en     km
en     km

ស្រុកមោងឫស្សី៖ សិស្សជាប់បាក់ ឌុបសម្រុកមកដាក់ពាក្យប្រឡងគ្រូច្រើន

Share

បាត់ដំបង៖ យោងតាមមន្រ្តីឃុំតាលាស់ ស្រុកមោងឫស្សី ខេត្តបាត់ដំបងឱ្យដឹងថា ចាប់តាំងពីការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៩ បានបញ្ចប់ សិស្សដែលប្រឡងជាប់បានសម្រុកមកដាក់ពាក្យប្រឡងគ្រូច្រើនគួរឱ្យគត់សម្គាល់។

មន្រ្តីជំនួយការឃុំតាលាស់ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ទទួលបន្ទុកបោះត្រាលើពាក្យសុំប្រឡងគ្រូរបស់បេក្ខជនបានឱ្យដឹងថា រយៈពេលចុងក្រោយនេះសិស្សដែលទើបប្រឡងជាប់ឌុប បានមកសុំពាក្យប្រឡងគ្រូច្រើនគួរឱ្យគត់សម្គាល់។ ជំនួយការរូបនេះឱ្យដឹងថា ក្នុងមួយថ្ងៃសិស្សដែលមកសុំបោះត្រាទទួលស្គាល់ពីឃុំមានយ៉ាងតិចជាង ១០នាក់ ហើយចំនួនសរុបគិតត្រឹមថ្ងៃទី២០ កញ្ញាមានប្រមាណជាង៥០នាក់។ ជាការកត់សម្គាល់ដាច់ដោយឡែកមួយទៀត សិស្សភាគច្រើនបានមកដាក់ពាក្យប្រឡងគ្រូបឋមមានចំនួនច្រើន។

កញ្ញា ឆូន ដានី ជំនួយការឃុំតាលាស់ កំពុងចុះបញ្ជី និងបោះត្រាលើពាក្យសុំប្រឡងគ្រូរបស់បេក្ខជនដែលបានមកដាក់ពាក្យ។

យុវតី ច័ន្ទ រតនាធី រស់នៅភូមិស្តីស្ទឹង ឃុំតាលាស់ ស្រុកមោងឬស្សី ខេត្តបាត់ដំបង ដែលបានដាក់ពាក្យប្រឡងគ្រូបានឱ្យដឹងថា អាជីបជាគ្រូបង្រៀននេះជាជំនាញមួយដែលខ្លួនស្រលាញ់ ហើយប្រាថ្នាចង់ក្លាយជាគ្រូមួយរូបដ៏ល្អ អាចជួយសង្គមជាតិតាមរយៈការផ្តល់ចំណេះដឹងដល់ក្មេងៗ។

យុវតីដែលទើបប្រឡងជាប់បាក់ឌុបរូបនេះបន្តថា បើទោះបីជាប្រាក់បៀវត្សគ្រូបង្រៀននៅមានកម្រិតនៅឡើយ តែបញ្ហានេះមិនមែនជាឧបសគ្គរារាំងបំណងប្រាថ្នារបស់ខ្លួននោះទេ ដោយកញ្ញាមានការជួយជំរុញលើកទឹកចិត្តពីក្រុមគ្រួសារផងដែរ។

យុវតី ច័ន្ទ រតនាធី កំពុងដាក់ពាក្យប្រឡងគ្រូបឋម។រូបភាព ឆូន ដានី យុវជនខេត្តបាត់ដំបង។

យុវតី រតនាធី ដាក់ក្តីរំពឹងថា ខ្លួននឹងអាចក្លាយជាចំណែកមួយជួយដល់ការអភិវឌ្ឍន៍វិស័យអប់រំនៅកម្ពុជា ពិសេសនៅតំបន់ដាច់ស្រយាល ដែលកុមារក្រីក្រនៅពុំទាន់ទទួលបានការអប់រំពេញលេញនៅឡើយ។

ដោយឡែកយុវជន ម៉េង ដាវីន រស់នៅភូមិស្ទឹងថ្មី ឃុំតាលាស់ ស្រុកមោងឬស្សី ខេត្តបាត់ដំបង បានប្រាប់ពីអារម្មណ៍របស់ខ្លួនមកកាន់ក្រុមការងារពីការដាក់ពាក្យប្រឡងគ្រូបឋម នឹងអនុវិទ្យាល័យថា លោកចង់ចូលរួមអប់រំក្មេងៗជំនាន់ក្រោយ ហើយអាជីបជាគ្រូបង្រៀនជាក្តីស្រមៃតាំងពីកុមារភាពមកម្ល៉េះ ពិសេសគឺចង់ក្លាយជាគ្រូកីឡា។

មួយវិញទៀតការសម្រេចចិត្តដាក់ពាក្យប្រឡងគ្រូនេះ ក៏មានការជំរុញលើកទឹកចិត្តពីបងប្អូន ឳពុកម្តាយនិងមិត្តភក្តិផងដែរ។ ឆ្លើយនឹងសំនួរពីប្រាក់ខែគ្រូបង្រៀននៅមានកម្រិតតិចតួច យុវជន ម៉េង ដាវីន តបថា ខ្លួននឹងឆ្លៀតពេលពីការបង្រៀនធ្វើការងារផ្សេងៗដើម្បីទទួលបានកម្រៃរួមផ្សំដោះស្រាយជីវភាពបន្តក្តីស្រមៃមួយនេះទៅមុខ។

យុវជន ម៉េង ដាវីន មកបំពេញពាក្យប្រឡងគ្រូ ដែលខ្លួនចង់ក្លាយជាគ្រូកីឡា។រូបភាព ឆូន ដានី យុវជនខេត្តបាត់ដំបង។

ជាចុងក្រោយយុវជន ដាវីន យល់ឃើញថា វិស័យអប់រំនៅកម្ពុជាកំពុងបោះជំហានកាន់តែល្អប្រសើរឡើងពួកការប្រឡងកន្លងទៅអ្នកចេះគឺជាប់ មិនលម្អៀង។ លោកសង្ឃឹមថា ទៅថ្ងៃមុខខ្លួននឹងអាចចូលរួមអភិវឌ្ឍន៍វិស័យអប់រំឱ្យកាន់តែខ្លាំងឡើង ដើម្បីអោយប្អូនៗជំនាន់ក្រោយជៀសផុតពីបញ្ហាគ្រឿងញៀនជាដើម។

សូមបញ្ជាក់ថា កាលបរិច្ឆេទផុតកំណត់ទទួលពាក្យប្រឡងគ្រូបឋមនៅថ្ងៃទី២១ តុលា ឆ្នាំ២០១៩។ ចាប់ផ្តើមប្រឡងថ្ងៃទី ២១ វិច្ឆិកា ឆ្នាំ២០១៩ ។ បេក្ខជនដែលប្រឡងជាប់នឹងត្រូវចូលរៀននៅសាលាគរុកោសល្យ និងវិក្រឹតការខេត្ត។ ចំណែកការប្រឡងគ្រួអនុវិទ្យា ល័យវិញ ផុតកំណត់ទទួលពាក្យនៅថ្ងៃទី១៨ កញ្ញា ឆ្នាំ២០១៩ ហើយត្រូវប្រឡងនៅថ្ងៃទី១៨ តុលាឆ្នាំ២០១៩។ បេក្ខជនប្រឡងជាប់ត្រូវចូលរៀននៅថ្ងៃទី១៥ វិច្ឆិកា ឆ្នាំ២០១៩ នៅមជ្ឍមណ្ឌលគរុកោសល្យភូមិភាគ៕

អត្ថបទខ្លីសរសេរដោយ  ឆូន ដានី យុវជនខេត្តបាត់ដំបង ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)។

Share

Image
Image
Image