en     km
en     km

អាជ្ញាធរមីនស្នើពន្យារពេលបោសសម្អាតមីនក្រោមអនុសញ្ញាអូតាវ៉ា ដោយសារខ្វះធនធាន

Share

អាជ្ញាធរមីនកម្ពុជាសម្រេចបន្តពន្យារពេលបោសសម្អាតមីនក្រោមក្របខ័ណ្ឌអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងនឹងមនុស្សធម៌ជាលើកទី៣ បន្ទាប់ពីខកខានរយៈពេល ២លើកមកហើយ។ តាមការលើកឡើងរបស់អាជ្ញាធរមីន កម្ពុជាបានជួបបញ្ហាមួយចំនួន ដែលក្នុងនោះទាក់ទិននឹងកង្វះធនធាន និងទំហំផ្ទៃដីយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលធ្វើឱ្យសកម្មភាពសម្អាតមីននៅលើដីកម្ពុជាទាំងអស់ពុំអាចសម្រេចបាននៅឆ្នាំ២០២៥។

(កញ្ញា កែវ សុជាតា រាយការណ៍)

 

លោក លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ នៃអាជ្ញាធរមីន បានឱ្យដឹងនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ថា អាជ្ញាធរមីនកំពុងត្រៀមសេចក្តីព្រាងដើម្បីដាក់សំណើសុំពន្យារពេលបោសសម្អាតមីនលើកទី៣ ដែលនឹងមានរយៈពេលចាប់ពីឆ្នាំ ២០២៦-២០៣០ ក្រោមក្របខ័ណ្ឌអនុសញ្ញាអូតាវ៉ា ដែលជាអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងនឹងមនុស្សធម៌។ កម្ពុជាធ្លាប់ស្នើសុំពន្យារពេលបោសសម្អាតមីន២លើករួចហើយ ដោយលើកទី១ ចាប់ពីឆ្នាំ២០១០-២០១៩ និងលើកទី២ ពីឆ្នាំ២០២០-២០២៥។ តាមការបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់លោក សំណើស្នើសុំផ្អាកសកម្មភាពសម្អាតមីនលើកទី២កន្លងទៅ ធ្វើឡើងបន្ទាប់ពីកម្ពុជាជួបបញ្ហាប្រឈមដូចជា កង្វះធនធាន និងការកើនឡើងនៃទំហំផ្ទៃដីដលសង្ស័យថាមានមីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ពិសេសការស្រាវជ្រាវថ្មីដែលរកឃើញពីតំបន់មួយចំនួន ដែលក្នុងនោះមាននៅតាមបណ្តោយខេត្តជាប់ព្រំដែនខ្មែរ-ថៃ។

លោក លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ នៃអាជ្ញាធរមីន

 

អនុសញ្ញាអូតាវ៉ា គឺជាអនុសញ្ញារបស់អង្គការសហប្រជាជាតិស្តីពីការហាមឃាត់ ការប្រើប្រាស់ ការដឹកជញ្ជូន ការស្តុកទុក និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្សលោក។ អនុសញ្ញាអូតាវ៉ា ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៩  មានរដ្ឋភាគីចំនួន១៦៤ប្រទេស មានអង្គការសង្គមស៊ីវិលជាច្រើន ជាសមាជិក និងជាដៃគូ ដែលក្នុងនោះកម្ពុជាបានក្លាយរដ្ឋភាគីនៅឆ្នាំ២០០០។ អនុសញ្ញាអូតាវ៉ានេះទៀតសោត មានគោលដៅបញ្ចប់នូវទុក្ខសោកវេទនារបស់ប្រជាពល រដ្ឋនៅលើពិភពលោក ដោយមនុស្សជាច្រើនលាននាក់ត្រូវបានគេចផុតពីសំណល់ជាតិផ្ទុះ ដែលបង្កឡើងដោយសំណល់ជាតិផ្ទុះពីសង្គ្រាម និងបានរំដោះនិងបោសសំអាតមីននៅក្នុងដីជាងរាប់ពាន់គីឡូម៉ែត្រក្រឡាជូនប្រជាពលរដ្ឋដើម្បីប្រើប្រាស់។

គិតត្រឹមខែមីនា ឆ្នាំ២០២៥ កម្ពុជានៅសល់ផ្ទៃដីមានមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម សរុបមានចំនួន ១,៦៩៧គីឡូម៉ែត្រក្រឡា ក្នុងនោះផ្ទៃដីមានមីនមាន ៤៦៩គីឡូម៉ែត្រក្រឡា គ្រាប់បែកចង្កោមមាន ៦៨១គីឡូម៉ែត្រក្រឡា និងសំណល់ជាតិផ្ទុះពីសង្រ្គាម ៥៤៧គីឡូម៉ែត្រក្រឡា។ នៅក្នុងឱកាសបើកកិច្ចប្រជុំអន្តរក្រសួងលើកិច្ចពិភាក្សាអំពីទិដ្ឋភាពរួមសកម្មភាពមីននិងសេចក្តីព្រាងគោលនយោបាយជាតិសកម្មភាពមីន ២០២៦-២០៣៥ លោក លី ធុជ បានលើកឡើងដែរថា សកម្មភាពបោសសំអាតមីនរបស់អាជ្ញាធរមីនចន្លោះឆ្នាំ ២០១៨-២០២៥ គឺទទួលបានសមិទ្ធផលគួរជាទីកត់សម្គាល់ ដ្បិតបានរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលកម្ពុជា។

សកម្មភាពដោះមីន។ រូបភាព៖ លី ធុជ

 

ជំនួយមនុស្សធម៌USAIDរបស់សហរដ្ឋអាមេរិកត្រូវបានបង្កករយៈពេល៩០ថ្ងៃ ដែលធ្វើឱ្យប៉ះពាល់ដល់ប្រសិទ្ធភាពការងាររបស់អាជ្ញាធរមីន ដែលតែងទទួលជំនួយពីគម្រោងនេះ។ ជាមធ្យម ថវិកាសហរដ្ឋអាមេរិកមានប្រមាណ៣០% នៃថវិកាសរុបគាំទ្រសកម្មភាពមីននៅកម្ពុជា ប្រចាំឆ្នាំ ដោយមួយចំនួនធំត្រូវបានបែងចែកសម្រាប់បោសសម្អាតគ្រាប់បែកចង្កោម និងមួយចំនួនទៀត សម្រាប់បោសសម្អាតមីន និងសកម្មភាពពាក់ព័ន្ធ។ ក្នុងន័យនេះ ការបោសសម្អាតមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាមផ្សេងទៀត នៅតែបន្តដំណើរការជាមួយនឹងការគាំទ្រថវិកា ពីរាជរដ្ឋាភិបាលកម្ពុជា និងប្រទេសផ្ដល់ជំនួយផ្សេងទៀត ក្រៅពីសហរដ្ឋអាមេរិក៕

Share

ព័ត៌មានទាក់ទង