en     km
en     km

ក្រសួងសេដ្ឋកិច្ចរៀបចំគោលនយោបាយបន្ថយកម្ចីបរទេសកាត់បន្ថយហានិភ័យ

Share

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញាវត្ថុ លោក វង្សី វិស្សុត បានលើកទ្បើងថាក្រសួងសេដ្ឋកិច្ច កំពុងរៀបចំគោលនយោបាយកាត់បន្ថយកម្ចីពីក្រៅប្រទេស បង្វែរមកខ្ចីលុយក្នុងស្រុកវិញ ដើម្បីកាត់បន្ថយហានិភ័យក្នុងប្រទេសកម្ពុជា។ ការថ្លែងនេះធ្វើទ្បើងក្នុងវេទិកាសាធារណៈ ស្តីពី ច្បាប់ថវិកាសម្រាប់ការគ្រប់គ្រង ឆ្នំា២០១៨ នាពេលថ្មីៗនេះ។

លោក ជួន សារ៉េត រាយការណ៍ពីព័ត៌មាន!

ខណៈក្រសួងសេដ្ឋកិច្ចធានាសម្រេចឱ្យបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងរង្វង់ ៧% ក្នុងឆ្នំា២០១៨ ក៏ដូចជារក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ព្រម ទំាងស្ថេរភាពហិរញ្ញវត្ថុទូទៅនោះ មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចលើកឡើងថា កម្ពុជានឹងកាត់បន្ថយការខ្ចីលុយពីក្រៅប្រទេស ដើម្បីទប់ទល់ វិបត្តិកលិយុគ និងហានិភ័យដែលអាចកើតទ្បើងជាយថាហេតុ ដូចជាវិបត្តិហិរញ្ញពិភពលោកជាដើម។

ថ្លែងក្នុងវេទិកាសាធារណៈ ស្តីពីការរៀបចំថវិកាឆ្នំា២០១៨ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក វង្សី វិស្សុត បានលើកទ្បើងថា កម្ពុជានៅមានលទ្ធភាពខ្ចីប្រាក់ពីបរទេសបន្ថែម យកមកស្តារនិងអភិវឌ្ឍន៍ប្រទេសកម្ពុជា។ តែយ៉ាងណាលោកថា ការខ្ចីបុលពីបរទេសមិនត្រូវឱ្យលើសពីសមត្ថភាព និងការទទួលខុសត្រូវរបស់កម្ពុជានោះឡើយ។

ជុំវិញកម្ចីបរទេសនេះ លោក វង្សី វិស្សុត ឱ្យដឹងថា ក្រសួងកំពុងរៀបចំគោលនយោបាយមួយដើម្បីកាត់បន្ថយការខ្ចីថវិកាពីអន្តរជាតិ ដោយបង្វែរជាកម្ចីក្នុងស្រុកវិញ។ លោក វង្សី វិស្សុត ពន្យល់ពីការខ្ចីលុយក្នុងស្រុកមានហានិភ័យតិចជាងក្រៅស្រុកដូច្នេះថា៖

«ការខ្ចីក្នុងស្រុកហានិភ័យទាបជាងគេខាងក្រៅ តាមរយៈដោយសារលុយក្នុងស្រុកវាអត់ចេញទៅក្រៅទេ កាលណាយើងខ្ចីលុយពីខាងក្រៅយើងត្រូវសងទៅគេវិញ  ដល់ខ្ចីលុយក្នុងស្រុកវាលុយនៅក្នុងស្រុកយើងទំាងអស់វាវិលមកវិញទំាងអស់។ ខ្ចីលុយទីផ្សារ អ្នកមានលុយ ឧប មាថា យើងដាក់លុយនៅធនាគារ ៥% បើទីផ្សារអោយ ៦% យើងមិនទៅអោយទីផ្សារខ្ចីវិញ តាមរយៈសញ្ញាប័ណ្ណ ខបភើរេបណ្ណគឺរបស់ឯក ជនក្រុមហ៊ុនឯកជន ក៏មានសិទ្ធិទៅខ្ចីទីផ្សារ គេហៅថាទីផ្សារថាបំណុល រដ្ឋក៏មានសិទ្ធិទៅខ្ចីដែរប៉ុន្តែត្រូវ តែមានយន្តការច្បាប់ យន្តការហិរញ្ញវត្ថុ បច្ចេកទេសដើម្បីធ្វើឱ្យមានប្រព័ន្ធរឹងមំា ហើយមានតម្លាភាព»

ឆ្លើយតបនឹងការលើកទ្បើងនេះ អ្នកសិក្សាស្រាវជ្រាវពីការអភិវឌ្ឍន៍សង្គមលោក បណ្ឌិត មាស នី យល់ឃើញថា ទោះបីជារដ្ឋាភិបាលកាត់បន្ថយការខ្ចីលុយពីក្រៅប្រទេស ក៏កម្ពុជានៅតែជួបបញ្ហាប្រឈមដដែល។ ការណ៍នេះលោកបណ្ឌិត មាស នី គូសបញ្ជាក់ថា ដើម្បីកាត់បន្ថយហានិភ័យទាក់ទងបញ្ហាសេដ្ឋកិច្ចនៅកម្ពុជានោះ លុះត្រាកម្ពុជាកាត់បន្ថយប្រាក់កម្ចីទំាងស្រុង ហើយបង្កើននឹងពង្រឹងសេដ្ឋកិច្ចដោយខ្លួនឯង។ 

ទោះបីជាយ៉ាងនេះក្តីលោក មាស នី យល់ឃើញថា ការកាត់បន្ថយកម្ចីពីក្រៅប្រទេស មកខ្ចីប្រាក់ក្នុងប្រទេស ក៏មានអត្ថប្រយោជន៏ផងដែរចំពោះកម្ពុជា ប្រសិនបើការខ្ចីនោះមានតម្លាភាព ជាពិសេសមិនត្រូវឱ្យមានទំនាស់ផលប្រយោជន៍កើតទ្បើង។  «ខ្ចីក្នុងស្រុក ខ្ចីក្រៅស្រុក វាមិនខុសគ្នាប៉ុន្មានទេ វានៅតែជំពាក់គេដដែលទេ អត្ថប្រយោជន៍ នៅត្រង់ថាលុយហ្នឹងវាវិលនៅក្នុងស្រុកយើង វាកើននៅក្នុងស្រុកយើង តែត្រូវធ្វើយ៉ាងណាទី០១កាពារនៅទំនាស់ផលប្រយោជន៍ ទី០២ ទៀតធ្វើម៉េចបង្ហាញនូវតម្លាភាពហ្នឹងឱ្យបានត្រឹមត្រូវនៅក្នុងការខ្ចីលុយក្នុងស្រុក ហើយរឿងទី០៣ គឺកាត់បន្ថយការខ្ចីលុយពីក្រៅ ហើយបង្កើនប្រាក់ចំណូលរបស់រដ្ឋឱ្យបាន»

តាមគោលការណ៍គន្លឹះ ៤ សំខាន់ៗ ដែលរាជរដ្ឋាភិបាលកម្ពុជា តែងតែប្រកាន់ភ្ជាប់ក្នុងការគ្រប់គ្រងបំណុលសាធារណៈ រួមមានដូចជា៖ ត្រូវខ្ចីឥណទានក្នុងទំហំសមស្របដែលស្ថានភាពថិវកា និងសេដ្ឋកិច្ចអាចទ្រាំទ្របាន ត្រូវខ្ចីតែឥណទានដែលមានកម្រិតសម្បទាន ឬលក្ខខណ្ឌអនុគ្រោះខ្ពស់ ត្រូវខ្ចីសម្រាប់តែវិស័យអាទិភាពទ្រទ្រង់ចីរភាពនៃកំណើន និងវិស័យបង្កើនផលិតភាពសេដ្ឋកិច្ច ឬផលិតភាពផលិតកម្ម និងត្រូវប្រើប្រាស់ឥណទំាងនោះ ប្រកបដោយតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពខ្ពស់បំផុត។

បើតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ គិតត្រឹមដំណាច់ឆ្នំា ២០១៧កន្លងមកនេះ កម្ពុជាជំពាក់បំណុលបរទេសប្រមាណ ៧ ពាន់លានដុល្លារសហរដ្ឋអាមេរិក។ ដោយទ្បែកនៅឆ្នំា ២០១៨ នេះកម្ពុជាអាចនឹងកើនបំណុលដែលខ្ចីពីបរទេសប្រមាណ ៧, ៨លានដុល្លារសហរដ្ឋអាមេរិក។ តាមរបាយការណ៍ដដែល បំណុលដែលកម្ពុជាបានខ្ចីពីបរទេសច្រើនជាងគេ គឺមានប្រទេសចិន ជប៉ុន សាធារណៈកូរ៉េ រួម   ទំាងពហុភាគីផ្សេងៗទៀតផងដែរ៕

Share

Image
Image
Image