loader

យុវជនឃុំឈូកខ្សាច់ទទួលចំណេះដឹងផ្នែកព័ត៌មាន(MIL)ពីយុវជនបង្គោល

កំពង់ធំ៖ យុវជនសហគមន៍ចំនួន ១៥នាក់ មកពីឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានទទួលការបណ្តុះបណ្តាល ស្ដីពី អក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយហៅកាត់ថា(MIL) ពីយុវជនបង្គោលស្រុកបារាយណ៍ រយៈពេល ៤ ថ្ងៃ ពីថ្ងៃទី ០៦ដល់ថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ២០១៩​។

យុវជនបង្គោលស្រុកបារាយណ៍បង្រៀនដល់យុវជនឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ រូបភាព គឹម សុទ្ធី គ្រូបង្គោលរបស់WMC

ក្រោយពីបានសិក្សា MIL រយៈពេល ៤ ថ្ងៃនេះ យុវជនទាំង ១៥នាក់ឱ្យដឹងថា ពួកគេអាចយល់ដឹងពីដំណើរការនៃប្រព័ន្ធផ្សព្វផ្សាយ ដឹងពីដំណើរការផលិតព័ត៌មាន ចេះបែងចែកព័ត៌មានពិត និងព័ត៌មានក្លែងក្លាយ ស្គាល់ពីព័ត៌មានដែលមានគុណភាព និងគ្មានគុណភាព អាចមានមូលដ្ឋានក្នុងការពិចារណាមុនចែករំលែកព័ត៌មានទៅអ្នកដដៃ និងដឹង ពីផលអវិជ្ជមាននៃព័ត៌មានមិនពិត។

យុវជនឃុំឈូកខ្សាច់ឡើងធ្វើបទបង្ហាញក្នុងវគ្គMIL ។ រូបភាព គឹម សុទ្ធី គ្រូបង្គោលរបស់WMC

យុវជនវ័យក្មេងទាំង​ ១៥ នាក់បានបេ្តជ្ញាថា នឹងប្រឹងប្រែងរុករករឿងរ៉ាវ ឬបញ្ហាដែលកើតមានក្នុងសហគមន៍ផលិតជាព័ត៌មាន ដើម្បីឱ្យអ្នកពាក់ព័ន្ធបានដឹងហើយឈានទៅរកដំណោះស្រាយ និងអភិវឌ្ឍន៍សហគមន៍បានល្អប្រសើរនាថ្ងៃអនាគត។

ជាការកត់សម្គាល់របស់យុវជនបង្គោលស្រុកបារាយណ៍ និងគ្រូបង្គោលនៃមណ្ឌលព័ត៌មាន ស្រ្តីកម្ពុជា(WMC​) បានឱ្យដឹងថា យុវជនទាំង ១៥នាក់ សុទ្ធសឹងជាយុវជនវ័យក្មេងមានភាពឈ្លាសវៃ ឆាប់យល់ពីមេរៀន ហើយមានភាពសកម្ម ចូលចិត្តចូលរួមជាក្រុម ពិសេសឆ្លាតវៃក្នុងការប្រើប្រាស់បណ្តាលសង្គម(Facebook)បានល្អប្រសើរ។​

យុវជនកំពុងធ្វើកិច្ចការជាក្រុមត្រៀមឡើងធ្វើបទបង្ហាញ។ រូបភាព គឹម សុទ្ធី គ្រូបង្គោលរបស់WMC

វគ្គបណ្តុះបណ្តាលខាងលើនេះ ជាការចែករំលែក និងផ្ទេរចំណេះដឹងពីយុវជនស្រុកបារាយណ៍ទៅកាន់យុវជនឃុំឈូកខ្សាច់ ហើយនៅឆ្នាំ ២០២០ យុវជនស្រុកបារាយណ៍ដែលទទួលបានចំណេះដឹងMILពីWMCនឹងបន្តចែករំលែកចំណេះដឹងស្តីពីប្រព័ន្ធផ្សព្វផ្សាយ (MIL)នេះទៅយុវជនក្នុងឃុំចំនួន ២ ទៀតក្នុងស្រុកបារាយណ៍ ក្រោមកិច្ចសម្របសម្រួលពីគ្រូបង្គោលនៃមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC)។

វគ្គបណ្ដុះបណ្ដាលនេះ ប្រព្រឹត្តទៅនៅក្នុងបរិវេណសាលាមត្តេយ្យសហគមន៍ឈូកខ្សាច់ ស្ថិតនៅភូមិឈូកខ្សាច់ ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

យុវជនបង្គោលស្រុកបារាយណ៍កំពុងបង្រៀនពីសុវត្ថិភាពរបស់Facebook។ រូបភាព គឹម សុទ្ធី គ្រូបង្គោលរបស់WMC

យុវជនទាំង ១៥ នាក់ដែលមកពីបីភូមិ គឺភូមិសិរីសុខុម ភូមិផ្លូវទ្រាស និងភូមិឈូកខ្សាច់ ស្ថិតក្នុងឃុំឈូកខ្សាច់ លើកឡើងប្រហាក់ប្រហែលគ្នាថា វគ្គបណ្តុះបណ្តាលស្តីពីប្រព័ន្ធផ្សព្វផ្សាយឬ MILនេះ ជាចំណេះដឹងថ្មីមួយដែលពួកគេមិនធ្លាប់ជួប និងជាមេរៀនគួរឱ្យចាប់អារម្មណ៍។

សូមបញ្ជាក់ថា ប​ច្ចុប្បន្នមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) បានបើកវគ្គបណ្តុះបណ្តាល ស្តីពី អក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (Medial Literacy) ដែលបានបណ្តុះបណ្តាលដល់យុវជនក្នុងខេត្តបាត់ដំបង និងខេត្តកំពង់ធំ សរុបចំនួន ៤៥នាក់ ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)៕

ខាងក្រោមនេះជារូបភាពសកម្មភាពក្នុងវគ្គបណ្តុះបណ្តាលស្តីពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ (MIL) នៅឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ៖

អត្ថបទខ្លីសរសេរដោយ ពោ គឹមសេង យុវជនខេត្តកំពង់ធំ ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)។

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

យុវជន ហុក ដេប៉ូ៖ ការងារអភិវឌ្ឍន៍សហគមន៍ត្រូវការការចូលរួមពីយុវជន

កំពង់ធំ៖ កាន់រនាស់ក្នុងដៃកាយស្រូវហាសមុខផ្ទះយុ[...]

បាត់ដំបង៖ កសិករឆ្លាតវៃធ្វើកសិកម្មចម្រុះសម្របខ្លួនតាមអាកាសធាតុប្រែប្រួល

បាត់ដំបង៖ កសិករមួយចំនួនក្នុងស្រុកមោងឫស្សី ខេត[...]

ផ្លែននោងល្អប្លែកប្រវែង ១.៥៧ ម៉ែត្រផលបានពីការប្រើជីធម្មជាតិរបស់អ្នកស្រុកមោងឫស្សី

បាត់ដំបង៖ រឿងមិនគួរឱ្យជឿ តែវាជាការពិត ដែលកសិក[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត