en     km
en     km

ក្រសួងកសិកម្មបង្ហាញសារជំរុញការដាំដុះពូជស្រូវយុទ្ធសាស្រ្តខណៈស្រូវពូជបរទេសធ្លាក់ថ្លៃ

Share

ភ្នំពេញ៖ ទំព័រហ្វេសប៊ុករបស់ក្រសួងកសិកម្មបានបង្ហោះវីដេអូឃ្លីបពីចំណាប់អារម្មណ៍របស់កសិករក្នុងខេត្តក្រចេះ ដែលបេ្តជ្ញាធរផលិតស្រូវពូជសែនក្រអូបរបស់ខ្មែរ ដែលជាពូជស្រូវយុទ្ធសាស្រ្តដើម្បីធានាតម្លៃល្អនៅឆ្នាំខាងមុខ។ ការបង្ហោះសារនេះ ស្របពេលដែលទិន្នផលស្រូវពូជរបស់បរទេសអូអឹម (OM) ឬស្រូវប្រភេទ ៥១,៥៤ ដែលឈ្មួញវៀតណាមនិយមទិញកំពុងធ្លាក់ថ្លៃនៅកម្ពុជា និងនៅទីផ្សារវៀតណាមនិងនៅបណ្តាប្រទេសផលិតអង្ករមួយចំនួន។

លោក កែវ សុខា ជូនសេចក្តីរាយការណ៍៖

ការលើកឡើងរបស់កសិករលើបណ្តាញសង្គមតិកតុក៖

នេះជាការត្អូញត្អែររបស់ប្រជាកសិករមួយចំនួនលើបណ្តាសង្គមនារយៈពេលថ្មីៗនេះ ទាក់ទងតម្លៃស្រូវ ប្រភេទ OM ឬនិយមហៅថាស្រូវ ៥១,៥៤ និងស្រូវនាងខុនដែលកសិករនិយមដាំលក់ឱ្យឈ្មួញនាំទៅប្រទេសវៀតណាម។

ការលើកឡើងរបស់កសិករលើបណ្តាញសង្គមតិកតុក៖

និន្នាការធ្លាក់ថ្លៃនេះ បើតាមមន្រ្តីកសិករបកស្រាយតាមបណ្តាញសារព័ត៌មានក្នុងស្រុកជាបន្តបន្ទាប់ គឺមួយផ្នែកដោយសារតែបាតុភូតអ៊ែលនីណូ(El Nino) ដែលបង្កឱ្យមានគ្រោះមហន្តរា​យ​ធម្មជាតិបណ្តាលឱ្យទិន្នផលស្រូវនៅតាមបណ្តាប្រទេសធំៗដែលនាំចេញអង្ករបានធ្លាក់ចុះការនាំចេញ និងការផ្តត់ផ្គង់ក្នុងស្រុក។ បាតុភូតនេះ បែរជាហុចឱកាសដល់កសិករកម្ពុជាទៅវិញ ដ្បិតឈ្មួញវៀតណាមបានមកទិញស្រូវឱ្យតម្លៃខ្ពស់ជាងរាល់ឆ្នាំ ពោលគឺលោះដល់ខ្ទង់មួយពាន់រៀលក្នុងមួយគីឡូ ដែលសព្វដងបានត្រឹមខ្ទង់ ៨០០រៀលតែប៉ុណ្ណោះ ដើម្បីវៀតណាមបង្គប់ការនាំចេញ និងការផ្តត់ផ្គង់តម្រូវការក្នុងស្រុករបស់គេ។

តែក្តីរីករាយរបស់កសិករខ្មែរនេះពុំបានស្ថិតយូរនោះទេ ព្រោះរដូវប្រមូលផលស្រូវឆ្នាំនេះប្រទេសវៀតណាមមិនបានសម្រុកមកទិញស្រូវប្រភេទនេះទៀត ខណៈកាសែតវៀតណាម អ៊ិចសហ្សេស ថ្មីៗនេះរាយការណ៍ថា ប្រទេសអង្ករ OM ក្នុងប្រទេសវៀតណាមក៏ធ្លាក់ថ្លៃដូចគ្នា។

 

កសិករកំពង់ប្រមូលផលស្រូវ។រូបភាពពីយុវជនខេត្តកំពង់ធំ។រូបភាពពីហ្វេសប៊ុក។

បើតាមលោក ឃឹម ហ្វីណង់​ អ្នកនាំពាក្យក្រសួងកសិកម្មកាលពីថ្ងៃម្សិលមិញបានបង្ហោះព័ត៌មានពីកាសែតប្រទេសក្បែរខាងដែលតែងមកទិញស្រូវពីកសិកម្មកម្ពុជាថា ប្រភេទស្រូវបាក់ចុង ៥% បានធ្លាក់ថ្លៃពី ៦៦៣ដុល្លារក្នុងមួយតោនកាលពីឆ្នាំមុន មកត្រឹមតែ ៤៣៤ ដុល្លារតែប៉ុណ្ណោះ។ ស្ថានភាពនេះ បើតាមកាសែតវៀតណាម VnExpress កើតឡើងស្របពេលដែលមាននិន្នាការធ្លាក់ចុះប្រហាក់ប្រហែលគ្នានេះនៅក្នុងប្រទេសនាំចេញអង្ករផ្សេងទៀតផងដែរ ដូចជានៅ ថៃធ្លាក់មកត្រឹម ៤៧៩ដុល្លារ ប្រទេសឥណ្ឌា ៤៤០ដុល្លារ និងប៉ាគីស្ថាន ៤៤៨ដុល្លារ។ កាសែតនេះព្យាករណ៍ទុកមុនថា ស្ថានភាពនេះអាចត្រូវគេរំពឹងទុកថា ថ្លៃអង្ករនឹងមាននិន្នាការបន្តធ្លាក់ចុះបន្ថែមទៀតនៅក្នុងឆ្នាំ២០២៥នេះ។

មូលហេតុនៃការធ្លាក់ចុះថ្លៃអង្ករលើទីផ្សារអន្តរជាតិនេះ ដោយសារតែប្រទេសធំៗដែលធ្លាប់នាំចូលអង្ករដូចជា ហ្វីលីពីន និងឥណ្ឌូណេស៊ី បានកាត់បន្ថយការទិញអង្ករពីបណ្តាប្រទេសមួយចំនួនមកស្តុកទុកយ៉ាងគំហុកដូចមុនទៀត។

ក្នុងកិច្ចសម្ភាន៍មួយជាមួយអ្នកសារព័ត៌មានកាលពីចុងឆ្នាំ២០២៤ថ្មីៗនេះ លោក ឃឹម ហ្វីណង់ បានពន្យល់ពីអត្ថប្រយោជន៍នានា នូវការដាំដុះផលិតស្រូវអង្ករប្រភេទសែនក្រអូប និងផ្ការំដួល ដែលជាពូជស្រូវយុទ្ធសាស្រ្តរបស់កម្ពុជា ដោយអាចធានាបានតម្លៃល្អ មិនឡើងចុះខ្ពស់ពេកដូចស្រូវពូជពីបរទេស។ ម្យ៉ាងរដ្ឋាភិបាលមានគោលនយោបាយកាត់បន្ថយហានិភ័យ ពោលគឺអន្តរាគមន៍ភ្លាមៗបើសិនស្រូវប្រភេទយុទ្ធសាស្រ្តជួបបញ្ហាធ្លាក់ថ្លៃ។

លោក ឃឹម ហ្វីណង់៖«ជាយុទ្ធសាស្រ្តយើងលើកទឹកចិត្តឱ្យកសិករពិចារណាក្នុងការប្រើប្រាស់ពូជយុទ្ធសាស្រ្តរបស់កម្ពុជា តែយើងមិនហាមឃាតកសិករមិនឱ្យប្រើប្រាស់ពូជដទៃទេ តួយ៉ាងយើងក៏មិនទាន់មានយកកែច្នៃស្រូវដែលយើងផលិតបានទៅជាអង្ករ១០០%ដែរ។ ហើយយើងក៏នៅត្រូវការនាំចេញស្រូវមួយចំនួនទៅប្រទេសផ្សេង ហើយខេត្តមួយចំនួនកសិករទម្លាប់ធ្វើស្រូវលក់ឱ្យឈ្មួញជិតខាងទៅហើយចឹងយើងមិនហាមទេ។ ជាគោលការណ៍របស់ក្រសួងលើកទឹកចិត្តឱ្យប្រើពូជស្រូវយុទ្ធសាស្រ្ត ដោយសារពូជរបស់យើង យើងអាចកែច្នៃនាំចេញបាន ពេលដែលយើងប្រើពូជរបស់គេភាគច្រើនយើងលក់ជាស្រូវ លក់ទាំងសើមហើយលក់ទៅក្រៅ ដោយយើងមិនអាចកែច្នៃលក់ពូជរបស់គេចេញបាននោះទេ»។

លោក ឃឹម ហ្វីណង់​ អ្នកនាំពាក្យក្រសួងកសិកម្ម។រូបភាពពីហ្វេសប៊ុកក្រសួងកសិកម្ម។

លោក ឃឹម ហ្វីណង់ បន្ថែមថា៖«ទីពីរបើកសិករប្រើប្រាស់ពូជរបស់យើង ពេលមានបញ្ហាយើងអាចអន្តគមន៍បានច្រើនដោយសារយើងមានគោលនយោបាយគាំទ្រ ទីមួយយើងមានកម្មវិធីស្ថិរភាពថ្លៃនេះ បើសិនមានបញ្ហាយើងបញ្ចេញថវិកាទៅរោងម៉ាស៊ីនទិញស្រូវ ប្រតិកម្មភ្លាមដើម្បីកុំឱ្យវាឡើងថ្លៃពេកក្នុងករណីមានបញ្ហាសន្តិសុខស្បៀង និងទប់វាកុំឱ្យធ្លាក់ថ្លៃទាបពេកនាំឱ្យប៉ះពាល់មុខរបរប្រចាំថ្ងៃរបស់កសិករយើង។តែគោលនយោបាយនេះ យើងធ្វើតែក្នុងករណីចាំបាច់តែប៉ុណ្ណោះ ហើយយើងធ្វើបានតែពូជរបស់យើងទេ។ចឹងបើយើងពិនិត្យមើលជារួមវិញ ឃើញថាពូជយុទ្ធសាស្រ្តរបស់យើងនេះ ​ស្ថិតក្នុងកម្រិតមួយមានស្ថិរភាពថ្លៃ។ ផ្ការំដួល និងសែនក្រអូបនេះ ក្នុងតម្លៃក្នុងរង្វង់១២០០រៀល ឬ១៣០០រៀល និង១៤០០រៀល មិនធ្លាក់ទាបពេកនោះទេតែក៏មិនឡើងហួសហេតុពេកទេ។ តែផ្ទុយទៅវិញបើយើងប្រើប្រាស់ពូជរបស់ប្រទេសដទៃ ការឡើងចុះច្រើន។ ពូជ OM នេះយើងឃើញថា ពេលធ្លាក់ធ្លាក់ដល់ ៨០០រៀល ​ពេលឡើងឡើងដល់១ពាន់រៀលជាង»។

ប្រឈមមុខវិបត្តិធ្លាក់ថ្លៃស្រូវដដែរជាដដែររបស់កម្ពុជានេះ បើតាមអ្នកជំនាញផ្នែកកសិករគឺដោយសារតែកសិកម្មពឹងអាស្រ័យលើតែប្រទេសជិតខាងពេក ពោលគឺប្រទេសវៀតណាម និងថៃ។ បើតាមអ្នកជំនាញនៅពេលកម្ពុជា ពុំសូវមានទីផ្សារនាំចេញច្បាស់លាស់បែបនេះ នោះប្រទេសជិតខាងអាចក្រឡុកតម្លៃស្រូវរបស់កសិករខ្មែរដែលប្រឹងផលិតតាមទំនើងចិត្ត ក្រោមហេតុផលទីផ្សារអន្តរជាតិធ្លាក់។

ជាដំណោះស្រាយពីអ្នកជំនាញកសិកម្ម ដើម្បី​ដោះស្រាយ​បញ្ហា​ទាំង​នេះ ​ក្រសួង​គួរតែ​បង្កើន​ការ​ផ្សព្វ​ផ្សាយ​ដល់​ប្រជា​ពលរដ្ឋ​អំពី​ការ​ជ្រើសរើស​ពូជ​ស្រូវ​​សមស្រប​តាមប្រភេទ​ដី ​​ណែនាំ​​បច្ចេកទេស​ដាំដុះ​ ដើម្បី​ឱ្យ​ទិន្ន ផល​ស្រូវ​ទទួល​បាន​ច្រើន​ និង​មាន​តម្លៃ​ខ្ពស់ពេល​លក់​ចេញ​ ជាជាង​ការ​ពឹង​ផ្អែក​លើ​ទីផ្សារ​ប្រទេស​ជិត​ខាង។

មិនខុសគ្នាឆ្ងាយពីបំណងរបស់ក្រសួងកសិកម្មនោះទេ គឺតាមរយៈវីដេអូដែលសម្ភាសន៍កសិករសង្កាត់រកាកណ្តាល ក្រុងក្រចេះ លោក គង់ សាមឿន លើទំព័រហ្វេសប៊ុកក្រសួងកសិកម្មកសិកររូបនេះ សន្យាថាងាកមកបង្កបង្កើនផលពូជស្រូវខ្មែរវិញ ដោយចង់បញ្ចប់និងជៀសឱ្យបានក្រញាំឈ្មួញចាប់ក្រឡុកទីផ្សារកសិករតាមអំពើចិត្ត។

លោក គង់ សាមឿន៖«​ដោយឡែកខ្ញុំ ខ្ញុំធ្វើសែនក្រអូបហើយធ្វើដើរមុខគេតែម្តង​ ធ្វើទាំងអស់ហ្មងដីខ្ញុំ ៦ ហិកតាហ្នឹងធ្វើទាំងអស់ហ្មងជាគំរូគេ ហើយឱ្យកូនៗធ្វើទាំងអស់ហ្មង ដោយសារលោកខាងមន្ទីរកសិកម្មគាត់ថា ​ជួយទិញស្រូវសែនក្រអូបបានថ្លៃ។ ខ្ញុំផ្តាំផ្ញើដល់កសិករយើងទាំងអស់ត្រូវគិតគូរ ​ត្រូវវិភាគថា ស្រូវក្នុងស្រុកយើងដែលរដ្ឋទទួលស្គាល់គឺស្រូវសែនក្រអូបហ្នឹង ដូចជាកូន និងម៉ែឪ ដែលម៉ែឪមិនឱ្យយើងស្លាប់ទេ ឥឡូវយើងធ្វើពូជស្រូវសែនក្រអូបទៅ»។

លោក គង់ សាមឿន ផ្តល់បទសម្ភាសន៍ជូនអ្នកសារព័ត៌មាន។រូបភាពពីហ្វេសប៊ុកក្រសួងកសិកម្ម។

Share

ព័ត៌មានទាក់ទង