ភ្នំពេញ៖ ផលិតផលជំនួយសមត្ថភាពនិងប្រសិទ្ធភាពរួមភេទសម្រាប់បុរសចំនួន ២ ប្រភេទ ត្រូវបានរកឃើញថា មានផ្ទុកសារធាតុ Sildenafil ដែលអាចបណ្តាលឱ្យមានផលប៉ះពាល់បេះដូង និង គ្រោះថ្នាក់ដល់អាយុជីវិតទៀតផង។ ផលិតផលទាំងពីរប្រភេទនោះមានឈ្មោះ SUPER XL និង AMOUR ដែលបច្ចុប្បន្នត្រូវបានផ្សព្វ ផ្សាយលក់លើបណ្តាញសង្គមនិងតាមឱសថស្ថានមួយចំនួន។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥។
រូបភាពឱសថនិងការផ្សព្វផ្សាយលក់ឱសថនេះកន្លងមក។រូបភាពពីហ្វេសប៊ុកក្រសួងសុខាភិបាល។
សម្រាប់ចំណាត់ការរបស់ក្រសួងសុខាភិបាលចំពោះករណីនេះ គឺមន្រ្តីមានសមត្ថកិច្ចបានចុះធ្វើនិយ័តកម្មនៅទីតាំងចំនួន ២ កន្លែង នៅរាជធានីភ្នំពេញ ហើយកសាងសំណុំរឿងបញ្ជូនជនពាក់ព័ន្ធទៅតុលាការតាមនីតិវិធីច្បាប់។
ចំពោះមុខនេះក្រសួងសុខាភិបាល តម្រូវឱ្យបុគ្គលដែលនៅតែបន្តចែកចាយ ឬលក់ផលិតផលទាំង ០២ខាងលើ ឬផលិតផលជំនួយផ្លូវភេទគ្មានលេខបញ្ជីកាផ្សេងទៀត ត្រូវបញ្ឈប់ការនាំចូល ចែកចាយ ឬលក់ផលិត ផលទាំងនេះជាបន្ទាន់។ ក្រសួងនឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ចំពោះជនណាដែលបន្តចែកចាយ ឬលក់ផលិតផល ប៉ះពាល់សុខភាពគ្មានលេខបញ្ជីកាខាងលើ ឬផលិតផលគ្មានលេខបញ្ជីការផ្សេងទៀត ទៅតាមច្បាប់។
ក្រសួងរំលឹកថា រាល់ផលិតផលជំនួយផ្លូវភេទ គ្រប់ប្រភេទ ដែលកំពុងផ្សព្វផ្សាយលក់តាមប្រព័ន្ធអនឡាញ គឺពុំមានការអនុញ្ញាតឱ្យធ្វើការផ្សព្វផ្សាយពីក្រសួងសុខាភិបាលនោះទេ។ ជាងនេះផ្អែកតាមការស្រាវជ្រាវកន្លងមកភាគច្រើន នៃផលិតផលទាំងនោះមិនមែនជាផលិតផល បំប៉នសុខភាពនោះទេ គឺគ្រាន់តែដាក់សារធាតុឱសថសម័យ ដែលសារធាតុនេះប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព និងឈានដល់បាត់បង់អាយុជីវិតទៀតផង។ ដូច្នេះ ក្រសួងសុខាភិបាលសូមអំពាវនាវដល់ប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន និង ឈប់ជឿលើការផ្សព្វផ្សាយទាំងនោះបន្តទៀត៕