សមត្ថកិច្ចចម្រុះបង្ក្រាប និងទប់ស្កាត់បទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្រ្ត ខេត្តពោធិ៍សាត់
ក្រសួងបរិស្ថានបានណែនាំ ឱ្យសមត្ថកិច្ចពាក់ព័ន្ធបញ្ឈប់ជាបន្ទាន់រាល់ការចុះហត្ថលេខាលើឯកសារស្នើសុំកាន់កាប់ ប្រើប្រាស់ដីធ្លី លិខិតទិញលក់ លិខិតផ្ទេរការកាន់កាប់ ឬការបញ្ជាក់លើប្លង់បង្ហាញទីតាំងដី ដែលស្ថិតក្នុងតំបន់ការពារធម្មជាតិ។ ការណែនាំបែបនេះធ្វើឡើងក្រោយពី សកម្មភាព ឈូសឆាយដីព្រៃក្នុងតំបន់ការពារធម្មជាតិធ្វើជាកម្មសិទ្ធិ កំពុងកើតមាន។ ជុំវិញចំណាត់ការនេះត្រូវបានសកម្មជនបរិស្ថាន រម្លឹកថា បើរឹតបន្តឹងតែអ្នកតូច រួចកាត់ដីចែកអ្នកធំដដែលៗ គឺវាគ្មានន័យនោះទេ។ លោក គីម ចាន់ចាវ រាយការណ៍
ក្នុងរយៈពេលចុងក្រោយនេះ មានសកម្មភាពកាប់គាស់ រុករាន ឆ្ការដុត ឬការឈូសឆាយដីព្រៃក្នុងតំបន់ការពារធម្មជាតិធ្វើជាកម្មសិទ្ធិ បំពាននឹងបទប្បញ្ញត្តិច្បាប់ជាធរមាន និងបន្ត បានប្រើប្រាស់ដីដែលកំពុងស្ថិតក្នុងដំណើរការនីតិវិធីរបស់ស្ថាប័នតុលាការ។ នេះបើតាមសេចក្ដីជូនដំណឹងពីក្រសួងបរិស្ថាន ចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ ដែលចុះហត្ថលេខា ដោយលោករដ្ឋមន្ត្រី អ៊ាង សុផល្លែត។
ដើម្បីបន្តពង្រឹង ប្រសិទ្ធភាពលើការគ្រប់គ្រងដីរដ្ឋ និងធនធានព្រៃឈើនៅតាមតំបន់ការពារធម្មជាតិ ក្រសួងបរិស្ថាន ឱ្យសមត្ថកិច្ចពាក់ព័ន្ធបញ្ឈប់ជាបន្ទាន់រាល់ការចុះហត្ថលេខាលើឯកសារស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លី លិខិតទិញលក់ លិខិតផ្ទេរការកាន់កាប់ ឬការបញ្ជាក់លើប្លង់បង្ហាញទីតាំងដី ដែលស្ថិតក្នុងតំបន់ការពារធម្មជាតិ។ ក្រសួងបរិស្ថាន បានណែនាំ បុគ្គលដែលបានប្រព្រឹត្តអំពើកាប់គាស់ ឬ រុករាន ឬ ឆ្ការដុត ឬ ឈូសឆាយដីព្រៃ ដើម្បីធ្វើកម្មសិទ្ធិថា គឺជាបទល្មើសធនធានធម្មជាតិ ដែលនឹងត្រូវផ្តន្ទាទោសតាមបទប្បញ្ញត្តិច្បាប់ជាធរមាន។ ចំណែកសមត្ថកិច្ចពាក់ព័ន្ធគ្រប់គ្រងតំបន់ការពារធម្មជាតិ ត្រូវបន្តអនុវត្តច្បាប់១០០% ដោយគ្មានការលើកលែងជាដាច់ខាត និងបញ្ចប់នូវវប្បធម៌ ធ្វើកិច្ចសន្យាហើយដោះលែងជនប្រព្រឹត្តបទល្មើស។
សមត្ថកិច្ចចម្រុះបង្ក្រាប និងទប់ស្កាត់បទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្រ្ត ខេត្តពោធិ៍សាត់
ក្រសួងបរិស្ថាន បានលើកឡើងថា ចំពោះបុគ្គលដែលបានប្រព្រឹត្តអំពើកាប់គាស់ ឬឈូសឆាយដីព្រៃដើម្បីធ្វើកម្មសិទ្ធិ ត្រូវផ្ដន្ទាទោសតាមបទប្បញ្ញត្តិច្បាប់។ ចំណែកបុគ្គលដែលរំលោភយកដីតំបន់ការពារធម្មជាតិ ត្រូវប្រគល់ដីដែលខ្លួនបានកាន់កាប់ទាំងនោះ ទៅកាន់សមត្ថកិច្ច ឬក្រសួងបរិស្ថានវិញ ដោយស្ម័គ្រចិត្ត និងឥតលក្ខខណ្ឌ។
ការបង្ហាញចំណាត់ការបែបនេះ ពីក្រសួងបរិស្ថានធ្វើឡើងស្របពេល សមត្ថកិច្ចចម្រុះបង្ក្រាប និងទប់ស្កាត់បទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្រ្ត ខេត្តពោធិ៍សាត់ ចំនួន១០ក្រុម ដែលមានកម្លាំងសរុប៧៨៩នាក់ បានចុះអន្តរគមន៍ ឃ្លុំដីទំហំចំនួនជិត៤ពាន់ ហិកតា និងបានឃុំខ្លួនពលរដ្ឋ១នាក់ ដែលចាត់ទុកជាជនសង្ស័យ ទៅសាលាដំបូងខេត្តពោធិ៍សាត់ និងបានអប់រំមនុស្សមួយចំនួនថែមទៀត។ ប្រតិបត្តិការចុះបង្ក្រាបដោយមានទាំងកងកម្លាំងអាវុធហត្ថនេះ ធ្វើឡើង ចាប់ពីថ្ងៃទី១៣ ដល់ ១៧ ខែមីនា ឆ្នាំ២០២៤។
លោក សាន់ ម៉ាឡា សកម្មជនបរិស្ថាន តែងលើឡើងថា ការកាប់បំផ្លាញព្រៃឈើកើតមានឡើងដោយសារមន្រ្ដីពាក់ពន្ធ័ និងរដ្ឋាភិបាលខ្វះឆន្ទៈក្នុងការការពារព្រៃឈើ។ ជុំវិញចំណាត់ការគ្រប់គ្រងដីរដ្ឋខាងលើរបស់ក្រសួងបរិស្ថាននេះ ត្រូវបានលោក ម៉ាឡា យល់ថា៖ « ខ្ញុំសង្ឃឹមថាការរឹត(បន្ដឹង)អ្នកតូចនេះហើយ ក៏នឹងលែងមានការកាត់(ដី)ចែកអ្នកធំដែរ។ បើរឹត(បន្ដឹង)តែអ្នកតូច រួចកាត់ចែកអ្នកធំដដែលៗ គឺវាគ្មានន័យនោះទេ។»
សមត្ថកិច្ចចម្រុះបង្ក្រាប និងទប់ស្កាត់បទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្រ្ត ខេត្តពោធិ៍សាត់
បណ្ដាញសហគមន៍ព្រៃឡង់ ចេញផ្សាយ តាមបណ្ដាញសង្គមហ្វេសប៊ុកផេកផ្លូវការរបស់ខ្លួនកន្លងមកថា បណ្ដាញសហគមន៍ព្រៃឡង់បន្តរកឃើញបទល្មើសខុសច្បាប់ ដោយទន្ទ្រានដីព្រៃធ្វើជាកម្មសិទ្ធិចំនួន ៣ទីតាំង ដូចជានៅចំណុចអូរអាស្រង់ ទំហំ ១៥ហិកតា នៅចំណុចភ្នំចំបក់ក្អែកខាងជើងអូរគោល ទំហំ ៥ហិកតា និងចំណុចជ្រាប់ព្រាល ទំហំ ១៥ហិកតា៕
អត្ថបទសរសេរដោយ កញ្ញា សៃ ចន្ធី សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយឧបត្ថម្ភពី ភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និង កិច្ចសហប្រតិបត្តិការ (SDC) ជាមួយនិងស្ថានទូតស៊ុយអែតប្រចាំកម្ពុជា តាមរយៈអង្គការ BBC Media Action៕