើរឿងហ្នឹងទេ ទៅយករូបអីផ្តេះផ្តាសបង្ហោះដោយមិនបានសុំច្បាប់ម្ចាស់គេ ដែលច្បាប់គួរតែមានដែរ ដើម្បីកុំឱ្យមានការរំលោភលើសិទ្ធិឯងជនរបស់អ្នកដទៃ»។

លោកបណ្ឌិត មាស នី អញ្ជើញមកកម្មវិធីរបស់វិទ្យុស្រ្តីនៅស្ថានីយ៍ផ្សាយ។

ជាការកត់សម្គាល់ដាច់ដោយឡែកពីលោកបណ្ឌិត មាស នី លោកមើលឃើញថា នៅតាមបណ្តាញសង្គមហ្វេសប៊ុក ពិសេស តិកតុ ត្រូវបានម្ចាស់គណនីបញ្ចេញសកម្មភាពពុំសូវសមរម្យ តួយ៉ាងការស្លៀកពាក់ស៊ិចស៊ីជ្រុលហួសហេតុ ដើម្បីតែការចង់បានចំនួនអ្នកទស្សនា ដោយពុំបានគិតដល់ការប៉ះពាល់សេចក្តីថ្លៃថ្នូររបស់ខ្លួនឯងនិងសង្គមជាតិ។ តែយ៉ាងណាលោកមិនមានទស្សនៈបន្ទច់បង្គាក់ចំពោះអ្នកសិល្បករមួយចំនួនដែលតែងបង្ហាញដងខ្លួនបែបស៊ិចស៊ីនោះទេ តែយ៉ាងណាគប្បីត្រិះរិះពិចារណាលើសេចក្តីថ្លៃថ្នូរនិងមុខមាត់ខ្លួនឯង ជៀសវាងការធ្វើសកម្មភាពហួសព្រំដែន៕

Share

ព័ត៌មានទាក់ទង