បាត់ដំបង៖ យុវជនស្រុកមោងឫស្សី ខេត្តបាត់ដំបងចំនួន ១៥នាក់បានបង្ហាញចំណាប់អារម្មណ៍ថា ពួកគេរីករាយដែលបានចូលរួមវគ្គសិក្សាខ្លី ស្តីពី អក្ខរកម្មប្រពន្ធផ្សព្វផ្សាយព័ត៌មាន(MIL)ពីយុវជនបង្គោលក្នុងស្រុកមោងឫស្សី។
ក្នុងពេលសិក្សាយុវជនទាំងអស់បានចូលរួមយ៉ាងសកម្មក្នុងការងារជាក្រុម ហើយពួកគេមានភាពឆ្លាតវៃឆាប់យល់មេរៀនដែលយុវជនបង្គោលពន្យល់ និងអាចអនុវត្តបានរហ័ស។
យុវជនទាំង ១៥នាក់ បានឱ្យដឹងថា ពួកគេចូលចិត្តមេរៀនស្តីពីការកំណត់ឯកជនភាពដែលអាចការពារសុវត្ថិភាពគណនីហ្វេសប៊ុកមិនឱ្យជនខិលខូចចូលហេកបានងាយស្រួល។ ជាងនេះ ពួកគេអាចចេះផ្ទៀតផ្ទាត់ព័ត៌មានពិត ឬមិនពិតតាមរយៈវិធីសាស្រ្តមួយចំនួនដែលបានរៀនមុនសម្រេចចិត្តចែករំលែកលើបណ្តាញសង្គម។
សូមបញ្ជាក់ថា សកម្មភាពបង្រៀនវគ្គខ្លី ស្តីពី អក្ខរកម្មប្រពន្ធផ្សព្វផ្សាយពត៌មាន ហៅកាត់ថា MIL នេះធ្វើនៅក្នុងបរិវេណវត្តកោះកែវ ហៅវត្ត តាលាស់ចាស់ ស្ថិតក្នុងភូមិវត្តចាស់ ឃុំតាលាស់ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
វគ្គសិក្សា MIL នេះមានរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០១៩ ដោយក្រុមយុវជនបង្គោលស្រុកមោងឫស្សីចំនួន ៣ រូប បង្ហាត់បង្រៀនបន្តដល់យុវជនក្នុងឃុំតាលាស់ចំនួន ១៥ នាក់។
មេរៀនដែលក្រុមយុវជនបង្គោលបង្រៀនរយៈពេល ៤ថ្ងៃនេះរួមមាន៖
ដំណើរការនៃប្រព័ន្ធផ្សព្វផ្សាយដំណើរការផលិតព័ត៌មាន ,ការបែងចែកព័ត៌មានពិតនិងព័ត៌មានក្លែងក្លាយ, ស្គាល់ពីព័ត៌មានដែលមានគុណភាពនិងគ្មានគុណភាព ,មានមូលដ្ឋានគ្រឹះក្នុងការពិចារណាលើព័ត៌មានមុនចែករំលែកព័ត៌មានទៅអ្នកដដៃ ,ដឹងពីផលអវិជ្ជមាននៃព័ត៌មានក្លែងក្លាយ និងចុងក្រោយយុវជននឹងអាចសរសេរព័ត៌មានខ្លីៗជុំវិញរឿងរ៉ាវក្នុងសហគមន៍ ដើម្បីជំរុញឱ្យមានការផ្លាស់ប្តូរជាវិជ្ជមានក្នុងសហគមន៍។
ក្នុងសកម្មភាពបង្រៀនស្តីពី MIL នេះ យុវជនបង្គោលបានបែងចែកយុវជនទាំង ១៥ នាក់ធ្វើការងារជាក្រុមតូចៗ ការធ្វើបទបង្ហាញ និងលេងល្បែងកំសាន្តនានាទាក់ទងនឹងមេរៀន MIL នេះ។
បច្ចុប្បន្នមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) បានបើកវគ្គបណ្តុះបណ្តាល ស្តីពី អក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (Medial Literacy) ដែលបានបណ្តុះបណ្តាលដល់យុវជនក្នុងខេត្តបាត់ដំបង និងខេត្តកំពង់ធំ សរុបចំនួន ៤៥នាក់ ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)៕
ខាងក្រោមនេះជាសកម្មភាពបង្រៀន និងការលេងល្បែងកំសាន្តក្នុងអំឡុងពេលរៀន៖
អត្ថបទខ្លីសរសេរដោយ ឆូន ដានី យុវជនខេត្តបាត់ដំបង ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)។