ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានចេញសេចក្តីណែនាំ ដោយព្រមានវិធានការច្បាប់ចំពោះសិល្បករតាមបណ្តាញសង្គមរូបណា ដែលនៅតែគឃ្លើនបញ្ចេញស្នាដៃដែលបង្កប់ខ្លឹមសារគ្រោតគ្រាត អសុរោះ ប្រាសចាកពីក្រមសីលធម៌ និងសេចក្តី ថ្លៃថ្នូរសង្គម។
ក្រសួងចាត់ទុកថា ការតែងនិពន្ធបទចម្រៀង ស្នាដៃសិល្បៈ និងការច្រៀងចម្រៀងមួយចំនួន មិនត្រឹមតែប៉ះពាល់ដល់វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី កិត្យានុភាពនៃសង្គមជាតិយ៉ាងធ្ងរធ្ងន់នោះទេ តែថែមទាំងប៉ះពាល់ដល់កុមារផងដែរ ។
សម្រាប់ក្រសួង ដើម្បីអាចបញ្ចៀសបាននូវផលប៉ះពាល់ និងរក្សាបាននូវគុណតម្លៃ សេចក្តីថ្លៃថ្នូរក្នុងសង្គមបាន ជាដំបូងក្រសួងសូមណែនាំ ដល់អ្នកសិល្បៈនិងបុគ្គលដែលប្រើប្រាស់បណ្តាញសង្គម សូមបញ្ឈប់ជាបន្ទាន់នូវការបង្កើតស្នាដៃអសីលធម៌ដូចដែលធ្លាប់ធ្វើកន្លងមក។
សេចក្តីជូនដំណឹងរបស់ក្រសួងវប្បធម៌។រូបភាពពីហ្វេសប៊ុក។
បន្ថែមពីនេះ ក្រសួងក៏សូមអំពាវនាវដល់បុគ្គលដែលធ្វើអាជីវកម្មក្នុងបណ្តាញសង្គម ត្រូវបញ្ឈប់សកម្មភាពចែកចាយបន្ត ឬធ្វើអធិប្បាយបញ្ចេញបញ្ចូលបន្ថែមលើស្នាដៃអវិជ្ជមាន ក្នុងគោលបំណងជំរុញបញ្ហាឱ្យកាន់តែក្តៅ ដើម្បីប្រយោជន៍លាភសក្ការៈផ្ទាល់ខ្លួន។
អ្វីជាសារសំខាន់នោះ ក្រសួងនឹងសហការជាមួយបណ្តាស្ថាប័នពាក់ព័ន្ធនានា ដើម្បីចាត់វិធានការទប់ស្កាត់យ៉ាងម៉ឺងម៉ាត់ នូវសកម្មភាពអវិជ្ជមានខាងលើនេះ ស្របតាមបទប្បញ្ញត្តិនិងនីតិវិធីនានាដែលមានជាធរមាន ។
ជាការកត់សម្គាល់ ការព្រមានវិធានការច្បាប់របស់ក្រសួងវប្បធម៌ពេលនេះ កើតឡើងគ្រាដែលតារាចម្រៀងរ៉េប និងអ្នកនិយាយទ្រូលកំប្លែងមួយចំនួនបានបញ្ចេញបទចម្រៀងនិងស្នាដៃបែបឌឺដង ប្រមាថកាតទាន ប្រើវោហារស័ព្ទវាយប្រហារគ្នាទៅវិញទៅមកឥតឈប់ឈរ៕