en     km
en     km

ក្រសួងព័ត៌មានកម្ពុជា ​និងវៀតណាម សហការពង្រឹងគុណភាពនៃការផ្សព្វផ្សាយព័ត៌មានក្នុងតំបន់

Share

រូបភាព៖ ក្រសួងព័ត៌មាន

ភ្នំពេញ៖ ក្រសួងព័ត៌មានកម្ពុជានិង វៀតណាម បានប្តេជ្ញាក្នុងកិច្ចសហប្រតិបត្តិការផ្នែកព័ត៌មាន និងការផ្សព្វផ្សាយ ដើម្បីរួមគ្នាពង្រឹងគុណភាពសារព័ត៌មាននៅក្នុងតំបន់អាស៊ាន ដោយ​បង្កើនជំនឿទុកចិត្តទៅកាន់ប្រជាពលរដ្ឋតាមរយៈការផ្តល់ព័ត៌មានពិត ហើយលុបបំបាត់នូវព័ត៌មានក្លែងក្លាយ។

ការប្តេជ្ញានេះធ្វើឡើងក្នុងជំនួបពិភាក្សារវាង លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា និងលោក ង្វៀន ម៉ាញ់ហុង​ (Nguyen Manh Hung) រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងគមនាគមន៍វៀតណាម នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ខណៈដែលភាគីទាំងពីរបានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីទទួលបន្ទុកព័ត៌មានអាស៊ានលើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធនៅទីក្រុងដាណាំង ប្រទេសវៀតណាមដែលមានរយៈពេល៤ថ្ងៃ (២១ដល់២៤ ខែកញ្ញា ឆ្នាំ២០២៣)។

ក្នុងជំនួបនោះ លោក នេត្រ ភក្ត្រា លើកឡើងពីគុណវិបត្តិជាច្រើននៃការផលិតព័ត៌មានក្លែងក្លាយ។ លោកសង្កត់ធ្ងន់ថា ព័ត៌មានក្លែងក្លាយនឹងធ្វើឱ្យ ប៉ះពាល់ដល់សង្គម រហូតអាចបង្កើតជាបញ្ហាចលាចល ដោយបង្កឱ្យមានការយល់ច្រឡំ ជាពិសេសគឺប្រជាពលរដ្ឋបាត់បង់ជំនឿទុកចិត្ត។ ដោយមើលឃើញឥទ្ធិពលអវិជ្ជមាននៃការទទួលបានព័ត៌មានក្លែងក្លាយទាំងនេះ លោក នេត្រ ភក្ត្រា និង រដ្ឋមន្រ្តីក្រសួងព័ត៌មានវៀតណាម បានរប្តេជ្ញាថា នឹងសហការ ពង្រឹងគុណភាពវិស័យព័ត៌មានក្នុងតំបន់ និងធ្វើយ៉ាងណាប្រឆាំង និងលុបបំបាត់ចោលនូវព័ត៌មានក្លែងក្លាយ។

ថ្មីៗនេះ ក្នុងជំនួបពិភាក្សាការងារ និងការចូលជួបសម្តែងការគួរសមរបស់លោក Sardar Umar Alam តំណាងអង្គការ UNESCO ប្រចាំនៅកម្ពុជា នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ លោកនេត្រ ភក្រ្តា ក៏បានធ្វើការប្តេជ្ញាដោយលើកឡើងពីទំនួលខុសត្រូវនៃការងារខ្លួនផងដែរថា «ក្រសួងព័ត៌មានក្នុងអាណត្តិទី៧ នេះនឹងផ្តោតសំខាន់លើការធ្វើទំនើបកម្មស្ថាប័ន រដ្ឋបាលទំនើប និងការពង្រឹងគុណភាពនៃសារព័ត៌មាននៅកម្ពុជាតាមរយៈការបង្កើតឱ្យមានការបណ្តុះបណ្តាលវិក្រឹត្យការវិជ្ជាជីវៈសារព័ត៌មានដើម្បីបង្កើតធនធានមនុស្សក្នុងវិស័យនេះ និងការពង្រឹងការ អនុវត្តក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានដើម្បីធ្វើឱ្យវិស័យសារព័ត៌មាននៅកម្ពុជាកាន់តែល្អប្រសើរថែមទៀត»៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង