ភ្នំពេញ៖ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ក្រសួងសុខាភិបាលបានចេញនូវវិធានការការពារសុខភាពពីជំងឺ«Norovirus»ចំនួន៤ចំណុច ខណៈប្រទេសថៃផ្ទុះការភ្ញាក់ផ្អើលដោយមានអ្នកឆ្លងវីរុសនេះចំនួន១៤៣៦នាក់កាលពីពេលថ្មីនេះ។ ជុំវិញរឿងនេះ អ្នកជំនាញផ្នែកសុខភាពផ្ញើសារឱ្យប្រជាជនកម្ពុជាបង្កើនការប្រុងប្រយ័ត្ន ដ្បិតប្រទេសទាំងពីរជាប់ព្រំប្រទស់គ្នា ហើយមានពលរដ្ឋឆ្លងទៅឆ្លងមកធ្វើការងារជារៀងរាល់ថ្ងៃតាមច្រកព្រំដែន។
(កញ្ញា ងិន ស៊ាងលីម រាយការណ៍)
វិធានបង្ការជំងឺដែលបង្កពី«Norovirus»ដែលផ្សាយដោយក្រសួងសុខាភិបាលរួមមាន ត្រូវប្រកាន់អនាម័យ លាងសម្អាតដៃឱ្យបានញឹកញាប់។ មួយទៀត ត្រូវសម្អាត និងសម្លាប់មេរោគលើផ្ទៃដែលមានមេរោគ។ ចម្អិនម្ហូបអាហារឱ្យបានឆ្អិនល្អ ពិសេសអាហារសមុទ្រ ពីព្រោះមេរោគនេះស្លាប់នៅសីតុណ្ហភាពលើសពី ៦០ អង្សាសេ។ និងចុងក្រោយ ត្រូវស្នាក់នៅផ្ទះពេលឈឺរយៈពេល ២ ថ្ងៃ (៤៨ ម៉ោង) បន្ទាប់ពីបាត់រោគសញ្ញា។ បើមានរោគសញ្ញាដូចខាងលើ សូមទៅពិគ្រោះជំងឺ នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យរដ្ឋ ដែលនៅជិតផ្ទះ។
រូបភាពតំណាងវីរុសណូរ៉ូ
សម្រាប់របៀបចម្លងវិញ ក្រសួងក៏បានបង្ហាញដែលថា វីរុសណូរ៉ូ រីករាលដាលយ៉ាងងាយ និងរហ័សតាមការប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកដែលមានវីរុសណូរ៉ូ ដូចជាការថែទាំអ្នកជំងឺ ការចែករំលែកអាហារ សម្ភារ ប្រើប្រាស់ និងទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកមានវីរុសណូរ៉ូ។ ពិសាអាហារ ទឹក ឬភេសជ្ជៈដែលមានមេរោគវីរុសណូរ៉ូ។ ការប៉ះវត្ថុឬផ្ទៃដែលមានមេរោគ ហើយបន្ទាប់មកដាក់ម្រាមដៃដែលមិនទាន់លាងសម្អាតនៅក្នុងមាត់។ជាងនេះក៏អាចចម្លងវីរុសណូរ៉ូ រយៈពេល ២ សប្តាហ៍ ឬច្រើនជាងនេះ បន្ទាប់ពីអ្នកជាសះស្បើយពីជំងឺ។
រូបភាព៖ ក្រសួងសុខាភិបាល
ការណែនាំពីក្រសួងសុខភិបាលគ្រានេះ បន្ទាប់ពីវីរុសណូរ៉ូ ឆ្លងទៅលើប្រជាជនថៃក្នុងចំណោមសិស្សសាលា និងគ្រូនៅខេត្ត Rayong ចំនួន ១,៤៣៦ នាក់។ ផ្អែកតាមសារព័ត៌មានថៃ លើកឡើងថា Norovirus នេះជាវីរុសឆ្លងរាលដាលខ្ពស់ ប៉ះពាល់ដល់កុមារដែលមានភាពស៊ាំទាប និងរីករាលដាលក្នុងអំឡុងពេលរដូវរងា។ យ៉ាងណាករណីនេះ បានបង្កឲ្យប្រជាជនកម្ពុជាព្រួយបារម្ភ ដ្បិតប្រទេសថៃក៏នៅជាប់នឹងប្រទេសកម្ពុជា។
ទាក់ទងនឹងការព្រួយបារម្ភដែលថាវីរុសណូរ៉ូនេះ អាចឆ្លងចូលកម្ពុជា លោក អ៊ី លីម៉ា អ្នកជំនាញសុខភាពសាធារណៈ និងជាសាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យចេនឡា បានប្រាប់វិទ្យុស្ត្រីថា លទ្ធភាពនេះអាចកើតមានផងដែរ ដ្បិតកម្ពុជានិងថៃជាប្រទេសជាប់ព្រំប្រទល់ ពិសេសមានពលករឆ្លងទៅឆ្លងមកធ្វើការជារៀងរាល់ថ្ងៃ។ តែយ៉ាងណាលោក ជឿជាក់ថា ប្រទេសថ្ងៃនឹងមានវិធានការខ្ពស់ចំពោះអ្នកជំងឺដែលឆ្លងវីរុសនេះ ដោយទប់ស្កាត់មិនឱ្យមានការឆ្លងរីករាលដាលបន្ត។
«ធម្មតាជំងឺឆ្លងគឺយើងមិនអាចនិយាយថា អត់អាចឆ្លងមកខ្មែរទេ ពីព្រោះកាលណាជំងឺឆ្លង ជាទូទៅវាឆ្លងតាមរយៈផ្លាស់ប្តូរពីមនុស្សម្នាក់ទៅមនុស្សម្នាក់ដូចយើងដឹងហើយគឺ ប្រទេសខ្មែរយើងក៏មានពលករទៅធ្វើការប្រទេសថៃច្រើនដែរ។ យ៉ាងណាក៏ជាបញ្ហាមួយដែលយើងត្រូវគិតគូដែរ តែចំពោះខ្ញុំក្នុងនាមជាអ្នកសុខភាពសាធារណៈគឺឃើញចំពោះករណី(case) ប៉ុណ្ណេះ យើងត្រូវរងចាំបន្តទៀត ក៏យើងមិនត្រូវ ភ័យស្លន់ស្លោរហូតទៅដល់ធ្វើឱ្យមានបញ្ហាផ្សេងៗដែរ ហើយខ្ញុំជឿជាក់នៅក្រសួងសុខាភិបាលក៏មានវិធីសាស្ត្រទប់ស្កាត់ដែរ។»។
លោក អ៊ី លីម៉ា អ្នកជំនាញសុខភាពសាធារណៈ និងជាសាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យចេនឡា។
តាមការពន្យល់ពីលោកវេជ្ជបណ្ឌិតឱ្យដឹងថា ជំងឺបង្កដោយវីរុសណូរ៉ូនេះ គឺបង្កឲ្យមានរលាកផ្លូវអាហារ ហើយអាកុលមិនអាចសម្លាប់វីរុសនេះបាននោះទេ។ ជាងនេះ វីរុសណូរ៉ូនេះឆ្លងលឿនទៅលើអ្នកដែលមានភាពស៊ាំខ្សោយ ដូចជាកុមារ និងមនុស្សចាស់ជាដើម។
«ខ្ញុំសូមជម្រាបថា ជំងឺនេះវាបង្កដោយវីរុសដែលវាធ្វើឱ្យយើងរលាកផ្លូវអាហារហើយដូចប្អូនដឹងហើយប្រភេទវីរុសនេះវាងាយនឹងឆ្លងហើយឆ្លងលឿនណាស់បទ! ព្រោះអី ជាពិសេសទៀតនោះគឺ វាត្រូវតែក្នុងបរិមាណតិចនៅក្នុងរាងកាយយើងក៏ធ្វើឱ្យយើងមានបញ្ហាឆ្លងជំងឺនេះបានដែរ។ ហើយកត្តាដែលវាសំខាន់មួយទៀតដែលយើងគួរឱ្យកត់សម្គាល់នោះ គឺវាកាលណាវាអាចអត់ធ្មត់ វាអាចរង់ជាមួយនឹងសីតុណ្ហភាព ហើយជាពិសេសនោះគឺ សូម្បីតែយើងការសម្លាប់មេរោគដូចជាអាកុល ដូចជាអីមួយចំនួននោះ គឺវាពិបាកក្នុងការសម្លាប់វាខ្លាំងណាស់បាទ!»
រូបភាពតំណាងវីរុសណូរ៉ូ
លោកបន្តថា អាការៈនៃជំងឺនេះ ចន្លោះពី១-២ថ្ងៃ អ្នកជំងឺនឹងមានអាការៈដូចជា អស់កម្លាំង ក្តៅខ្លួន ក្អួត ចង្អោរជាដើម។
«នៅក្នុងអាការៈរបស់វាជាទូទៅនៅពេលដែលគេមានផ្ទុកនៅវិរុសហើយគឺវាចាប់ផ្តើមចន្លោះពី២៤-៤៨ម៉ោង វាធ្វើឱ្យអ្នកជំងឺគឺរាគ ឈឺពោះ គឺគាត់ពិបាកនៅក្នុងខ្លួន ក្អួត ចង្អោរ បាទ! ឈឺក្បាល ក្តៅខ្លួន ក្តៅកម្រិតមធ្យម ជាពិសេសគឺធ្វើឱ្យរាងកាយទាំងអស់ហើយហត់នឿយមែនទែន។»
តែទោះជាយ៉ាងនេះក្តី លោកវេជ្ជបណ្ឌិតស្នើដល់ក្រសួងឲ្យមានយន្តការទប់ស្កាត់ដូចជា ត្រួតពិនិត្យនិងធ្វើតេស្តលើអ្នកដំណើរនៅតាមព្រំដែន ជៀសវាងទប់ស្កត់ការចម្លង។ ចំពោះបញ្ហានេះ លោកបានព្យាករណ៍ទុកថា វាមិនមានបញ្ហាអ្វីនោះឡើយ ពីព្រោះក្រសួងសុខាភិបាលទាំងកម្ពុជា និងប្រទេសថៃបានយកចិត្តដាក់ទប់ស្កាត់ ពិនិត្យ តាមដានជានិច្ច។
ហើយជាពិសេសទៀត យើងគួរតែមានយន្តការ និងវិធីសាស្ត្រមួយ យើងត្រូវតាមព្រំដែនឆែកឱ្យបានត្រឹមត្រូវយើងត្រូវធ្វើតេស្ត យើងត្រូវវាស់កម្តៅទៅតាមអាការៈនីមួយ ដើម្បីទប់ស្កត់ឱ្យហើយ។ កត្តាដូចខ្ញុំជម្រាបអ៊ីចឹង គែកត្តាចំណាក់ស្រុក ព្រោះជំងឺឆ្លងនៅប្រទេសណាក៏ដោយគឺវាទៅតាមកិច្ចរយៈការចំណាក់ស្រុកអីហ្នឹងឯង បើយើងមិនប្រយ័ត្នទេក៏វាអាចឆ្លងដល់ព្រំដែនៗ ព្រំដែនគឺយើងប្រាកដថានឹងរីករាលដាល់មួយចំនួនដែរ។ តែខ្ញុំមានសុទិដ្ឋិនិយមថា ជំងឺទាំងអស់នេះ មិនមានបញ្ហាទេហើយខាងប្រទេសថៃក៏គេបានយកចិត្តទុកដាក់ខ្លាំងដែរ។ ដោយសារនៅក្នុងប្រទេសថៃតាំងវិស័យរដ្ឋ និងវិស័យឯកជនគឺគេក៏ធ្វើការស្រុះគ្នាដែរ អ៊ីចឹងមិនជាបញ្ហាអីធ្ងន់ធ្ងរទេបាទ! »
បើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលកម្ពុជាផ្អែកតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោកឱ្យដឹងថា ជារៀងរាល់ឆ្នាំនៅលើសកលលោក មាន ៦៨៥លានករណីបង្កដោយវីរុសណូរ៉ូ ស្លាប់ប្រមាណ ២០០ ០០០(២សែន)នាក់ ក្នុងនោះដែរ ២០០លានករណី កើតលើកុមារអាយុក្រោម៥ឆ្នាំ និងមានកុមារចំនួន ៥០ ០០០(៥ម៉ឺន)នាក់បានស្លាប់។
រូបភាពគំរូនៃការលាងសម្អាតដៃ
វីរុសណូរ៉ូ « Norovirus »នេះជាមូលហេតុចម្បងនៃការក្អួត និងរាក និងជំងឺដែលបណ្តាលមកពីអាហារ ដែលបង្កឱ្យមានជំងឺរលាកក្រពះស្រួចស្រាវ រលាកក្រពះពោះវៀន។ ការផ្ទុះរាតត្បាតនៃជំងឺបង្កដោយវីរុសណូរ៉ូ ភាគច្រើនកើតមាននៅប្រទេសមានរដូវត្រជាក់ កន្លែងមានការប្រមូលផ្តុំ អាកាសធាតុត្រជាក់មេរោគរស់យូរ រដូវត្រជាក់ធ្វើឲ្យប្រព័ន្ធភាពស៊ាំរបស់រាងកាយចុះខ្សោយ៕
(អត្ថបទសរសេរដោយកញ្ញា ងិន ស៊ាងលីម)